ព្រៃ​ក្បែរ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​៧២ ជា​កន្លែង​ឈ្មួញ​លាក់​ឈើ​ទុក​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន​

កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​រដ្ឋបាល​ព្រៃឈើ​និង​កម្លាំង​នគរបាល​ឃុំ​ប៉ក់​ញ៉ៃ បាន​ចុះ​រឹបអូស​ឈើ​សុ​ក្រំ​២៥​ដុំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ​ក្បែរ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​៧២ បម្រុង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ព្រៃ​ក្បែរ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​៧២ គឺជា​ទីតាំង​ដែល​ឈ្មួញ​លាក់​ឈើ​ប្រណីត​ទុក​សម្រាប់​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន ហើយ​កន្លងមក​ដោយសា​រ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បានឡើយ​។

ការ​រឹបអូស​ឈើ​សុ​ក្រំ​២៥​ដុំ​ក្នុងព្រៃ​ក្បែរ​ដី​សម្បទាន​សេ​ដ្ឋិ​ច្ច​ក្រុមហ៊ុន​៧២ ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា បាន​កើតឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឡំ រាយការណ៍​ប្រាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រសិនបើ​គ្មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ទេនោះ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​របស់​ពួកគេ​។ ប៉ុន្តែ​នៅពេល​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ទើប​ពួកគេ​បង្ក្រាប​យក​ស្នាដៃ និង​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ផងដែរ​។

គួរ​រំលឹក​ដែរ​ថា​កន្លងមក​ក្រសួងមហាផ្ទៃ ធ្លាប់​បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេសជិតខាង​ត្រូវ​បិទ​ច្រករបៀង​ឲ្យ​ខាន​តែ​បាន ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​លក់​នៅ​ប្រទេសជិតខាង​តទៅទៀត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី មិន​ចាត់​វិធាន​ការបិទច្រក​របៀង​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម ស្រុក​អូរ​យ៉ា​ដាវ នៅតែ​ត្រូវ​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​ឈ្មួញ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភ្នំ​ក្រហម គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​កម្លាំងយោធា​វរ​ការពារ​ព្រំដែន​លេខ​១០២​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​នាពេល​កន្លងមក​៕

soksa1124 855a327737cd79a19e3dac29cd33c286 - Copy