អាថ៌​កំបាំង​សត្វ​អំពិល​អំពែក​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ព្រម​គ្នា ​

ក្រុងណាសវៀល: ប៉ុន្មានសប្ដាហ៍ក្នុងខែមិថុនានេះ ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ដទៅកាន់ជួរភ្នំក្រេដ ស្មូគី ភាគខាងកើតនៃរដ្ឋធេនណេសស៊ី សហរដ្ឋអាមេរិក សម្រុកទៅទស្សនាសត្វអំពិលអំពែករាប់ពាន់ក្បាលបីដូចជាអំពូលភ្លើងគ្រិស្ដស្មាស់ក្រោមស្បៃរាត្រី។ពួកវាជាពូជសត្វល្អិតផូទីនុស ការ៉ូលីនុស ដ៏កម្រមួយក្នុងលោកដែលស្គាល់ជាពពួកសត្វបញ្ចេញពន្លឺភ្លឹបភ្លែតស្របគ្នារៀងរាល់ ១០ វិនាទីម្ដង។ដើមឡើយ គេគិតថា អំពិលអំពែកប្រើពិលបំភ្លឺស្របគ្នាជាសញ្ញាព្រមានដល់សមាជិកដទៃនៃវត្ដមានសត្រូវ និងគ្រោះអាសន្នផ្សេងៗទៀត។ ប៉ុន្ដែ ពេលនេះ គេរកឃើញថា ពួកវាបញ្ចេញពន្លឺដើម្បីទំនាក់ទំនងជាមួយមិត្ដភក្ដិរួមអម្បូរអំឡុងពេលរកគ្នីគ្នាបង្កាត់ពូជ។

ទេសចរអង្គុយតម្រៀបគ្នារង់ចាំអំពិលអំពែកបញ្ចេញពន្លឺ។ក្រុមអ្នកស្រាវជ្រាវជឿថា សត្វអំពិលអំពែកបញ្ចេញពន្លឺឲ្យសត្វញីមើលឃើញសត្វឈ្មោលច្បាស់។ វាក៏អាចសត្វឈ្មោលងាយស្រួលរកសត្វញី ដែលប្រើពេលបិទពន្លឺមួយភ្លឹបៗឆ្លើយតបរកគ្នាផងដែរ។ដូច្នេះ ការបញ្ចេញពន្លឺភ្លឹបភ្លែតមើលឃើញច្បាស់នោះបានជួយទាំងសត្វញី និងសត្វឈ្មោលស្រួលរកដៃគូឃើញ។

លោក ម៉ាក ប្រ៊េនហាម ជាជីវវិទូនៅសាកលវិទ្យារដ្ឋហ្វូរីដា បានពន្យល់ប្រាប់ថា៖ «វាហាក់បីដូចជាកីឡដ្ឋានយក្សមួយអ៊ីចឹង។ បើមនុស្សយើងបន្លឺសំឡេងស្រែកប្រយោគដូចគ្នាដ៏ទ្រហឹងអឺងអាប់មិនស្របគ្នា យើងមិនអាចស្ដាប់ដឹងទេ តែបើពួកគេបញ្ចេញសូរព្រមៗគ្នា យើងអាចស្មានដឹងពីអ្នកនៅជិត និងអ្នកនៅឆ្ងាយ»។

ពន្លឺអំពិលអំពែកដូចអំពូលភ្លើង ថតដោយប្រើកាមេរ៉ាអាជីព។ទោះជាយ៉ាងណា ដំណើរការនាំឲ្យមានពន្លឺភ្លឹបភ្លែតព្រមៗគ្នានេះនៅតែអាថ៌កំបាំង។ កាលពីមួយសតវត្សរ៍មុន ក្រុមអ្នកវិទ្យាសាស្រ្ដ មិនជឿថា សត្វអំពិលអំពែកបញ្ចេញពន្លឺភ្លឹបភ្លែតក្នុងពេលដំណាលគ្នាឡើយ។ ពួកគេមានការស្រពេច ស្រពិល នៅពេលអ្នកដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍បានរាយការណ៍ថា ពួកគេបានឃើញពន្លឺស្របគ្នា។

សរុបមក ពន្លឺភ្លើងដំណាលគ្នារបស់សត្វអំពិលអំពែកអាចត្រូវបានប្រទះឃើញនៅតាមបណ្ដោយទន្លេតំបន់ព្រៃប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ជាទីកន្លែងដែលពួកវាជួបជុំបង្កាត់ពូជមួយឆ្នាំទល់មួយឆ្នាំ។នៅភាគខាងលិច លើជួរភ្នំក្រេដ ស្មូគី សហរដ្ឋអាមេរិក រដូវបង្កាត់ពូជមានរយៈពេលខ្លីបំផុត គឺតែ ២ សប្ដាហ៍ក្នុងមួយឆ្នាំ។

ព្រៃអំពិលអំពែកនៅអាមេរិកបានទាក់ទាញទេសចរមកបោះជំរំរង់ចាំសុរិយាអស្ដង្គត ដើម្បីបានឃើញពន្លឺភ្លឹបភ្លែតៗហោះហើរពេញព្រៃ៕

ប្រភព៖ whatsupkhmer

  • អាថ៌​កំបាំង​សត្វ​អំពិល​អំពែក​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ព្រម​គ្នា ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ចំនេះដឹង
Tags: