ចង់បាន​ប្រពន្ធ​ដល់ក ឪពុក​ម្តាយ​មិន​ទាន់​ចូល​ស្តី ចិត្ត​ស្លុយ​ចង​.​ក​ធ្វើ​អត្តឃាត

ចង់បាន​ប្រពន្ធ​ដល់ក ឪពុក​ម្តាយ​មិន​ទាន់​ចូល​ស្តី ចិត្ត​ស្លុយ​ចង​.​ក​ធ្វើ​អត្តឃាត



ខេត្ត​ត្បូងឃ្មុំ ៖ ជាងសំណង់​ម្នាក់​ហេតុតែ​ស្រលាញ់​កូនក្រមុំ​គេ​រហូត​ខ្លាច​បាន​ទៅ​អ្នក​ផ្សេង​ក៏​ឱ្យ​ម្តាយ​ឪពុក​ទៅ​ចូល​ស្តីដណ្តឹង តែ​មិន​ទាន់​បាន​ចូល​ចែវ​ចូ​វ​ផង ស្រាប់តែ​ទៅ​ចងក​ធ្វើ​អត្តឃាត​នៅ​ដើមឈើ​ក្រោយ​ផ្ទះ កាលពី​ល្ងាច
ថ្ងៃ​ទី​១៤ ខែមិថុនា តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ទើប​នាំ​គ្នា​រក​សព​ឃើញ ។

មន្ត្រី​នគរបាល​ស្រុក​ពញាក្រែក បានឱ្យ​ដឹង​ថា យុវជន​ដែល​ធ្វើ​អត្តឃាត​នេះ​ឈ្មោះ សាំង ពិសិដ្ឋ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក បាន​ចងក​សម្លាប់​ខ្លួន​ដោយ​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​នៅ​នឹង​ដើម​សង្កែ ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ។

មន្ត្រី​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ចងក​សម្លាប់​ខ្លួន​២​ទៅ​៣​ថ្ងៃ យុវជន​រូប​នេះ​មាន​ទឹកមុខ​ស្រងូតស្រងាត់​ខុស​ប្លែក​ពី​ធម្មតា ហើយ​មិនសូវ​និយាយ​ស្តី​អ្វី​ទេ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា មិនដឹង​ជា​បាត់​ទៅ​ទីណា ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​តាម​រក​គ្រប់​ទិស​ទី តែ​មិន​មាន​តម្រុយ​បន្តិច​ណា​សោះ សូ​ម្បី​តែ​សួរ​សាច់ញាតិ​ក៏​មិនដឹង​ដែរ ។ ក្រុម​គ្រួសារ​បាន​តាម​រក​រហូត​ដល់​យប់ តែ​ដោយ​រក​មិនឃើញ​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​មិន​អស់ចិត្ត​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ ខែមិថុនា ក៏​នាំ​គ្នា​ចេញ​តាម​រក​ម្តងទៀត ដោយ​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​រូប​នេះ​ចងក​ស្លាប់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ស្រាយចំណង​សែង​យក​មក​ផ្ទះ ហើយ​ពេល​ដឹង​ពី​ហេតុការណ៍​នេះ មន្ត្រី​ការិយាល័យ​បច្ចេកទេស​បាន​ចុះ​ទៅ​ពិនិត្យ​សព តែ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ​។ តាម​ការ​សន្និដ្ឋាន ការ​ស្លាប់​របស់​យុវជន​រូប​នេះ​គឺ​ដោយ​ចងក​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​រយៈ​ក្រុម​សាច់ញាតិ​មិន​មាន​អ្នក​ណា​ម្នាក់​បញ្ជាក់​ឱ្យ​ដឹង​ច្បាស់លាស់ ពី​មូលហេតុ​ដែល​ឈាន​រហូត​ដល់​យុវជន​ខាងលើ​ចងក​នោះ​ទេ តែបើ​តាម​ប្រភព​អ្នក​ជិតខាង​វិញ​បាន​លួច​បង្ហើប​ប្រាប់​សមត្ថកិច្ច​ថា យុវជន​រូប​នេះ​បាន​លួច​ស្រឡាញ់​កូនក្រមុំ​អ្នក​ភូមិ​ម្នាក់​ដែល​មាន​រូបឆោម​ស្អាត​គ្រាន់បើ និង​បាន​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ចូល​ស្តីដណ្តឹង តែ​ដោយ​ជីវភាព​មានការ​ខ្វះខាត​នោះ ឪពុក​ម្ដាយ​បាន​ឲ្យ​គេ​រង​ចាំ​បន្តិច​សិន ទម្រាំ​សន្សំ​លុយ​បាន​ចាំ​ទៅ​ចូល​ស្តីដណ្តឹង ។ ប៉ុន្តែ​កូនប្រុស​គិត​ខ្លី ក៏​ប្រល័យ​សង្ខារ​ដោយ​ការ​ធ្វើ​អត្តឃាត​តែ​ម្តង​ទៅ ព្រោះតែ​ស្រឡាញ់​ដល់ក​ទៅ​ហើយ ទីបំផុត​អ្វី​ៗ​ក៏​មិន​បាន ៕