អង្គការUNESCO និង​រដ្ឋមន្ត្រី​កសិកម្ម ជួប​គ្នា​ស្វែងរក​គន្លឹះ​ដើម្បី បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ចម្រុះ​

អង្គការUNESCO និង​រដ្ឋមន្ត្រី​កសិកម្ម ជួប​គ្នា​ស្វែងរក​គន្លឹះ​ដើម្បី បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ចម្រុះ​



ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក ​វេ​ង សាខុន ​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​អង្គការ UNESCO ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​គន្លឹះ​ជា​មូលដ្ឋាន ក្នុង​ការ​ជួយ​ឲ្យ​ប្រជាកសិករ ដែល​រស់​នៅ​តាម​តំបន់​អភិរក្ស អាច​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ចម្រុះ។

យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ ថា “​ជំនួប​ពិភាក្សា​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Philippe Delanche តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ បាន​ផ្តោត​ទៅលើ​ការ​បង្កើន​ប្រាក់ចំណូល​របស់​កសិករ ​ដែល​រស់នៅ​តំបន់​អភិរក្ស តាមរយៈ​នៃ​ការ​អភិវឌ្ឍ​កសិកម្ម​ចម្រុះ ពោល​គឺ​ការ​ដាំដុះ​ដំណាំ​បន្លែ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ​ការ​ចិញ្ចឹម​សត្វ ការ​ដោះស្រាយ​ទឹក ការ​ដាំដុះ​ព្រៃឈើ​ឡើងវិញ ដើម្បី​បង្កើត​ទេសភាព​បៃតង​និង​ការ​ការពារ​ភ្លើង​ឆេះ​ព្រៃ នៅ​ក្នុង​តំបន់​អភិរក្ស ប្រាសាទ​ព្រះវិហារ​ជាដើម​”។

ប្រភព​ដដែល​បន្ត​ថា ភាគី​ទាំងពីរ​លើកឡើង​ទៀត​ថា កិច្ចការ​ទាំងអស់​នេះ​​អាច​ដំណើរការ​ទៅ​បាន គឺ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ ទាំង​រដ្ឋ ទាំង​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ ត្រូវ​មាន​ឆន្ទៈ​ផ្ទាល់​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ដើម្បី​កត្តា​ជីវភាព​មានការ​រីកចម្រើន​។ គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវតែ​ផ្តល់​នូវ​ការចូលរួម​បន្ថែម​ដូចជា​ផ្តល់​បទ​ពិសោធន៍ បច្ចេកទេស ធនធាន​ថវិកា ចំណេះដឹង​ជាក់​ស្តែង ទីផ្សារ ការ​កៀរគរ និង​ការ​ដោះស្រាយ​នូវ​បញ្ហា​ដែល​ត្រូវ​ប្រឈម៕