លោក​រដ្ឋមន្ត្រី ៖ ការ​ពង្រឹង​គុណភាព នៃ​ការ​ផ្តល់​សេវា​សុខាភិបាល គឺជា​ធុរកិច្ច​ស្នូល នៃ​ប្រព័ន្ធ​សុខាភិបាល​

លោក​រដ្ឋមន្ត្រី ៖ ការ​ពង្រឹង​គុណភាព នៃ​ការ​ផ្តល់​សេវា​សុខាភិបាល គឺជា​ធុរកិច្ច​ស្នូល នៃ​ប្រព័ន្ធ​សុខាភិបាល​



ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា​ការ​ពង្រឹង​គុណភាព នៃ​ការ​ផ្តល់សេវា​សុខាភិបាល គឺជា​ធុរកិច្ច​ស្នូល នៃ​ប្រព័ន្ធ​សុខាភិបាល និង​ជា​ភារ​កិច្ច​ស្នូល​របស់​មន្រី្ត បុគ្គលិក​សុខាភិបាល​គ្រប់រូប។

លោក​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​យ៉ាង​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា​, នៅ​ក្នុង​ពិធី​អបអរសាទរ ខួប​ទី​៧០​ឆ្នាំ នៃ​ការ​បង្កើត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ពិធី​បើក​សន្និ​សីទ​វិទ្យាសាស្ត្រ​, នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់។

លោក​សាស្ត្រាចារ្យ សា​ផុន វ​ឌ្ឍ​នះ សកលវិទ្យាធិការ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ឲ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ខួប នៃ​ការ​បង្កើត​សាកលវិទ្យាល័យ គឺជា​ការ​ចងចាំ​ពី​អតីតកាល ក៏ដូចជា​រីក​រាយ នឹង​ពេល​បច្ចុប្បន្ន និង​ជាពិសេស​បែរ​ឆ្ពោះ​ទៅ​រក​អនាគត។ សកលវិទ្យាធិការ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជាពិសេស​ស្ថានទូត​បារាំង មូលនិធិ China Medical Board អង្គការ Fred Hollows Foundation អង្គការ​សុខភាព​ពិភពលោក មូលនិធិ Merieux មូលនិធិ Pierre Fabre សមាគម​មិត្ត​និស្សិត និង​ឱសថការី​ខ្មែរ មជ្ឈមណ្ឌល Hebron សាកលវិទ្យាល័យ​ស្រី្ត EWHA អង្គការក្រៅរដ្ឋាភិបាល និង​សប្បុរសជន​នានា ដែល​បាន​ជួយ​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស សំភា​រះ បរិក្ខារ និង​ថវិកា​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដើម្បី​អភិវឌ្ឍ​សាកលវិទ្យាល័យ ឲ្យ​មានការ​រីកចម្រើន​ឈាន​ទៅ​កម្រិតស្តង់ដារ​តំបន់ និង​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​សម្រាប់​សន្និសីទ​នា​ថ្ងៃនេះ គឺ​យើង​លើក​យក​ប្រធានបទ​ពីរ​សំខាន់ រួមមាន ការ​ពង្រឹង​គុណភាព​ថែទាំ​សុខាភិបាល និង​ការ​ពង្រឹង​ការ​បណ្ដុះបណ្ដាល​ឧត្ដមសិក្សា ផ្នែក​វិទ្យា​សាស្ត្រ​សុខាភិបាល មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ។ ចំពោះ​ការ​ជ្រើសរើស​ប្រធានបទ​ទាំងពីរ​ខាង​លើ​នេះ សម្រាប់​សន្និសីទ​វិទ្យាសាស្ត្រ ដែល​ជា​ផ្នែក មួយ នៃ​យុទ្ធសាស្ត្រ​របស់​ក្រសួង ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធានា​លើកកម្ពស់​សុខុមាលភាព​ប្រជាជន ។ សិក្ខាសាលា​នេះ នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ទាំងអស់​អាច​ផ្លាស់ប្ដូរ​មតិយោបល់ ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក សម្រាប់​ការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាល នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​សម្រាប់​ការ​ពង្រឹង​គុណភាព​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​សុខាភិបាល​ផង​ដែរ។

ក្នុង​ខួប​ទី​៧០​ឆ្នាំ លោក រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា ក្នុង​របប​ប៉ុល ពត ប្រល័យ​ពូជ​សាសន៍​ពី​ឆ្នាំ​១៩៧៥-១៩៧៩ សាកលវិទ្យាល័យ ក៏ដូចជា​ស្ថាប័ន​ដទៃទៀត គឺ​បាន​បិទទ្វារ​ចោល​ទាំងស្រុង។ ក្រោយ​របប​ប្រល័យពូជសាសន៍​បាន​ដួល​រលំ​ទៅ នៅ​ឆ្នាំ​១៩៨០ សាកលវិទ្យាល័យ បាន​បើកទ្វារ​ដំណើរការ​ឡើងវិញ តែ​ពេលនោះ​យើង​នៅ​សល់​វេជ្ជបណ្ឌិត ឱសថការី ប្រហែល​ពី​៣០ ទៅ​៤០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​បាន​ខិតខំ ប្រឹងប្រែង​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ឡើងវិញ៕

លោក​រដ្ឋមន្ត្រី ៖ ការ​ពង្រឹង​គុណភាព នៃ​ការ​ផ្តល់​សេវា​សុខាភិបាល គឺជា​ធុរកិច្ច​ស្នូល នៃ​ប្រព័ន្ធ​សុខាភិបាល​