ចោរ​ឬ​មិនមែន​ចោរ? មាន​បិទ​ស្លាក​«​សូម​ចូលរួម​ទប់ស្កាត់​អំពើ​ឆក់​ប្លន់​…»​បែប​នេះ

រាជធានី​ភ្នំពេញ ៖ រឿង​ហួសចិត្ត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ដែល​មាន​បិទ​ស្លាក​ថា «​សូម​ចូលរួម​ទប់ស្កាត់​អំពើ​ឆក់​ប្លន់ សូម​ចូលរួម​សហ​ការណ៍​ដោយ​ឆ្នោត​៥​ខ្ទង់​» តែ​ខ្លួនឯង​បែរជា​ត្រូវ​បាន​គេ​សង្ស័យ​ថា​ធ្វើ​ចោរលួច​ខោអាវ​គេ​ទៅ​វិញ ហើយ​ត្រូវ​បាន​ម្ចាស់​គេ​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅទៀត ។ ហេតុការណ៍​កើតឡើង​នៅ​ក្នុង​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ លឿន ចំរើន មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់​ខោអាវ​ឈ្មោះ សួន ភិ​រម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​អ្នកលក់​ខោអាវ​បាន​ចូល​ទៅ​ហូប​បាយ​នៅ​ក្នុងផ្ទះ​ដោយ​មិន​មាន​អ្នក​ចាំ​មើល​របស់​ឲ្យ​ទេ ខណៈនោះ​ជនសង្ស័យ​បាន​ចូល​ទៅ​លួច​យក​ខោអាវ​ដាក់​ក្នុង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ។ ចំណែក​ជន​រង​គ្រោះ​ក្រោយ​ពេល​ហូប​បាយ​រួច​បាន​ប្រញាប់ប្រញាល់​ចេញ​មក​កន្លែង​លក់​វិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​កំពុង​លើក​ខោអាវ​ដាក់​ក្នុង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ដេញ​តាម​ចាប់​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ក៏​មាន​អ្នកលក់​ខោអាវ​ច្រើន​នាក់​ទៀត​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ចោរលួច​បាន​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​មើល​មុខ​ជនសង្ស័យ​ម្នាក់​នោះ​ដែរ និង​បាន​អះអាង​ថា ជន​នោះ​រួម​ជាមួយ​បក្សពួក​បាន​លួច​របស់​ខ្លួន ។ ដោយ​ពួក​គេ​បាន​និយាយ​ថា រាល់ពេល​ដែល​ពួក​គេ​បាត់​ខោអាវ​ម្ដង​ៗ​មាន​អ្នក​ជិតខាង​បានឃើញ​ជនសង្ស័យ​នោះ​ជា​អ្នក​លួច​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​មាន​ភាព​ក្លាហាន​ហ៊ាន​ចេញ​មុខ​ប្រាប់​នោះ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន ។

ទោះបីជា​បែប​ណា ជនសង្ស័យ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​លួច​ខោអាវ​នោះ​ទេ គឺ​នៅ​ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ស្វែងរក​ដឹក​ម៉ូយ មាន​ជន​ម្នាក់​ហៅ​ឲ្យ​ខ្លួន​ដឹក​ខោអាវ​នោះ ទើប​ខ្លួន​ជួយ​លើកដាក់​ក្នុង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដើម្បី​ដឹក​ចេញ ក៏​ស្រាប់តែ​ម្ចាស់​មក​ទាន់​បាន​ស្រែ​កថា ចោរ​ៗ​និង​ចាប់ខ្លួន ចំណែក​អ្នក​ហៅ​ឲ្យ​ខ្លួន​ដឹក​ខោអាវ​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ៕