សមាជិកា​សភា​អង់គ្លេស​លោកស្រី JO COX ដែល​គេ​បាញ់​ទទួលមរណភាព​ហើយ

ប៉ូលិស​អង់គ្លេស​រាយការណ៍​ពី​មរណភាព​កាលពី​រសៀល​ថ្ងៃ​ទី​១៦ មិថុនា របស់​សមាជិកា​សភា​អង់គ្លេស លោកស្រី JO COX ដែល​រង​ការ​បាញ់ប្រហារ​នា​ថ្ងៃ​នោះ​នៅ​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​អង់គ្លេស​ថា លោកស្រី​រង​របួសធ្ងន់ ដោយ​គ្រាប់កាំភ្លើង​ហើយ​ត្រូវ​ចាក់​ដោយ​កាំបិត​ទៀត ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន លោកស្រី DEE COLLINS គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​មួយ​កំពុង​ធ្វើ ។ ខ្ញុំ​មានការ​សោកស្តាយ​ប្រកាស​ថា លោកស្រី JO COX បាន​ទទួលមរណភាព​ហើយដោយ​របួសធ្ងន់​ពេក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី DEE COLLINS រៀបរាប់​ថា លោកស្រី JO COX ទទួលមរណភាព​នា​វេលា​ម៉ោង​១៣​និង​៤៨​នាទី​ម៉ោង​ក្នុងស្រុក ។ ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ជាមួយ​ការ​សាកសួរ​សាក្សី​ជា​ច្រើន ។ ការ​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ​កំពុង​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ ។

ស្វាមី​លោកស្រី JO COX លោក BRENDAN COX ក៏​បាន​រៀបរាប់​ពី​មរណភាព​របស់​ភរិយា​លោក​ដែរ ។ លោក​ថា ភរិយា​លោក​មាន​បំណង​ខ្លាំង​បំផុត​២ គឺ​ចង់ឱ្យ​កូន​ៗ​របស់​យើង​ទទួល​បាន​នូវ​ក្តី​ស្រឡាញ់ និង​ចង់ឱ្យ​យើង​រួបរួម​គ្នា ដើម្បី​តស៊ូ​ប្រឆាំង​អំពើ​កម្រោល ដែល​សម្លាប់​ភរិយា​លោក ។ លោក​ថា​អំពើ​កម្រោល​ពុំ​មែន​ជា​ជំនឿ​សាសនា ការ​ប្រកាន់ពូជសាសន៍ ឬ​សាសនា​ជា​ថ្នាំពុល ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វីត កា​មី​រ៉ូ​ន បាន​ហៅ​មរណភាព​របស់​លោកស្រី JO COX ថា ជា​សោកនាដក​កម្ម​មួយ ។ លោកស្រី​ជា​សមាជិក​សភា​សកម្ម​មួយ​រូប និង​ជា​សមាជិក​ដ៏​ល្អ​របស់​សភា ។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​រួម​ជាមួយ​ស្វាមី​លោក BRENDAN និង​កូន​ទាំង​២​របស់​លោកស្រី ។

លោកស្រី JO COX ជា​សមាជិកា​សភា​នៃ​គណបក្ស​ការងារ​អង់គ្លេស ហើយ​ស្និទ្ធ​សហភាព​អឺរ៉ុប ។ លោកស្រី​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ទីក្រុង BIRSTALL ភាគ​ខាងជើង​អង់គ្លេស ពេល​ធ្វើ​យុទ្ធនាការ​លើ​ការ​បោះ​ប្រជាមតិ​ស្តី​ពី​ការ​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​តទៅ​ទៀត ឬ​អត់ ខណៈ​ការ​បោះ​ប្រជាមតិ​នោះ​នៅ​សល់​ពេល​តែ​មួ​យស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ។

នា​រសៀល​ថ្ងៃ​ទី​១៦ មិថុនា បុរស​ម្នាក់​បាន​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់​ប្រឆាំង​សមាជិកា​សភា​អាយុ​៤១​ឆ្នាំ​រូប​នេះ​ដែល​ដេក​ដួល​ក្នុង​ថ្លុកឈាម ហើយ​រង​ការ​ចាក់​នឹង​កាំបិត​ថែម​ទៀត ។ បន្តិច​ក្រោយមក ប៉ូលិស​បាន​ចាប់ខ្លួន​ឃាតករ​ជា​បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់ ដែល​បណ្តា​អ្នក​ជិតខាង​រៀបរាប់​ថា ជា​មនុស្ស​ឯកា ហើយ​បណ្តាសារ​ព័ត៌មាន​ថា ជន​នេះ​មានឈ្មោះ TOMMY MAIR ។ មូលហេតុ​នៃ​ទ​ង្វើ​របស់​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ តែ​សាក្សី​ម្នាក់​និយាយ​ប្រាប់​សារព័ត៌មាន​ថា ឃាតករ​នោះ​បាន​ស្រែក​ពាក្យ​ថា «BRITAIN FIRST» (​គិតដល់​ចក្រ​ភាព​អង់គ្លេស​មុនគេ​) ។

យោង​តាម​ប្អូនប្រុស​ជន​នេះ លោក SCOTT MAIR ថា​បងប្រុស​គេ​ជា​មនុស្ស​មាន​សតិ​មិនល្អ ហើយ​កំពុងធ្វើការ​ព្យាបាល ។

ភ្លាម​ៗ​ក្រោយ​ការ​វាយប្រហារ​នេះ យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ប្រជាមតិ​នា​ថ្ងៃ​ទី​២៣ មិថុនា ហើយ​ដែល​តាម​ការ​ស្ទាបស្ទង់​មតិ​ថ្មី​២ កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា ខាង​អ្នកគាំទ្រ BREXIT គឺ​ឱ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នឹង​ឈ្នះ​ត្រូវ​បាន​កាត់​ផ្តាច់​ភ្លាម​ៗ ។ ខាង​ពួក​អ្នកគាំទ្រ​ឱ្យ​អង់គ្លេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​បន្ត​ផ្អាក​ការ​ឃោសនា​រហូត​ដល់​ថ្ងៃ​ទី​១៨ មិថុនា ។

អតីត​អភិបាលក្រុង​ឡុ​ង​ដ៍ និង​ជា​មេខ្លោង​គាំទ្រ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប លោក BORIS JOHNSON ក៏​ប្រកាស​ផ្អាក​យុទ្ធនាការ​ឃោស​នានា​ថ្ងៃ​ទី​១៦ មិថុនា រួច​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក៏​លុប​ចោល​មី​ទ្ទីង​ស្និទ្ធ​សហភាព​អឺរ៉ុប គ្រោង​ធ្វើ​នា​ពេល​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា នេះ នៅ​ក្រុង GIBRALTAR ដែរ ៕