យន្តហោះ​តាម​រក​យន្តហោះ SU-30 MK2 បាត់ដាន​បាត់​ការ​ទាក់ទង

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា យន្តហោះ​ជួយ​សង្គ្រោះ​ធុន CASA 212 មួយ​គ្រឿង​មាន​មនុស្ស​ជិះ​៩​នាក់​បាន​បាត់​ការ​ទាក់ទង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ពេល​ហោះហើរ​តាម​រុករក​អ្នក​បើក​យន្តហោះ លោក TRAN QUANG KHAI នៃ​យន្តហោះ​ប្រដេញ​ទំនើប SU-30 MK2 ដែល​បាត់ដាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ។

យន្តហោះ​ធុន CASA 212 នោះ​ត្រូវ​បញ្ជូន​ទៅ​ក្រោយ​ពី​បណ្តា​ក្រុម​ជួយ​សង្គ្រោះ ទទួល​បាន​សញ្ញា​ហៅរក​ជំនួយ​មួយ​សន្មត់​ថា របស់​វរសេនីយទោ TRAN QUANG KHAI នាយសេនាធិការ​កងវរសេនាធំ​៩២៣​នៃ​កងពលធំ​៣៧១ របស់​កងទ័ពអាកាស និង​ការពារ​អាកាស​វៀតណាម ។ បន្ទាប់​ពី​ហោះ​កាត់​ស្រុក​ដែន​កោះ BACH LONG VI ក្នុង​ឈូង​សមុទ្រ BAC BO (​តុងកឹង​) យន្តហោះ​នេះ​សុំ​ការ​អនុញ្ញាត​ចុះ ក៏​ប៉ុន្តែ​ការ​ទាក់ទង​បន្ទាប់​មក​ត្រូវ​កាត់​ផ្តាច់ ។

បំណែក​ជា​ច្រើន​អាច​ជា​បំណែក​យន្តហោះ CASA 212 ត្រូវ​បាន​រក​ឃើញ​នៅ​ភាគ​និរតី​កោះ BACH LONG VI ជិត​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ឈូង​សមុទ្រ​តុងកឹង ។

អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម លោក NGUYEN CHI VINH បាន​ជួប​នៅ​ក្រុង​ហាណូយ​នា​ថ្ងៃ​ទី​១៦ មិថុនា ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​វៀតណាម លោក HONG XIAOYONG ហើយ​ស្នើ​ដល់​ចិន​ឱ្យ​ជួយ​រួម​សហការ និង​សម្រួល​ដល់​កា​ងារ​របស់​កងកម្លាំង​ជួយ​សង្គ្រោះ​វៀតណាម ដើម្បី​ធ្វើការ​រុករក​នៅ​ភាគ​ខាងកើត​ខ្សែបន្ទាត់​ព្រំ​ដែនទឹក​ក្នុង​ឈូង​សមុទ្រ​តុងកឹង ព្រមទាំង​ជួយ​ផ្តល់​រាល់​ព័ត៌មាន ។

ម្យ៉ាងវិញទៀត នា​ថ្ងៃ​ទី​១៦ មិថុនា កង​ឆ្មាំ​ឆ្នេរសមុទ្រ​វៀតណាម​ប្រកាស​ថា របស់​មួយ​សង្ស័យ​ជា​ភ្លៅ​កង់​មុខ​របស់​យន្តហោះ SU-30 MK2 ត្រូវ​បាន​ប្រទះ​ឃើញ ៕