Fan Bingbing និង Jackie Chan លេងមួយក្បាច់ ធ្វើឲ្យអ្នកទស្សនាផើតពោះ

ចិន៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះ និងលេចធ្លោក្នុងវិស័យសិល្បៈ នោះគឺកំពូលតារាសម្តែងស្រី និងជារាជនីសម្រស់ Fan Bingbing រួមជាមួយនឹង កំពូលតារាសម្តែងប្រុសល្បីឈ្មោះគឺ លោក Jackie Chan ឬប្រិយមិត្តខ្មែរយើង តែងស្គាល់ថា ឈិន ឡុង ថ្មីៗនេះកំពុងតែធ្វើឲ្យអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ខណៈតារាទាំងពីររូបនេះ សាកល្បងសម្តែងឈុតមួយ លើឆាកផ្សាយផ្ទាល់ មុខទស្សនិកជនជាច្រើន។

ប្រភពបានឲ្យដឹងថា Fan Bingbing និងលោក Jackie Chan ជាញឹកញាប់តែងតែ សហការចាប់ដៃគ្នា ក្នុងការសម្តែងជានិច្ច ហើយដោយឡែកកាលពីពេលថ្មីនេះដែរ អំឡុងពេលជំនួបសន្និសីទកាសែត តារាសម្តែងប្រុស គឺលោក Jackie Chan បានលេងសើចជាពាក្យសម្តីទៅកាន់ Fan Bingbing ដើម្បីឲ្យទស្សនិកជន កាន់តែមានភាពសប្បាយរីករាយនោះ ថា «ខ្ញុំនៅរស់តើ ហើយក៏មិនទាន់ចូលសារៈមន្ទីរនោះទេ» ។ ខណៈដែលស្រីស្អាត Fan Bingbing បានឆ្លើយឆ្លងទាំងត្អូញត្អែរទៅកាន់ Jackie ថា កុំឲ្យមើលមកនាង នៅពេលដែលនាងកំពុងតែនិយាយ។  Jackie បានឆ្លើយតបទៅនាងវិញថា «ខ្ញុំមិនបានមើលស្រីស្អាតឯណា ប៉ុន្តែខ្ញុំកំពុងតែសម្លឹងមើល ទីវាលលំហឯណោះតើ» ។

ប្រភពបន្តថា ក្រោយពីសង្រ្គោមពាក្យសម្តីលេងសើចជាមួយគ្នាហើយ តារាទាំងពីរដួងនេះក៏បាន សម្តែងឈុតមួយ នៅចំពោះមុខអ្នកទស្សនាជាច្រើនផងដែរ ដែលបង្ហាញពីរបៀប វាយបកការពារខ្លួន ពីអ្នកដែលមានបំណងធ្វើបាប ឬចង់រំលោភបំពានលើរាងកាយ រហូតធ្វើឲ្យអ្នកទស្សនាផ្ទាល់នៅទីនោះ មានអារម្មណ៍ថាផើតពោះជំនួសពួកគេទាំងពីរ។

យ៉ាងណា ក្រោយពីសម្តែងលក្ខណៈលេងសើចនេះចប់ Jackie បានប្រាប់ថា នេះគ្រាន់តែជាបទពិសោធន៍ ដែលមិនអាចបំភ្លេចបានមួយ ក្នុងឈុតឆាកសម្តែងក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ៕  

ប្រភព៖ Lollipop | Asian-enews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ ត្រឹមតែរូបថតប៉ុន្មានសន្លឹករបស់ Fan Bingbing ជាមួយនឹងគូស្នេហ៍របស់នាង បានចូលទៅញ៉ាំកាហ្វេមួយកន្លែង ក៏បានធ្វើឲ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Fan Bingbing រួមជាមួយនឹងគូស្នេហ៍គឺលោក Jerry Lee បានចំណាយពេលវេលា នៅជាមួយគ្នាប្រកបដោយភាពសាមញ្ញ និងផ្អែមល្ហែម នៅឯហាងកាហ្វេមួយ ហើយដោយសកម្មភាពទាំងនោះ ត្រូវបានគេលួចថតបាន និងយកមកបង្ហោះនៅលើ បណ្តាញអ៊ិនធើណេត ដែលកំពុងតែទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យមានការ កត់សម្គាល់ជាពិសេសនោះ គឺអាកប្បកិរិយារបស់ពួកគេទាំង២ ដែលបង្ហាញពីភាពផ្អែមល្ហែម រវាងគ្នាទៅវិញទៅមក ដោយនេះអាចបញ្ជាក់បានថា ក្តីស្នេហ៍របស់ Fan និង Jerry គឺកើតចេញពីចិត្តពិតប្រាកដមែន។

នៅក្នុងរូបថតទាំងនោះដែរ គេអាចសង្កេតឃើញថា Fan Bingbing បានទ្រេតខ្លួនទៅលើ លោក Jerry ខណៈពេលដែលរូបគាត់ កំពុងតែចុចទូរស័ព្ទ ដោយសកម្មភាពទាំងនេះ គឺធ្វើឡើងដោយមិនបានខ្វល់ពី អ្នកនៅជុំវិញខ្លួនឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload