ហ្វូង​ដង្កូវ​បំផ្លាញ​ស្រូវ​ជា​ច្រើន​ហិកតារ​របស់​ពលរដ្ឋ​ខេត្ត​ព្រះវិហារ​និង​សៀមរាប

អភូតហេតុ​ដ៏​ចម្លែក​កម្រ​ជួបប្រទះ​មួយ​កំពុង​កើត​មាន​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ស្ថិត​នៅ​ប៉ែក​ឧត្តរ​របស់​ប្រទេស​កម្ពុជា។

អភូតហេតុ​ធម្មជាតិ​នោះ គឺ​មាន​សត្វ​ដង្កូវ​រាប់​ម៉ឺន​ក្បាល​បាន​កើត​ឡើង​នៅ​ពាសពេញ​ដី ហើយ​បាន​ស៊ី​បំផ្លាញ​ស្រូវ ព្រម​ទាំង​ដំណាំ​ចម្ការ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​រយ​ហិកតារ។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ របស់​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដោយ​ខូចខាត​ផលដំណាំ​ជា​ច្រើន​ហិកតារ នៅ​ក្នុង​រដូវវស្សា​នៃ​ដើម​ឆ្នាំ​២០១៦។

​ការ​ខូចខាត​ផលដំណាំ​ដែល​ទើបតែ​ចាប់​ផ្ដើម​ក្នុង​រដូវ​ដាំ​ដុះ​នេះ បណ្ដាល​មក​ពី​អភូតហេតុ​ធម្មជាតិ​ដែល​កើត​មាន​សត្វ​ដង្កូវ​រាប់​ម៉ឺន​ក្បាល ហើយ​ចាប់​ផ្ដើម​ស៊ី​បំផ្លាញ​ស្រូវ និង​ផលដំណាំ​ដទៃ​ទៀត​អស់​ជា​ច្រើន​ហិកតារ​ក្នុង ១​យប់ៗ។

កសិករ​ម្នាក់​នៅ​ឃុំ​គូលែន​ខាងជើង នៃ​ស្រុក​គូលែន ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ទៀត គឺ​លោក ងួន គុណ។ លោក​អះអាង​ថា បច្ចុប្បន្ន នៅ​ភូមិ​របស់​គាត់​និង​ភូមិ​ជាប់​គ្នា គឺ​កំពុង​កើត​មាន​ហ្វូង​ដង្កូវ​រាប់​ម៉ឺន​ក្បាល។ សត្វ​ដង្កូវ​នេះ ក្រៅ​តែ​ពី​ស៊ី​បំផ្លាញ​ស្លឹកឈើ​ព្រៃ វា​ក៏​ស៊ី​បំផ្លាញ​ដំណាំ​កសិករ​អស់​ជា​ច្រើន​ហិកតារ​ក្នុង ១​ថ្ងៃៗ។

បុរស​ដដែល​បញ្ជាក់​ថា គាត់​បាន​ដាំ​ឪឡឹក​ជា​ច្រើន​ហិកតារ ក៏ប៉ុន្តែ​តាំង​ពី​មាន​វត្តមាន​ហ្វូង​ដង្កូវ​គឺ​វា​នាំ​គ្នា​ស៊ី​ក្ដឹប​ឪឡឹក​អស់​គ្មាន​សល់ បើ​ទោះបី​ជា​ប្រើ​ថ្នាំពុល​បាញ់​ក៏​ស្លាប់​តែមួយ​ចំនួន ឯ​មួយ​ចំនួន​ទៀត​ក៏​កើត​ឡើង​ជា​ថ្មី៖ «ដង្កូវ​ហ្នឹង​វា​ពណ៌​ខ្មៅ​ផង ពណ៌​ខៀវ​កាត់ៗ​ផង តូចៗ​ប្រហែល​ជា​ប៉ុន​ជើង​ធូប​ខ្លះ ធំ​ជាង​បន្តបន្ទាប់​រហូត​ដល់​ប៉ុន​កូនដៃ។ អា​កូន​កើត​ឡើង​ធំ​ក្លាយ​ទៅ​ជា​មេ​វា​ងាប់​ទៅ​អា​កូន​កើត​ឡើង​ថ្មី​ទៀត»

នៅ​ស្រុក​គូលែន ភាគ​ខាង​ត្បូង​ទីរួម​ខេត្ត​ព្រះវិហារ គឺ​សត្វ​ដង្កូវ​ប្រភេទ​នេះ កំពុង​លុកលុយ និង​បំផ្លាញ​ផលដំណាំ​អស់​ជា​ច្រើន​ហិកតារ។

ទោះ​ជា​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ស្រុក​គូលែន ទទួល​បន្ទុក​កសិកម្ម និង​ព្រៃឈើ លោក ប៉ែន ជឹង ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​តួលេខ​នៃ​ការ​ខូចខាត​ផល​ដំណាំ​នៅ​ស្រុក​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។ ចំណែក​នៅ​ក្រុង​ព្រះវិហារ ហ្វូង​សត្វ​ដង្កូវ​ប្រភេទ​ដូច​គ្នា​នេះ ក៏​កំពុង​រាតត្បាត​ដំណាំ​នៅ​តាម​ចម្ការ​ដែរ។

ដង្កូវ​ស៊ី​ស្រូវ ព្រះវិហារ ៨៥៥
ហ្វូង​ដង្កូវ​ស៊ី​ដំណាំ​ដំឡូងមី​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ។ Photo provided

