អាជីវកម្ម​រណ្ដៅ​ដី​ក្នុងស្រុក​កណ្ដាលស្ទឹង នៅតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែមាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​ពី​រណ្ដៅ​ដី​ធំៗ​ជីក​ជម្រៅ​ដល់​ក្បាល​ប្រេត​ដែល​ឈ្មួញ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទាល់តែសោះ​។ ជាងនេះទៅទៀត​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​មួយចំនួន​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​ដី​ខ្លះ​បើក​ក្នុង​ល្បឿន​លឿនៗ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ទាំងនោះ ជាពិសេស​ក្រុមហ៊ុន សៅ សុធា ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ​។

ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដូចខាងលើ​នេះ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​ការដ្ឋាន​ដែល​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី រណ្ដៅ​ខ្សាច់ នៅ​ស្រុក​កណ្ដាលស្ទឹង មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ព្រមាន​ខ្លាំងៗ​ទៅលើ​ម្ចាស់​អាជីវកម្ម​ទាំង​២​ប្រភេទ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ព្រមាន​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​និង​អាជីវកម្ម​ខ្សាច់​ថា ក្រុមហ៊ុន​ទាំងឡាយណា​មិន​គោរព​តាម​លក្ខខណ្ឌ​ដែល​បានកំណត់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​សាធារណៈ និង​ត្រូវ​ប្រឈម​បិទ​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ​។ ទោះជា​យ៉ាងណា​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង មិនទាន់មាន​ការជឿជាក់​លើ​ការព្រមាន​របស់លោក ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​នោះទេ ដោយ​ពួកគេ​រង់ចាំ​មើល​ចំណាត់ការ​ជាក់ស្ដែង​ជាមុនសិន​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​កន្លងមក​ក្រុមហ៊ុន​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដូចជា ធ្វើ​ឲ្យ​ជ្រុះ​អាចម៍ដី ជ្រុះ​ខ្សាច់​លើផ្លូវ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។ លើស​នេះ​ទៅទៀត​មាន​ក្រុមហ៊ុន​មួយចំនួន​ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បន្តសកម្មភាព​ដឹក​ដី​ដឹក​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ​មិន​គ្រប​តង់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​អាចម៍ដី​និង​ខ្សាច់​ជ្រុះ​លើ​ដងផ្លូវ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ​ង​និង​ថាមពល ចាត់វិធានការ​ជាក់ស្ដែង​ទៅលើ​ក្រុមហ៊ុន​ដែល​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​ផលប៉ះពាល់​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

269