ជម្រុះ AFC Cup៖ ណាហ្គា​វើ​ល ប៉ះ​ជើងឯក​ម៉ុង​ហ្គោ​លី និង​នេ​ប៉ាល់​ និពន្ធដោយ : ថ្មីៗ       June-17-2016, 11:35 am         130

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជម្រុះ AFC Cup៖ ណាហ្គា​វើ​ល ប៉ះ​ជើងឯក​ម៉ុង​ហ្គោ​លី និង​នេ​ប៉ាល់​​ក្លិប​ណាហ្គា​វើ​ល ជើងឯក​រង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ត្រូវ​ប្រឈម​ជាមួយ​ក្លិប Erchim FC របស់​ម៉ុង​ហ្គោ​លី និង​ក្លិប Three Star Club របស់​ណា​ប៉ាល់ នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៧ ។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​នៅ​ទីស្នាក់ការ AFC ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពូរ នា​ថ្ងៃ​សុក្រ ទី​១៧ ខែមិថុនា​។​

​ក្រុម​ចំនួន​៩​ដែល​មក​ក្របខណ្ឌ​កីឡាបាល់ទាត់​កម្រិត​ទាប ត្រូវ​ប្រកួតប្រជែង​គ្នា​សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៧ ដោយ​ការចាប់​ឆ្នោត​ត្រូវបាន​បែងចែក​ជា​បី​ពូ​ល ខណៈ​ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៦ ។​

​ណាហ្គា​វើ​ល ស្ថិតនៅក្នុង​ពូ​ល B ត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ Erchim FC ដែលជា​ជើងឯក​ក្របខណ្ឌ Mongolian National Premier League របស់​ម៉ុង​ហ្គោ​លី និង​ក្លិប Three Star Club ជើងឯក​ក្របខណ្ឌ Martyr's Memorial A-Division League របស់​នេ​ប៉ាល់​។

​សម្រាប់​ពូ​ល Dordoi រប​ស់គៀ​ហ្ស៊ី​ស​ស្ថាន ធ្វើជា​ម្ចាស់ផ្ទះ​ទទួល Casa Benfica របស់​ម៉ា​កាវ និង Rovers FC របស់​ហ្គា​ម ខណៈ FC Tertons របស់​ប៊ូ​តាន ទទួលភ្ញៀវ Sheikh Russel Krira Chakra Ltd របស់​បង់​ក្លា​ដែ​ស និង Tatung FC របស់​ឆាយ​នី​ស តៃប៉ិ​។​

​ក្រុម​មាន​ពិន្ទុ​លើសគេ​នៃ​ពូ​ល​នីមួយៗ នឹង​ឈាន​បន្តទៅ​វគ្គ Play-off ដែល​ត្រូវ​ជួប​ជាមួយ​ក្លិប​ដែលមាន​លំដាប់​ខ្ពស់ជាង​នេះ​។​

​តាមពិតទៅ​ភ្នំពេញ​ក្រោ​ន គឺជា​ក្លិប​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFC Cup Playoff Qualifiers នេះ ក្នុងនាម​ជា​ក្រុម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​ពួកគេ​ទទួលរង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ដោយសារ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ធ្វើការ​បដិសេធ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ភ្នំពេញ​ក្រោ​ន​ផ្ទាល់  កាលពី​ថ្ងៃទី​២៥ ខែឧសភា​ឆ្នាំ​២០១៦​កន្លងទៅ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានទទួល​លិខិត​មួយ​ពី​AFC  ដោយបាន​បញ្ជាក់ថា​យោងតាម​លក្ខន្តិកៈ​មាត្រា ៧៣.៦ បាន​ចែងថា ក្លឹប​ណា​ដែលមាន​ការទាក់ទង​ក្នុង​សកម្មភាព​នៃ​ការរៀបចំ​លទ្ធផល​ក្នុងការ​ប្រកួត​នឹងមិន​ត្រូវបាន​អនុ​ញ្ញា​ត្ត​ឱ្យ​ចូលរួម​ក្នុងការ​ប្រកួត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC)​ឡើយ​។​

​បើតាម​ភ្នំពេញ​ក្រោ​ន AFC បាន​យោង​លើ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​ធ្វើឡើង​ក្នុង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ និង​បាន​ពិន័យ​មន្ត្រី ៤​នាក់ ដែល​ទាក់ទង​ជាមួយ​ភ្នំពេញ​ក្រោ​ន​បន្ទាប់ពី​ពួកគេ​បានធ្វើ​ខុស​ក្នុង​ការរៀបចំ​លទ្ធផល​ទុកជាមុន ហើយ AFC បាន​ប្រើប្រាស់​ហេតុផល​នេះ​ដើម្បី​ធ្វើការ​បដិសេដ​មិនឱ្យ​ក្លឹប​ភ្នំពេញ​ក្រោ​ន​បាន​ចូលរួម​ទៅតាម​ការគ្រោងទុក​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ  ភ្នំពេញ​ក្រោ​ន​បាន​ព្យួរ​មន្ត្រី​៤​នាក់​របស់ខ្លួន ក្រោយពី​បានធ្វើការ​ស៊ើបអង្កេត​និង​បាន​រកឃើញថា​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​លទ្ធផល​ទុកជាមុន ហើយ​ក្លឹប​ក៏បានផ្តល់​ព័ត៌មាន​ជូន​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត ហើយ​ជា​លទ្ធផល​គឺ​ពួកគេ​ទទួលបាន​ការពិន័យ​ពី​សហព័ន្ធ​ទៅតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​។​

​ភ្នំពេញ​ក្រោ​ន​បាន​ប្តឹង​ជំទាស់​នឹង​ការសម្រេច​របស់ AFC ប៉ុន្តែ​មិន​ទទួលផល​ជា​វិជ្ជមាន​ឡើយ ដោយ AFC សម្រេចយក​ណាហ្គា​វើ​ល​ទៅ​ជំនួស​វិញ​៕