ប្រធាន IOC សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍ Rio Olympic

ប្រធាន​គណៈកម្មាធិការ​កីឡា​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach បាន​រៀបរាប់​ពី​ការ​រចនា​រៀបចំ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា Olympic កាលពី​ថ្ងៃ​ពុធ​ថា ការ​រៀបចំ​នេះ​ពិតជា​ស្រស់​ស្អាត​ដែល​ពី​មុន​មក​រូប​លោក​មិន​ធ្លាប់​ឃើញ ខណៈ​ការ​រៀបចំ​ទាំងនេះ​ប្រើប្រាស់​ទឹកប្រាក់​អស់​ចំនួន​៨៣៥​លាន​ដុល្លារ ។

តំបន់​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ប្រេ​ស៊ី​ល​កសាង​ឡើង​នៅ​ជិត​សួន Barra Olympic Park ក្នុង​តំបន់ Barra da Tijuca នៃ​ទីក្រុង Rio ដែល​មាន​៣១​អគារ លាតសន្ធឹង​លើ​ផ្ទៃដី​សរុប​ប្រមាណ ២០០.០០០​ម៉ែត្រការ៉េ ។

ទីតាំង​មួយ​នេះ​អាច​ផ្ទុក​អត្ត​ព​លិ​ក មន្ត្រី បុគ្គលិក និង​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​បាន​ចំនួន ១៨.០០០​នាក់​អំឡុង​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​៥-២១​សីហា​។

លោក Bach បាន​ថ្លែង​ថា ៖«​វា​ពិតជា​ស្អាត​ណាស់ ខ្ញុំ​មិន​ដែល​ឃើញ​ការ​រៀបចំ​ព្រឹត្តិការណ៍ Olympic អ​ញ្ចឹ​ង​ទេពី​មុន​មក ។ ទី​នេះ​គឺជា​ស្នូល​នៃ​ការ​ប្រកួត Olympic ២០១៦ ហើយ​វា​នឹង​សាយភាយ​ទៅ​កាន់​ពិភពលោក​ពី​កន្លែង​ដ៏​អស្ចារ្យ​នេះ ។

ចៅហ្វាយ​ក្រុង Rio លោក Eduardo Paes មាន​ប្រសាសន៍​ថា ជំនួយ​ឧបត្ថម្ភ​ក្នុង​ការ​កសាង​នេះ​បាន​មក​ពី​វិស័យ​ឯកជន ។ យ៉ាងណាមិញ​ទីតាំង​មួយ​នេះ​នឹង​មានការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០១៧ ខណៈ​អគារ​ទាំងអស់​នឹង​ត្រូវ​លក់​ឱ្យ​វិនិយោគិន​ឯកជន ៕