​ព្រៃ​នៅ​ភ្នំ​ខៀវ​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​ឈ្មួញ​មានអំណាច​បន្ត​កាប់​រាន​ដោយ​គ្មាន​ការទប់ស្កាត់​

​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ប៉ៃលិន​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនបាន​ទប់ស្កាត់​សកម្មភាព​កាប់​ព្រៃឈើ​ក្នុង​តំបន់ភ្នំ​ខៀវ​ឡើយ ហើយ​ថែមទាំង​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​កាប់​ឈើ​ជា​ថ្នូរ​ទទួលបាន​មកវិញ​ជា​ប្រាក់​សូកប៉ាន់​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅ​ជើងភ្នំ​ខៀវ​ក្នុង​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ត្រូវ​ជនខិលខូច បាន​បន្ត​កាប់​ទន្ទ្រានព្រៃ​យក​ដី​ដាំ​ដំណាំ ដោយ​មិន​គិត​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​នោះឡើយ ។​

សកម្មជន​បរិស្ថាន​នៅ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ឈើ​តូចធំ​នានា​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន​មិនអាច​ចូលទៅ​កាប់​បានឡើយ មានតែ​ប្រជាពលរដ្ឋ​មាន​ខ្នង​ជា​មេព្រៃ ឬ​ជាម​ន្ត្រី​បរិស្ថាន​ទើប​ហ៊ាន​ចូលទៅ​កាប់​រួច​លក់​ចែក​លុយ​គ្នា​។ ប្រភព​ដដែល​បាន​បន្ថែមថា បើ​ម៉ូតូ​ណា​មិន​បង់លុយ​ទេ មន្ត្រី​ជំនាញ​នឹង​រឹបអូស​យក​ម៉ូតូ និង​ឈើ​ទៅ​ដា​ក់នៅ​ប៉ុស្តិ៍​។ ដូច្នេះ​ព្រៃឈើ​នៅ​តំបន់ភ្នំ​ខៀវ​ត្រូវតែ​រលាយ​ដោយសារតែ​មន្ត្រី​អនុវត្តន៍​ច្បាប់​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភបំពាន​ច្បាប់​។​

លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ខាង​លោក​អត់​ដឹង​រឿង​ទេ ហើយ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាង​លោក​នឹង​ចាត់​មន្ត្រីក្រោមឱវាទ​ឱ្យ​ចុះទៅ​ត្រួតពិនិត្យ​។ តែ​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​រិះគន់ថា លោក គឹម សុខា ជា​មន្ត្រី​មានរឿង​អាស្រូវ​ពុករលួយ​ច្រើន​ករណី​ណាស់ និង​មាន​រយៈពេល​យូ​ឆ្នាំ​មកហើយ តែ​លោក គឹម សុខា នៅតែ​អាច​កាន់​មុខតំណែង​របស់ខ្លួន ហើយ​ក្រសួងបរិស្ថាន​ក៏​មិន​ចុះមក​ធ្វើការ​ស៊ើបអង្កេត​អ្វី​ដែរ​។​

ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​រិះគន់ថា មន្ត្រី​ជំនាញ​ភាគច្រើន​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ជំនាញ​របស់​ពួកគេ​ធ្វើ​មាន​ធ្វើបាន ហើយ​សារព័ត៌មាន​មួយចំនួន​មិនបាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​បានដឹង​នោះ​ទ ហើយ​ថែមទាំង​ជួយ​បិទបាំង​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដោយសារតែ​ការដឹកនាំ និង​គ្រប់គ្រង​មិន​ត្រឹមត្រូវ សព្វថ្ងៃនេះ​មាន​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ខេត្ត​ប៉ៃលិន ពិសេស​យុវជន បានធ្វើ​ចំណាកស្រុក​ទៅធ្វើជា​ពលករ​នៅ​ប្រទេស​សៀម​ដែល​បញ្ហា​ក៏​ដោយសារតែ​ក្នុង​ខេត្ត​ប៉ៃលិន​ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​៕

5ed9c163-5222-4d54-8a3d-f22dd35a3356