Euro 2016៖ អ៊ីតាលី ប៉ះ ស៊ុយអែត ឆេ​ក ជួប ក្រូ​អាស៊ី អេ​ស្ប៉ា​ញ​ប្រកួត​ជាមួយ​តួ​ក​គី​ និពន្ធដោយ : រួបរួម       June-17-2016, 3:11 pm         172

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ អ៊ីតាលី ប៉ះ ស៊ុយអែត ឆេ​ក ជួប ក្រូ​អាស៊ី អេ​ស្ប៉ា​ញ​ប្រកួត​ជាមួយ​តួ​ក​គី​អ្នកគាំទ្រ​ស៊ុយអែត។ រូបថត UEFA Euro​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 នៅ​ប្រទេស​បារាំង​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​ពីរ​សម្រាប់​ពូ​ល D និង ពូ​ល E​។ នា​រាត្រី​នេះ អ៊ីតាលី ត្រូវ​តទល់​ជាមួយ​ស៊ុត​អែ​ត នៅមុន​ការ​ប៉ះគ្នា​ជា​បន្តបន្ទាប់​រវាង​សាធារណរដ្ឋ​ឆេ​ក និង ក្រូ​អាស៊ី អេ​ស្ប៉ា​ញ និង​តួ​ក​គី​។​

​ជំនួប​នៅ​កីឡដ្ឋាន Stadium Municipal ក្នុង​ក្រុង Toulouse អ៊ីតាលី ស្វែងរក​ជ័យជម្នះ​បន្ថែមទៀត​ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ស៊ុយអែត នា​វេលា​ម៉ោង​៨​យប់​។ អ៊ីតាលី បាន​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ២-០ លើ​បែលហ្ស៊ិក ខណៈ​ស៊ុយអែត បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​សារ​ធារ​ណ​រដ្ឋ​អៀរ​ឡង់ នៅក្នុង​ពូ​ល E ដូចគ្នា​។​

​នៅក្នុង​ពូ​ល D សាធារណរដ្ឋ​ឆេ​ក ត្រូវ​ជួប​ជាមួយ​ក្រូ​អាស៊ី នា​វេលា​ម៉ោង​១១​យប់ នៅ​កីឡដ្ឋាន Stade Geoffroy-Guichard ក្រុង Saint Etienne​។ ឆេ​កបាន​រងគ្រោះ​ដោយសារ​អេ​ស្ប៉ា​ញ ១-០ នៅ​ចុង​ម៉ោង​នា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល ខណៈ​ក្រូ​អាស៊ី មាន​បី​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឈ្នះ​តួ​ក​គី ១-០ ។​

​នា​វេលា​ម៉ោង​២​ទៀបភ្លឺ ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ រំពឹង​បាន​៣​ពិន្ទុ​បន្ថែមទៀត នៅពេល​ពួកគេ​តទល់​ជាមួយ​តួ​ក​គី​នៅ​កីឡដ្ឋាន Allianz Riviera ក្នុង​ទីក្រុង Nice​។ វា​ជាការ​ប្រកួត​មួយ​ដ៏​លំបាក​បំផុត​សម្រាប់​តួ​ក​គី ព្រោះ​ការបរាជ័យ​នឹង​នាំ​ឲ្យ​ពួកគេ​ធ្លាក់​ចេញពី Euro ដោយ​ស្វ័យប្រវត្តិ​។​

​មកដល់​ពេល ម្ចាស់ផ្ទះ​បារាំង​ដែល​ស្ថិតនៅក្នុង​ពូ​ល A ក្លាយជា​ក្រុម​ដំបូង​ដែល​ឈានទៅ​កាន់​វគ្គ​១៦​ក្រុម ខណៈ​ស្វ៊ី​ស និង​រ៉ូ​មា​នី នៅមាន​ពិន្ទុ​ប្រដេញ​គ្នា តែ​អាល់​បា​នី នៅសល់​ឱកាស​ដ៏​តិចតួច​បំផុត​។

​សម្រាប់​ពូ​ល B អង់គ្លេស​ឡើងឈរ​លេខ​មួយ​ជា​បណ្តោះអាសន្ន ដោយមាន​៤​ពិន្ទុ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​វេ​ល​ស៍ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ស្លូ​វ៉ា​គី មាន​៣​ពិន្ទុ​ស្មើ​វេ​លស៍ ក្រោយ​ឈ្នះ​រុស្ស៊ី ២-១ ខណៈ​រុស្ស៊ី​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ​។​

​នៅក្នុង​ពូ​ល C អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ក្រុម​ទាំង​មួយ​ដែល​បាត់បង់​ឱកាស​ក្នុងការ​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ពួកគេ​ចាញ់​២​ប្រកួត​ជាប់​គ្នា​។ អាល្លឺម៉ង់ និង​ប៉ូឡូញ បានបញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដែល​នាំ​ឲ្យ​ពួកគេ​មាន​៤​ពិន្ទុ​ដូចគ្នា​ពី​ការប្រកួត​ពីរលើក ខណៈ​អៀរ​ឡង់​ខាងជើង​ដែល​បាន​យកឈ្នះ​អ៊ុយ​ក្រែ​ន ២-០ មាន​៣​ពិន្ទុ ដែល​នាំ​ឲ្យ​ពួកគេ​រក្សា​ការ​ប្រជែង​សម្រាប់​តំណែង​កំពូល​តារាង​៕

​កម្មវិធី​ប្រកួត​រាត្រី​នេះ​៖
-​ម៉ោង​៨​ព្រឹក​៖ អ៊ីតាលី ប៉ះ ស៊ុយអែត​
-​ម៉ោង​១១​យប់​៖ សាធារណរដ្ឋ​ឆេ​ក ប៉ះ ក្រូ​អាស៊ី​
-​ម៉ោង​២​អា​ធ្រា​ត្រ​៖ អេ​ស្ប៉ា​ញ ប៉ះ តួ​ក​គី​