សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា គ្រោង​រៀបចំ​បណ្ដុះបណ្ដាល​ការ​អភិវឌ្ឍ​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នឹង​រៀប​ចំការ​បណ្ដុះបណ្ដាល​ពី​ការ​អភិវឌ្ឍន៍​អាជីវកម្ម ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​សហភាព​ស្វ៊ី​ស​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ទី​១៥ មិថុនា នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ លោកស្រី​ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ស្ត្រី​ប្រមាណ​៥២​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ការ​ធ្វើ​អាជីវកម្ម​របស់​ស្ត្រី មាន​រហូត​ដល់​ជាង​៦១​ភាគរយ​ក្នុង​ចំណោម​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​ជាង​៥០​ម៉ឺន​សហគ្រាស ។ ប៉ុន្តែ​ទោះបីជា​ស្ត្រី​ធ្វើ​អាជីវកម្ម​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​ឃើញ​ថា គម្លាត​នៃ​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ និង​សេដ្ឋកិច្ច​ជាតិ គឺ​មាន​កម្រិត​គម្លាត​នៅ​ឆ្ងាយ​គ្នា​យ៉ាង​ខ្លាំង ។ លោកស្រី​ឧកញ៉ា​ថ្លែង​ថា ៖ « ស្ត្រី​យើង​មាន​សម្ពាធ​ការងារ​ច្រើន និង​គ្មាន​ឱកាស​ច្រើន​ក្នុង​ការ​ចូលរួម ដោយសារ​តែ​ស្ត្រី​ភាគ​ច្រើន​មានការ​ងារ​ច្រើន​នៅ​ក្នុងផ្ទះ​សម្បែង​។ ម្យ៉ាងទៀត ស្ត្រី​ភាគច្រើន​មិន​ទទួល​បានការ​អប់រំ​ខ្ពស់​ទេ ។ ដូចនេះ ការ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ​មានការ​លំបាក​ច្រើន តែបើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ស្ត្រី​អាច​គ្រប់គ្រង​បាន » ។

លោកស្រី​ប្រធាន​សមាគម​បន្ត​ថា ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ហើយ ទើប​ក្រសួង​កិច្ចការ​នារី និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​បង្កើត​ជា​សមាគម​នេះ​ឡើង ដើម្បី​កៀរគរ​ដល់​សហគ្រិន​ជា​ស្ត្រី​ឱ្យ​មានឱកាស​ចូលរួម និង​ទទួល​ការ​បណ្ដុះបណ្ដាល​នានា ដែល​សមាគម​តែង​រៀបចំ​ស្វែងរក​ដៃគូ ទាំង​រដ្ឋាភិបាល ការទូត​នានា និង​អង្គការ​ផ្សេង​ៗ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ស្ត្រី ។ ជាក់ស្ដែង នៅ​ពេល​ខាង​មុខ​នេះ ដោយ​ទទួល​បានការ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សមាគម​នឹង​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ស្ត្រី ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​រឹង​មាំ​ផង​ដែរ ។ ទោះបីជា​យ៉ាងណា លោកស្រី​និយាយ​ថា ៖ « ថវិកា​នេះ វា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​ត្រូវ​មានការ​ចូលរួម​បរិច្ចាគ​ពី​សហគ្រិន​ជា​ស្ត្រី​របស់​យើង​មួយ​ចំនួន ដែល​មាន​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដើម្បី​ឱ្យ​វគ្គ​បណ្ដុះបណ្ដាល​នោះ​កាន់តែ​មាន​ប្រសិទ្ធភាព » ។

លោកស្រី អៀង សុធា គណៈកម្មាធិការ​ពង្រឹង និង​បណ្ដុះបណ្ដាល​សមត្ថភាព​ស្ត្រី នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ស្ត្រី​នា​ពេល​នេះ គឺ​ចង់​ឃើញ​ស្ត្រី​មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញ​មតិយោបល់​ជា​សាធារណៈ មាន​សមត្ថ​ភាពរឹងមាំ ហ៊ាន​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​នៅ​ចំពោះ​មុខ ឱ្យ​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ជា​ពិសេស ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។ លោកស្រី​និយាយ​ថា ៖ « បេសកកម្ម​សំខាន់​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​កំពុង​ធ្វើ​នេះ គឺ​ចង់​បង្កើត​នូវ​សក្ដានុពល ជា​ពិសេស សមត្ថភាព ដល់​សហគ្រិន​ស្ត្រី​ឱ្យ​ខ្លាំងក្លា​ជាង​មុន និង​ចង់ឱ្យ​សហ​គ្រិន​​ស្ត្រី​បញ្ចេញ​ឱ្យ​អស់​នូវ​សមត្ថភាព​ដែល​ពួក​គាត់​មាន » ។

លោកស្រី​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មិនមែន​ចូលរួម​ដោយ​សេរី​ពី​បណ្ដា​សហគ្រិន​នោះ​ទេ អ្នក​ដែល​មាន​សិទ្ធិ​ចូលរួម​ជាមួយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន ត្រូវ​តែ​ជា​សហគ្រិន​ស្ត្រី ហើយ​ក៏​ជា​សមាជិក​របស់​សមាគម​សហគ្រិន​ស្ត្រី​ផង​ដែរ ដែល​បណ្ដុះបណ្ដាល​ជា​ជំនាញ និង​ផ្នែក​ផ្សេង​ៗ ហើយ​សង្ឃឹមថា នៅ​ពេល​វគ្គ​បណ្ដុះបណ្ដាល​នោះ​ចប់ សហគ្រិន​នឹង​អាច​យក​ទៅ​អនុវត្ត​បន្ត និង​ពង្រឹង​ដល់​បុគ្គលិក​របស់​ខ្លួន​បាន ។

តាម​ការ​បញ្ជាក់​របស់​សមាគម​សហគ្រិន​ស្ត្រី គឺ​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ និង​២៥ ខែមិថុនា ខាង​មុខ​នេះ ដោយ​មាន​គ្រូ​ជំនាញ​ៗ​មក​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​ដោយ​ផ្ទាល់​តែ​ម្តង ៕