​កសិករ​នៅ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ លោក សឿន លុច មាន​ប្រសាសន៍​ថា រូប​លោក​ក៏​ដូចជា​កសិករ​ជា​ច្រើន​គ្រួសារ​បាន​ខូចខាត​ផល​ដំណាំ​អស់​ជា​ច្រើន​ហិកតារ ដោយ​មិន​មាន​មធ្យោបាយ​ណា​ការពារ​បាន​ឡើយ។

បុរស​ដដែល​បញ្ជាក់​ថា លោក​បាន​ដាំ​សណ្ដែកបាយ​លើ​ផ្ទៃដី​ទំហំ​ប្រហែល​ជា ៦​ហិកតារ ក៏ប៉ុន្តែ​ហ្វូង​សត្វ​ដង្កូវ​បាន​ចោមរោម​ស៊ី​អស់៖ «វា​ចំនួន​រាប់​ម៉ឺន​រាប់​សែន​ដង្កូវ ថា​ច្រើន​ហួស​ពី​ការ​ស្មាន។ វា​ស៊ី ១​យប់ៗ អស់​ប្រហែល​ជា ២-​៣​ហិកតារ»

មន្ត្រី​មន្ទីរ​កសិកម្ម-​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ហ្វូង​ដង្កូវ​កំពុង​កើត​មាន​ជា​ច្រើន​ស្រុក​នៅ​តាម​តំបន់​ខ្លះ​របស់​ខេត្ត​ព្រះវិហារ។ ស្រុក​ទាំង​នោះ​មាន​ស្រុក​គូលែន ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ឆែប រួម​ទាំង​ភាគ​ខ្លះ​នៃ​ក្រុង​ព្រះវិហារ។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា មាន​ប្រសាសន៍​ថា តាម​ការ​យល់​ដឹង​របស់​លោក គឺ​ហ្វូង​ដង្កូវ​ទាំង​នោះ​បាន​កើត​មាន​ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល។ កាល​ពី​រដូវប្រាំង​កន្លង​ទៅ ដោយសារ​តែ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង វា​ជា​អំណោយផល​ឱ្យ​សត្វ​មេអំបៅ​ព្រៃ​ម្យ៉ាង​អាច​ពង​នៅ​ក្រោម​ដី ហើយ​ញាស់​ចេញ​ជា​ដង្កូវ​បាន​ល្អ​ជាង​ពេល​ដែល​មាន​អាកាសធាតុ​ត្រជាក់។

លោក ពឹង ទ្រីដា បញ្ជាក់​ថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម ឱ្យ​ចុះ​ទៅ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជា​កសិករ អំពី​វិធី​ទប់ទល់​នឹង​សត្វ​ដង្កូវ​ទាំង​នោះ តាម​វិធី​ធម្មជាតិ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​គីមី​ពុល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។ លោក​ថា សត្វ​ដង្កូវ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ណា​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោកជាំ​ដី​សព្វ​ទីកន្លែង៖ «យើង​អប់រំ​ប្រជាជន​ឱ្យ​ជីក​ចង្អូរ ប្រហែល​ជម្រៅ ១​តឹក​កន្លះ ហើយ​វា​វារ​មក វា​ធ្លាក់​ចូល​រណ្ដៅ​ហ្នឹង​គឺ​វារ​ឡើង​មិន​រួច​ទេ រួច​ហើយ​យើង​អាច​ប្រមូល​វា​យក​ទៅ​កម្ទេច​ចោល​បាន»

មន្ត្រី​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ស្រុក​ចំនួន​៥ របស់​ខេត្ត​ព្រះវិហារ ដែល​កើត​មាន​ហ្វូង​ដង្កូវ​នោះ គឺ​ស្រុក​សង្គមថ្មី បាន​ទទួល​រង​ការ​ខូចខាត​ផល​ដំណាំ​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​ដំណាំ​ល្ពៅ​របស់​ប្រជាពលរដ្ឋ​ប្រហែល ១០០​ហិកតារ កំពុងតែ​ផ្លែ​ទៅ​ហើយ ត្រូវ​ដង្កូវ​ស៊ី ហើយ​រុយ​ពង​ដាក់​បណ្ដាល​ឱ្យ​កើត​ជា​ដង្កូវ​មួយ​ប្រភេទ​ផ្សេង​ទៀត​ចូល​ទៅ​ស៊ី​ខាង​ក្នុង​រលួយ​ខូច​អស់។

​នៅ​ខេត្ត​ព្រះវិហារ មាន​ដំណាំ​ដំឡូង​មី សណ្ដែកបាយ និង​ស្រូវ​ជា​ច្រើន​ហិកតារ បាន​ខូចខាត​ដោយសារ​តែ​ហ្វូង​ដង្កូវ​នេះ។

ចំណែក​នៅ​ឯ​ភូមិ​ស្លែង ឃុំ​ស្រណាល នៃ​ស្រុក​ក្រឡាញ់ ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប អាជ្ញាធរ​បាន​រាយការណ៍​ថា ដង្កូវ​ហ្វូង​បាន​កើត​ឡើង​រាប់​ម៉ឺន​ក្បាល ហើយ​បាន​ស៊ី​បំផ្លាញ​ស្រូវ​ពង្រោះ​អស់​ប្រហែល ២០០​ហិកតារ ក្នុង​រយៈពេល ៣-​៤​ថ្ងៃ​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។