តុលាការ​នាំ​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី នាំ​ខ្លួន​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា។

ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំ​ពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ការ​ស្ដាប់​ចម្លើយ​របស់​លោក ហុង សុខហួរ នៅ​ពេល​នេះ គឺ​ជា​សំណុំរឿង​ដែល​បាន​បំបែក​ចេញ​ពី​សំណុំ​រឿង​ដើម​ដែល​ចោទ​ប្រកាន់​លើ​លោក ហុង សុខហួរ លើ​ការ​​ក្លែង​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

បន្ថែម​ពី​នេះ​លោក លី សុផាណា បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​ការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ និង​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នានា នៅ​ក្នុង​រឿង​ក្ដី​នេះ។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ចំនួន​៣​ករណី គឺ ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ចោទ​ប្រកាន់​ឯកសារ​ក្លែង និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម។

លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី ១៤ សីហា ក្រោយ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទ​លោក ហុង សុខហួរ ជា​ជន​ក្បត់ជាតិ ដោយ​ហ៊ាន​លួច​ក្លែង​ឯកសារ សន្ធិសញ្ញា​ព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន ប្រទេស​ទាំង​ពីរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។