ចេះ​តែ​ញាក់ភ្នែក ! ពិតជា​មានសំណាង​មែន តែ​គ្មាន​វាសនា

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​កាន់​ប័ណ្ណ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​១​សន្លឹក​មក​ជួប​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ប្រាប់​ថា ខំ​ទិញ​ប័ណ្ណ​ផ្សងសំណាង​នេះ​ពេល​ត្រូវ​រង្វាន់​ខាង​ក្រុមហ៊ុន​មិន​បើក​ឲ្យ ។

គ្រួសារ​ខាងលើ ប្តី​ឈ្មោះ ឡេ​ង សុខ​ម៉េ​ង អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុ​ង ចាន់​ធី ឬ អ៊ុំ ចាន់​ធី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​០១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន ស្ត្រី​ខាងលើ​រៀបរាប់​ថា កាលពី​រសៀល​ម៉ោងជាង​៣ ថ្ងៃ​ទី​១៦​ម្សិលមិញ គាត់​បាន​ចូល​ទៅ​កាស៊ីណូ​ឡាក់​គី ហើយដោយ​មាន​ភ្ញៀវ​នៅ​ទីនោះ​ប្រាប់​ថា​ទិញ​ប័ណ្ណ​ផ្សងសំណាង​១​សន្លឹក​ត្រឹមតែ​១​ពាន់​បាត អាច​ត្រូវ​រង្វាន់​ពេល​ក្រុមហ៊ុន​បង្វិល​រាល់​កន្លះ​ម៉ោង​ម្តង ។ មិនតែប៉ុណ្ណោះ​គាត់​ថា ដោយសារ​ឮ​ថា​ប័ណ្ណ​ផ្សងសំណាង​នេះ​ថែម​ទាំង​ត្រូវ​ឆ្នោត​ថៃ​ផង ម្យ៉ាង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ចេះ​តែ​ញាក់ភ្នែក ទើប​ជឿ​តាម​គេ​ទិញ​ប័ណ្ណ​ផ្សងសំណាង​១​សន្លឹក​ពី​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ​ក្នុង​តម្លៃ​១​ពាន់​បាតប្រាក់​ថៃ ។

ស្ត្រី​រូប​នោះ​បន្ត​ថា រង្វាន់​ដែល​ត្រូវ​នោះ​ក្រុមហ៊ុន​បាន​បង្វិល​កាលពី​ម៉ោង​១​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ចំ​លេខ​៣​ខ្ទង់​ចុង​ក្រោយ​នៃ​ប័ណ្ណ​ផ្សងសំណាង​របស់​គាត់​គឺ​លេខ​០៤៥ ។ ស្ត្រី​ដដែល​បន្ត​ថា ដំបូង​គាត់​មិនដឹង​ខ្លួន​ថា​ត្រូវ​រង្វាន់​នោះ​ទេ ដោយ​កំពុង​ដេក​លង់លក់​នៅផ្ទះ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ជា​អ្នក​នៅផ្ទះ​ក្បែរ​គ្នា​ដែល​តែងតែ​ចេញ​ចូល​ទៅ​លេង​នៅ​កាស៊ីណូ​នោះ​បាន​ជិះ​ម៉ូតូឌុប​ទៅ​ហៅ​គាត់​ទាំង​យប់​ប្រាប់​ថា គាត់​ត្រូវ​រង្វាន់​ធំ​ចំនួន​២​ម៉ឺន​បាត ។ គ្រាន់តែ​ទទួល​ដំណឹង​ភ្លាម គាត់​បាន​នាំ​ប្តី​ទៅ​កន្លែង​បង្វិល​រង្វាន់​នោះ តែ​ខាង​ក្រុមហ៊ុន​គេ​មិន​បើកប្រាក់​ឲ្យ​ទេ ដោយ​និយាយ​ថា​គាត់​មិន​បាន​នៅ​ចាំ​ពិនិត្យ​ការ​បង្វិល​រង្វាន់ ឬ​បើកប្រាក់​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន ។

គ្រួសារ​ខាងលើ​បញ្ជាក់​ថា គាត់​នឹង​ទៅ​កាន់​ស្នាក់​ការ​សន្តិសុខ​អាវុធហត្ថ​៥៦៨​នៅ​រសៀល​ដដែល​នេះ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌ ។

ជុំវិញ​ករណី​ចោទប្រកាន់​នេះ លោក កែវ រតនា តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ប័ណ្ណ​ដែល​ស្ត្រី​ខាងលើ​កាន់​នោះ​មិនមែន​ជា​ប័ណ្ណ​ផ្សងសំណាង​អ្វី​ទេ គ្រាន់តែ​ជា​ប័ណ្ណសមាជិក​ចេញចូល​កាស៊ីណូ​តែ​ប៉ុណ្ណោះ ។ តំណាង​ក្រុមហ៊ុន​រូប​នេះ​បន្ត​ថា ខាង​ក្រុមហ៊ុន​លោក​មានការ​បង្វិល​ចាប់​រង្វាន់​ជូន​ភ្ញៀវ​មែន តែ​ក្រុមហ៊ុន​បាន​កំណត់​ពេលវេលា​នៃ​ការ​បង្វិល​ចាប់​រង្វាន់​នោះ​រាល់​កន្លះ​ម៉ោង​ម្តង ហើយ​រាល់​ការ​ត្រូវ​រង្វាន់​បើ​អ្នក​ត្រូវ​មិន​មាន​វត្តមាន​រង់ចាំ​បើកប្រាក់​តាម​ការ​កំណត់ ក្រុមហ៊ុន​មិន​បើក​ឲ្យ​ឡើយ ។
លោក កែវ រតនា បញ្ជាក់​ថា ក្នុង​អំឡុង​ដែល​ស្ត្រី​ខាងលើ​ត្រូវ​រង្វាន់ ខាង​ក្រុមហ៊ុន​បាន​ប្រកា​ស់រក​រហូត​៣​លើក តែ​មិនឃើញ​សោះ ទើប​គេ​មិន​បើក​ឲ្យ​គាត់​យ៉ាង​ដូច្នេះ ៕