រាល់ដង​មិន​អី ស្រាប់តែ​ម្តងនេះ​កក្រើក​ដី

ខេត្តព្រះវិហារ ៖ យុវជន​ម្នាក់​បាន​ទៅ​ភ្ជួរដីចម្ការ​ក្រោយ​ផ្ទះ​ដូច​សព្វមួយដង​ស្រាប់តែ​កិន​ចំ​មីនតោន​ផ្ទុះ​កក្រើក​ដី​បណ្ដាល​ឲ្យ​យុវជន​រូប​នោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ខាងឆ្វេង​ម្ខាង ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ភូមិ​សែន​តេជៈ ឃុំ​មរតក ស្រុក​ជា​ក្សាន្ត ខេត្តព្រះវិហារ ។

លោក​វរសេនីយ៍ត្រី នុង វាស្នា មេបញ្ជាការ​គ​១ ការពារ​ព្រំដែន​លេខ​៤០១ បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ កែម ប៊ុល អាយុ​២៧​ឆ្នាំ ជា​ប្អូនជីដូនមួយ​របស់​គាត់ ។ មុន​ពេល​កើតហេតុ ប្អូនប្រុស​របស់​គាត់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់ ជា​ដី​ដែល​គាត់​ភ្ជួរ​ជា​រៀង​រាល់​ឆ្នាំ តែ​ជា​អកុសល​ឆ្នាំ​នេះ​ប្អូន​របស់​គាត់​បាន​ភ្ជួរ​ដូច​សព្វ​មួយដងដែរ​ តែ​ក៏​ប៉ះ​ចំ​គ្រាប់​មីនតោន​ដែល​កប់​នឹង​ដី បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក​ដី និង​រង​របួសធ្ងន់​តែ​ម្តង ។

លោក នូ សា​រិ​ន ប្រធាន​មន្ទីរពេទ្យ​សម្តេច​តេ​ជោ​ស្រអែម បាន​បញ្ជាក់​ឲ្យ​ថា ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ (​បាក់ឆ្អឹង​ជើង​ឆ្វេង ក្រោម​ជង្គង់​) ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ។