លោក​ប៉ែន ចំ​រ៉ុង ចូល​បំភ្លឺ​នៅតុលាការ​ជាថ្មី ខណៈ​តួឯក​ស្រី​អវត្តមាន​

លោក​ប៉ែន ចំ​រ៉ុង ចូល​បំភ្លឺ​នៅតុលាការ​ជាថ្មី ខណៈ​តួឯក​ស្រី​អវត្តមាន​



ភ្នំពេញ ៖ លោក ប៉ែន ចំ​រ៉ុង ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា បាន​ចូល​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លើក​ទី​ពីរ ដើម្បី​ដំណើរការ​រឿង​ក្តី​លែងលះ​ភរិយា។ ជាមួយគ្នានេះ អ្នកស្រី ភិន សុ​ដា​លី​ស ពុំ​មាន​វត្ត​មាននៅ​តុលាការ​នោះ​ទេ តែ​មេធាវី​របស់​អ្នកស្រី​បាន​ចូលខ្លួន​មក​តំណាង។

មន្ត្រី​តុលាការ ថ្លែង​ថា បន្ទាប់ពី​ធ្វើការ​ទាញ​ហេតុផល​ជា​លើក​ពីរ តុលាការ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ដាក់​ភស្តុតាង​បន្ថែម ទើប​ឈាន​ដល់​ការសម្រេច​ចុងក្រោយ។

គួរ​រំលឹក​ថា លោក ប៉ែន ចំ​រ៉ុង បាន​ព្យាយាម​លាក់បាំង​រឿងរ៉ាវ​ប្រេះឆា​ជាមួយ​ភរិយា គឺ​អ្នកស្រី ភិន សុ​ដា​លី​ស ដោយ​ពុំ​រៀបរាប់​លម្អិត​អ្វី​ជាដើម​ចម ​ដែល​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​សុំ​លែងលះ ចូល​តុលាការ នោះ​ទេ។

លោក ប៉ែន ចំ​រ៉ុង និង ភរិយា កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ បាន​ចូលខ្លួន​តាម​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ម្តង​រួច​មក​ហើយ ដើម្បី​សាកសួរ​ចំពោះ​បណ្តឹង​សុំ​លែងលះ។

ក្រោយ​ការសាកសួរ​ប្រមាណ​ជាង​២​ម៉ោង​រួចមក លោក ប៉ែន ចំ​រ៉ុង បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ថា លោក​ចូល​មក​តុលាការ​ពេលនេះ គឺ ដើម្បី​ប្តឹង​សុំ​លែងលះ​ភរិយា គឺ អ្នកស្រី ភិន សុ​ដា​លី​ស។ ចំពោះ​សំណួរ​សួរ​ថា តើ​មូលហេតុ​អ្វី​ដែល​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​សុំ​លែងលះ​នេះ ត្រូវ​បាន​លោក ប៉ែន ចំ​រ៉ុង បដិសេធ​មិន​ឆ្លើយ​នោះ​ទេ។

ដោយឡែក អ្នកស្រី ភិន សុ​ដា​លី​ស កូនស្រី​ថៅកែ​ផលិតកម្ម​ភាពយន្ត បាន​គេច​ខ្លួន​ពី​ក្រុម​អ្នក​សារព័ត៌មាន ពុំបាន​ផ្ដល់​បទសម្ភាសន៍ នោះ​ទេ។ ជាមួយគ្នានេះ មន្ត្រី​តុលាការ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បណ្តឹង​សុំ​លែងលះ​នេះ គឺ ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក ប៉ែន ចំរ៉ុង បាន​ដាច់ចិត្ត​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង លែងលះ​ភរិយា​ធ្លាប់​កម្សត់កម្រ ជាមួយគ្នា​ជាង​១​ឆ្នាំ ភិន សុ​ដា​លី​ស ​តាំងពី​ពេលមុន​ចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ក្រោម​មូលហេតុ​ក្នុង​ពាក្យបណ្ដឹង​លែងលះ ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​បាន​ត្រឹមតែ​លើក​ហេតុផល​ថា រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែប៉ុណ្ណោះ៕