យួន​នៅតែ​បំពាន​ជីក​ស្រះ​ក្នុងព្រៃ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

អ្នកតាមដាន​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បានលើកឡើង​ថា​រហូត​មកដល់ពេលនេះ​ភាគី​យួន​នៅតែ​បន្ត​រំលោភបំពាន​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ក្រសួងការបរទេស​ក​ម្ពុ​ជា បានធ្វើ​កំណត់​ទូត​មួយ​ថ្មី​ទៀត​ផ្ញើ​ទៅ​ស្ថានទូត​យួន​ប្រចាំ​កម្ពុជា ដើម្បី​ប្រាប់​រដ្ឋាភិបាល​យួន​ឲ្យ​បញ្ឈប់​ការជីក​ស្រះ​ក្នុង​ទឹកដី​កម្ពុជា​។ នៅក្នុង​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា​ក្រុមការងារ​ព្រំដែន​កម្ពុជា​និង​អាជ្ញាធរ​ខេត្តរតនគិរី បាន​រកឃើញ​ស្រះ​ទឹក​ចំនួន​៣​បន្ថែមទៀត​នៅក្នុង​ព្រៃ​ដែល​ជីក​ដោយ​ភាគី​យួន​។

​តាមរយៈ​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា ស្រះ​ទឹក​បន្ថែមទៀត​កំបាំង​ក្នុងព្រៃ​ដែល​ភាគី​យួន​បាន​ជីក​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​លេខ​៤០ ស្ថិតនៅ​ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅក្នុង​ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​។ ស្រះ​ទឹក​ទាំង​៣​នោះ​មាន​ទំហំ​ខុសៗ​គ្នា គឺ​ស្រះ​ទី​១​មាន​ទំហំ​១២​ម​គុណ​នឹង​១៨​ម ស្រះ​ទី​២​ទំហំ​១៤.៥​ម​គុណ​នឹង​១៧​ម ស្រះ​ទី​៣​មាន​ទំហំ​៥​ម​គុណ​នឹង​១៣​ម​។ កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ផ្ញើ​ទៅ​ស្ថានទូត​យួន បាន​ឲ្យ​ដឹង​ទៀតថា​ស្រះ​ទឹក​ទី​១​មាន​ចម្ងាយ​៣១៥​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន ស្រះ​ទឹក​ទី​២​មាន​ចម្ងាយ​៤២៥​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន ស្រះ​ទឹក​ទី​៣​មាន​ចម្ងាយ​ប្រមាណ​៣៩០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រសួងការបរទេស​កម្ពុ​ជា​បានស្នើ​តាមរយៈ​កំណត់​ទូត​ទៅកាន់​រដ្ឋាភិបាល​យួន​ឲ្យ​គោរព​តាម​ខ្សែ​ព្រំដែន​ដែល​ផែនទី​ប៉ោ​ន​ខ្នាត​១/១០០០០០ ដែលជា​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ ដែល​កំណត់​ពី​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​នឹង​យួន​។ ដោយឡែក​កាលពី​១២ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​ក្រសួងការបរទេស​កម្ពុ​ជា​បានធ្វើ​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​ស្ថានទូត​យួន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​បញ្ឈប់​ការជីក​ស្រះ​ទឹក​ចំនួន​៥​ក្នុង​ទឹកដី​កម្ពុជា​ម្ដង​រួចមកហើយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​បានបញ្ជាក់​ឲ្យ​ឃើញថា រហូតមកដល់​បច្ចុប្បន្ន​ភាគី​យួន​នៅតែ​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត ហើយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែលមាន​លោក វ៉ា គឹមហុង ជា​ប្រធាន​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ដែល​រស់នៅក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​គិតពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រហូតមកដល់​សព្វថ្ងៃ​នេះ​យួន​បាន​បំពាន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ហើយ​យួន​នៅតែ​ចូលមក​ជីក​ស្រះ​តាម​តំបន់​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ចាត់វិធានការ​ជាក់ស្ដែង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ភាគី​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ព្រោះ​លិខិត​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា មិនអាច​បញ្ចប់​សកម្ម​ភាព​របស់​ភាគី​យួន​បានឡើយ​៕

Water+pond+in+Ratanakiri vn_pond_150612-2015-06-23 1462015162726ddd