ឃាត់​ខ្លួន​មេខ្លោង​លួច​រថយន្ត​២​នាក់​ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម ​និង​រថយន្ត​២​គ្រឿង

ឃាត់​ខ្លួន​មេខ្លោង​លួច​រថយន្ត​២​នាក់​ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម ​និង​រថយន្ត​២​គ្រឿង



ភ្នំពេញ ​៖​ ក្រុម​ជនសង្ស័យ​ជា​មេខ្លោង​ ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​យ៉ាងសកម្ម​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​រថយន្ត​២​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​កាំភ្លើងខ្លី​ម៉ាក​ឡុក​មួយ​ដើម។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់​ក្រោម ខណ្ឌ​មានជ័យ។

លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌ​មានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ នៅ សុខ​ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​ជា​មេខ្លោង និង​ជា​ម្ចាស់​អាវុធ​) ឃាត់ខ្លួន​បាន​នៅ​ក្នុង​ផ្ទះសំណាក់​ខាងលើ​។ ទី​២-​ឈ្មោះ ស៊ុំ វិជ្ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់ទំនិញ​បោះ​ដុំ​មួយកន្លែង ដែល​មាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​លោក តេង ស៊ី​ណូ អធិការ​នគរបាល​រង​ខណ្ឌ​មានជ័យ​នោះ​ កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ប្រតិបត្តិការ​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ខាង​លើ​ជា​បន្តបន្ទាប់ ដោយ​ធ្វើការ​ដកហូត​បាន​រថយន្ត​ចំនួន​២​គ្រឿង គឺ​ម៉ាក​កាម​រី​ បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២Y-៩៤៣៧ មួយគ្រឿង និង​ម៉ាក CRV ពណ៌​សំបក​ឪឡឹក ​ពាក់ស្លាក​លេខ​ភ្នំពេញ​២D-៩៤៨៨ មួយគ្រឿង ​ព្រម​ទាំង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​កណ្តាល​១H-៦០២០ មួយគ្រឿង រួម​ទាំង​អាវុធ​ខ្លី​ម៉ា​កឡុក ពណ៌​ខ្មៅ មួយ​ដើម មាន​គ្រាប់​ចំនួន​១២​គ្រាប់។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឌឿ​ង រិទ្ធី អាយុ​៣១​ឆ្នាំ ​​ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​លេខ​១២ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ​ដែល​បាន​បាត់​រថយន្ត​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក CRV កាលពី​វេលា​ម៉ោង​២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦។ រហូតដល់​វេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​​​​ ក៏បាន​ប្រទះឃើញ​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត ដែលមាន​យីហោ ហេង ហេង នៅ​ម្តុំ​លូ​ប្រាំ ហើយក៏​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ទុក និង​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ក្រុម​ចោរលួច​រថយន្ត​ទាំង​២​នាក់​ខាងលើ​តែម្តង។​

ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំមក​ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត៕

 

ឃាត់​ខ្លួន​មេខ្លោង​លួច​រថយន្ត​២​នាក់​ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម ​និង​រថយន្ត​២​គ្រឿង

ឃាត់​ខ្លួន​មេខ្លោង​លួច​រថយន្ត​២​នាក់​ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម ​និង​រថយន្ត​២​គ្រឿង