ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត នៅតែ​អាចធ្វើ​សកម្មភាព​ដឹកឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាម​អំពើ​ចិត្ត​

​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ស្គាល់​យ៉ាងច្បាស់​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​ទូច និង​ចែ​ណាត ដែល​អាច​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាម​អំពើ​ចិត្ត​ហើយ​យកទៅ​ចែកចាយ​តាម​រោង​សិប្បកម្ម​និង​ដេប៉ូ​នានា​យ៉ាង​រលូន​។ មន្ត្រីរាជការ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​ទូច និង​ចែ​ណាត មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​សព្វថ្ងៃ​ឈ្មួញ​ទាំង​២​នាក់​នេះ​នៅតែ​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ទាំង​២​នាក់​នេះ​ទេ ទំនងជា​ខ្លាច​បាត់បង់​ផលប្រយោជន៍​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត ប្រើប្រាស់​រថយន្ត​២​គ្រឿង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន ចេញពី​តំបន់​អភិរក្ស​និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មក​ចែកចាយ​តាម​រោង​សិប្បកម្ម​និង​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​បាន​លុង​។ លើស​នេះ​ទៅទៀត​ឈ្មោះ​ទូច និង​ចែ​ណាត មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អូរ​ជុំ ទើប​អាច​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​នេះ​យកមក​លក់​ចែកចាយ​តាម​រោង​សិប្បកម្ម​និង​ដេប៉ូ​ក្នុង​ក្រុង​បាន​លុង ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​ស្រុក​អូរ​ជុំ បន្ត​កើតមាន​យ៉ាង​រាលដាល ព្រោះ​ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត តែង​ផ្ដល់​ផលប្រយោជន៍​ជាប្រចាំ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់​មុខរបរ​ខុសច្បាប់​របស់ខ្លួន​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី លោក ជូ ភ័ក្ត្រ ក៏ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យ​ក្នុង​រឿង​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត ផងដែរ​ទើប​ឈ្មួញ​ទាំង​២​នាក់​នេះ​អាច​ចូលទៅ​ទិញ​ឈើ​ដល់​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី សុទ្ធតែ​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត ហេតុនេះហើយ​ទើប​ពួកគេ​ធ្វើជា​មិនដឹងមិនឮ​ចំពោះ​សកម្មភាព​ដឹកឈើ​របស់​ឈ្មួញ​ទាំង​២​នាក់​នេះ បើទោះបី​ប្រជាពលរដ្ឋ​បានឃើញ​យ៉ាងច្បាស់​បែបណាក៏ដោយ​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃនេះ​ឈ្មួញ​ឈើ​ឈ្មោះ​ទូច និង​ចែ​ណាត នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

index4 16