ក្រសួង​ការងារ​គ្រោង​នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល ​ធ្វើតេស្ត​ជំនាញ​ផ្នែក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​

ក្រសួង​ការងារ​គ្រោង​នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល ​ធ្វើតេស្ត​ជំនាញ​ផ្នែក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​



ភ្នំពេញ ៖ លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ការងារ​គ្រោង​នឹង​ដាក់​មជ្ឈមណ្ឌល​មួយ​សម្រាប់​វាស់​កម្រិត​សមត្ថភាព​ជំនាញ​ផ្នែក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅ​ពេល​ខាងមុខនេះ ។

លោក ពេ​ជ សោភ័ន បាន លើកឡើង​បែបនេះ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ បញ្ចប់​ការសិក្សា​ដល់​និស្សិត​ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ។ លោក​ ពេ​ជ ​សោភ័ន​បាន​បន្ត​ថា ដើម្បី​ពង្រឹង គុណភាព​លើ​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជា ជីវៈ​ក្រសួង​ការងារ​នឹង​ដាក់​ចេញ​នូវ មជ្ឈមណ្ឌល​ធ្វើតេស្ត​នៅ​ពេល​ខាងមុខនេះ។

បើ​តាម​តំណាង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​សំខាន់ ​ក្នុង​ការងារ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​។ ជា​លទ្ធផល​និស្សិត​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ចាប់ពី​ឆ្នាំ​១៩៨៤ រហូតមកដល់​បច្ចុប្បន្ន​សរុប មាន​ចំនួន ១១.៣៣២​នាក់ ក្នុង​នោះ​មាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន ៦១៩​នាក់ ថ្នាក់​បរិញ្ញាបត្រ​មា ន​ចំនួន​៥.៧៦០​នាក់ និង ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន ៤.៩៥៣​នាក់។

លោក​បញ្ជាក់​ថា «​មជ្ឈមណ្ឌល​ធ្វើតេស្ត​នេះ ​អ្នកណា​ក៏​អាច​ដាក់​ពាក្យ ដើម្បី​ចូល​ធ្វើតេស្ត​បាន​ដែរ​។ ឧទាហរណ៍​ធ្វើតេស្ត​គុណ​វុ​ធ គ្រប់​ជំនាញ ទាំង​សម្ភាសន៍​ផ្ទាល់មាត់ ជំនាញ​ពិត និង​ជំនាញ​ផ្សេងៗ​ទៀត​នោះ ​គេ​នឹង​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ជូន​គ្រប់​កម្រិត ទោះបី​ជា​មាន​អ្នក​មក​ធ្វើតេស្ត​នោះ​មកពី​ស្ថាប័ន​ណា​ក៏ដោយ​។ បុគ្គលិក កម្មករ​ដែល​គ្មាន​ចំណេះ​អ្វី​ក៏​អាច​ឬ​មិនបាន​ឆ្លងកាត់​សាលាក្តី​ទៅ​
ធ្វើតេស្ត​បាន​ដែរ។ ដូច្នេះ​វា​ជា​ផ្លូវ​មួយ​អ្នកនោះ​មានឱកាស​ដឹង ​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឲ្យ​គេ សិក្សា​បន្ត ឬ​បន្ថែម​សមត្ថភាព​របស់​ខ្លួន​បាន​»​។

លោក​ពេ​ជ សោភ័ន​លើកឡើង​ទៀត​ថា ក្រសួង​ការងារ​បន្ត​ពង្រឹង​ភាពជា​ដៃគូ​រវាង វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វិស័យ​ឯកជន ក្នុង​ការ​អភិវឌ្ឍ កម្មវិធី ហ្វឹកហ្វឺន​កូនជាង​។ ជាមួយគ្នា​នោះ​ដែរ​លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា​ ស្របតាម​កម្មវិធី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាល់​ចេញ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​ចំនួន​៥​ក្នុង​ការ​កំណែទម្រង់​វិស័យ​អាទិភាព​រយៈពេល ៥ ឆ្នាំ​(២០១៤ ២០១៨) គឺ ទី​១ ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ ​និង​សុខដុម​នីយកម្ម​វិជ្ជាជីវៈ ទី​២ កា​អភិវឌ្ឍ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ទី​៣ ការអភិវឌ្ឍន៍​មុខរបរ ​និង​ការងារ ទី​៤ ការ​អភិវឌ្ឍ​ការ របប​សន្តិសុខ​សង្គម​របស់​ជន​ទាំង​ឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​មុខរបរ ​និង​ការងារ និង​ទី​៥ ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ៕
ក្រសួង​ការងារ​គ្រោង​នឹង​ដាក់​ដំណើរការ​មជ្ឈមណ្ឌល ​ធ្វើតេស្ត​ជំនាញ​ផ្នែក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​