យន្តហោះ​អេ​ហ្ស៊ី​ប​ធ្លាក់​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ

គណៈកម្មការ​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា អាថ៌​កំបាំង​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ហ្ស៊ី​ប EGYPTAIR ដែល​ហោះ​ចេញពី​ក្រុងប៉ារីស ទៅ​កាន់​ទីក្រុង​គែរ កាលពី​យប់​ថ្ងៃ​ទី​១៨ ទៅ​១៩ ឧសភា អាច​បំភ្លឺ​ក្នុង​ពេល​បន្តិចទៀត ។ ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​ធ្លាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ស្រង់​បាន​ហើយ ។

គណៈកម្មការ​នោះ​បន្ត​ថា ឧបករណ៍​នេះ​ដែល​ថត​ការ​សន្ទនា​ក្នុង​បន្ទប់​បើកបរ​ត្រូវ​បាន​រក​ឃើញ​ទាំង​ដុល ក៏​ប៉ុន្តែ​ផ្នែក​ផ្ទុក​មេ​ម៉ូ​រី​របស់​យន្តហោះ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ប្រដាប់​ថត​សំឡេង​អាច​ទាញ​យក​មក​បាន ។ អយ្យការ​អេ​ហ្ស៊ី​ប​បាន​បញ្ជា​ឱ្យ​ប្រគល់​ប្រអប់​ខ្មៅ​នោះ​ដល់​គណៈកម្មាធិការ​បច្ចេកទេស ដើម្បី​ធ្វើការ​វិភាគ​ពី​ការ​សន្ទនា​ទាំងឡាយ ។ ប្រដាប់​ថត​សំឡេង​ដែល​ដំណើរការ​ដូច​ជា​មេ​ញ៉េ​តូ​ហ្វូ​ន​មួយ​នោះ​អាច​អាត់​សំឡេង​និយាយ​គ្នា​បាន​ដល់​ទៅ​២​ម៉ោង​ជា​សំឡេង​របស់​មេបញ្ជាការ​យន្តហោះ (​អ្នក​បើក​សំខាន់​) និង​របស់​សហ​អ្នក​បើក ការ​ទាក់ទង​គ្នា​នានា​រវាង​បន្ទប់​បើកបរ​របស់​ប្រមុខ​កាប៊ី​ន និង​របស់​បណ្តា​អ្នកបម្រើ​ការ​លើ​យន្តហោះ រួច​ក៏​អាច​ថត​សំឡេង​នានា​ក្នុង​យន្តហោះ​ផង​ដែរ ។ ប្រសិនបើ​ប្រដាប់​ថត​សំឡេង​អាច​នៅ​ដំណើរការ នោះ​នឹង​អាច​បំភ្លឺ​ចំពោះ​អ្វី​ដែល​កើត​មាន ។

ចំណែក​ប្រអប់​ខ្មៅ​មួយទៀត​នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ ដោយ​ប្រអប់​ខ្មៅ​នេះ​បញ្ចូល​បណ្តា​ទិន្នន័យ​នៃ​រាល់​ប៉ារ៉ាម៉ែត្រ​បាន​ក្នុង​រយៈពេល​២៥​ម៉ោង​នៃ​ការ​ហោះហើរ​ដូច​ជា​ល្បឿន កម្ពស់ ការ​បង្កើន​កម្លាំង​ម៉ាស៊ីន ការ​ផ្អៀង ទិស​ដៅ​។​ល​។ ប្រអប់​ខ្មៅ​នេះ​អាច​បញ្ចេញ​សញ្ញា​ប្រមាណ​ជា​១​ខែ ហើយ​អាច​អស់​ថ្ម​លែង​ផ្តល់​សញ្ញា​បាន​នា​ថ្ងៃ​ទី​២៤ មិថុនា៕