4​គូ​អន្តរជាតិ​ប៉ះ​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​រំពឹង​កក្រើក​សង្វៀន​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ថ្ងៃអាទិត្យ​ទី​១៩ មិថុនា ខាន​ស្អែក​នេះ នឹង​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៤​គូ​ទៀត​ហើយ ។ កីឡាករ​ទាំង​៨​រូប​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​ទៀត​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិការណ៍​ៗ​គឺ​មាន​កីឡាករ​ខ្មែរ​២​រូប និង​កីឡាករ​បរទេស​២​រូប ។

សម្រាប់​ព្រឹត្តិការណ៍ «Ganzburg Top Fighter»​ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក  កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង នឹង​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ា​ណ​ន់ និង កីឡាករ សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា នុ​វ៉ា​ត់ ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​១៤៣​លើក ឈ្នះ​១២៤​លើក  ចាញ់​១៤​លើក និង​ស្មើ​៥​លើក កីឡាករ យុគ យក្ស​ផ្លែ ហាក់​មាន​បទ​ពិសោធ​ដាច់​ឆ្ងាយ​តែ​ម្ដង​ទៅ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ ដែល​មានការ​ប្រកួត​បាន​តែ​៩៣​លើក ឈ្នះ​៧៦​លើក និង​ចាញ់​១៧​លើក តិច​ជាង​ខ្លួន ។ ទោះបី​យ៉ាងណា មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​នៅ​តែ​ជឿជាក់​ថា កីឡាករ​របស់​ខ្លួន​ធ្វើ​បាន  ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​របស់​គេ​ខ្លាំង​ហើយ​មាន​កម្រិត​វាយលុក​ក៏​ល្អ ។ មិន​ខុស​គ្នា​ដែរ ភាគី​ខាង​គ្រូបង្វឹក​កីឡាករ យុគ យក្ស​ផ្លែ ក៏​ជឿជាក់​តែ​កូនសិស្ស​របស់​ខ្លួន​ដូច​គ្នា ។

ងាក​ទៅ​កាន់​គូ​ទី​២​វិញ កីឡាករ​សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដែល​ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ថ្វី​ដ្បិតតែ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​មែន ប៉ុន្តែ​គេ​ក៏​មាន​សង្ឃឹម​ខ្ពស់​មិន​ខុស​គ្នា​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​ដល់​១០៦​លើក ឈ្នះ​៨៥​លើក ចាញ់​១៧​លើក និង​ស្មើ​៤​លើក​ក្ដី ។ នោះ​គឺ​ដោយសារ​តែ សុខ សុវណ្ណ  យល់​ឃើញ​សន្ទុះ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​មិនធម្មតា ។ គូ​នេះ អ្នក​ឃ្លាំមើល​ពិបាក​បង្ហាញ​អារម្មណ៍​ទុកចិត្ត ដោយសារ​តែ​កីឡាករ​កម្ពុជា​ថ្វី​ដ្បិតថា មាន​ភាគរយ​ចាញ់​ច្រើន​ជាង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡាករ​កម្ពុជា​ក៏​ត្រូវ​គេ​ដឹង​ជា​ទូទៅ​រួច​ទៅ​ហើយ​ថា កំពុង​ឡើង​កូដ និង​ល្បីឈ្មោះ​មិន​ណ​យ ។ យ៉ាងណា​ក៏​ដោយ ចំពោះ​លទ្ធផល​ជាក់ស្ដែង​គឺ​មាន​តែ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​ដែល​អាច​កាត់ក្ដី​បាន ។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ មាស ច័ន្ទ​មាន មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស​ឈ្មោះ
គី​រ៉​ន ចេស​សូប និង​កីឡាករ ផង់ សុភាព មក​ក្លិប​រាជសីហ៍​ខេត្តរតនៈគិរី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ណ​យ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​គូ មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ក្នុង​ជុំ​ទី​២ ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ដំណើរការ​បាន​មួយ​ជុំ​ម្នាក់​រួច​ទៅ​ហើយ សម្រាប់​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ទាំង​៨​រូប ។ ឆ្លងកាត់​ការ​ប្រកួត​បាន​១០៩​លើក ឈ្នះ​៨៥​លើក និង​ចាញ់​២៤​លើក មាស ច័ន្ទ​មាន ពិតជា​យក​បាន​៣​ពិន្ទុ​ដោយ​មិន​ពិបាកទៅ​លើ​កីឡាករ​អង់គ្លេស​ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៣៦​លើក ឈ្នះ​៣០​លើក និង​ចាញ់​៦​លើក ។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៧​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ជា​គូប្រកួត​ឡើង​រេញ​បាន​៨០​លើក ឈ្នះ​៦៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។

ដោយឡែក នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​២​គូ​ផង​ដែរ ដោយ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភេ​ច​អេក និង​កីឡាករ​ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ខ្វាន់ អេក ៕