ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ រង​ការ​ចោទ​ប្រកាន់​ថា ​បោកប្រាស់​ភ្ញៀវ

ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ រង​ការ​ចោទ​ប្រកាន់​ថា ​បោកប្រាស់​ភ្ញៀវ



ប៉ោយប៉ែត​ ៖ ​ប្ដី​ប្រពន្ធ​មួយ​គូ ​បាន​​​រាយការណ៍​ជូន​អ្នក​កាសែត​ថា ខ្លួន​បាន​ចាញ់បោក​ក្រុមហ៊ុន​ឡាក់​គី​ ដែល​ជា​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ ទើប​បើក​ថ្មី​ ខណៈ​ ដែល​ខ្លួន​គាត់​បាន​ចាក់​រង្វាន់​ឆ្នោត​ ត្រូវ​ហើយ ​បែរ​ជា​គេ​មិន​បើក​លុយ​ឲ្យ​ទៅ​វិញ។

ស្ត្រី​ រួម​នឹង​ប្តី​​​ខាង​លើ ​បាន​អះអាង​ថា ​ខ្លួន​មាន​ឈ្មោះ​ថា​ អុំ​ ច​ន្ឋី​ អាយុ​៣៦​ឆ្នាំ ​ឯ​ប្តី​មានឈ្មោះ​ឡេង​ សុ​មេ​ង​ អាយុ​៥៥​ឆ្នាំ​ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ ខេត្ត​ បន្ទាយមានជ័យ។ នៅ​មុន​ពេល​កើតហេតុ​ កាលណោះ​ ​​ស្ថិត​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា ​ឆ្នាំ​២០១៦​​​ ​​គាត់​បាន​ទៅ​ទិញ​ប័ណ្ណ​ផ្សងសំណាង​មួយ​សន្លឹក ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ក្នុង​តម្លៃ​១០០០​បាត។ នៅ​ក្នុង​ប័ណ្ណ​ផ្សងសំណាង​នោះ​ មាន​ដាក់​លេខ​ផ្សងសំណាង​បី​ខ្ទង់​និង​រូបថត​សម័យ​ខ្លួន​ផង​ដែរ​ ក្នុង​នោះ​គាត់​មាន​លេខ​ត្រូវ​រង្វាន់​បី​លេខ​ គឺ​លេខ​០៤៥​ស្មើ​នឹង​ប្រាក់​រង្វាន់​ចំនួន​២០០០០​បាត​ឯណោះ។ ក្រោយពី​បាន​ដឹង​ថា ​​បាន​ត្រូវ​រង្វាន់​ភ្លាម ​ខ្លួន​ ក៏​ប្រញាប់​មក​បើក​លុយ​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ក្នុង​ថ្ងៃ​ទី​១៧​ ខែ​ឆ្នាំ​ដដែល​ នៅ​ឯ​ក្រុមហ៊ុន​ខាងលើ​នោះ ​ស្រាប់តែ​ខាង​ក្រុមហ៊ុន​មិន​បាន​បើក​លុយ​ឲ្យ​នោះ​ទេ​ ដោយ​ខាង​ក្រុមហ៊ុន​និយាយ​ថា​មក​យឺត​២០​នាទី ​ដូច្នេះ​ខាង​ក្រុមហ៊ុន​មិន​បើក​លុយ​ឲ្យ​ទេ​ ទើប​រូប​គាត់​និង​ប្តី​នាំគ្នា​មក​ប្រាប់​អ្នក​កាសែត​ថា ​ក្រុមហ៊ុន​ឡាក់​គី​នោះ​ គឺជា​ក្រុមហ៊ុន​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​តែម្តង។

លោក កែវ រដ្ឋ​នា តំណាង​ក្រុមហ៊ុន​ឡាក់​គី ​បាន​អះអាង​ថា​ ខាង​ក្រុម​ហ៊ុន​មាន​លក្ខខណ្ឌ​​ ​រួចហើយ​ចំពោះ​អ្នក​ដែល​មាន​ប័ណ្ណ​ផ្សងសំណាង​ណា ​ដែល​ត្រូវ​លេខ​ផ្សងសំណាង​ ហើយ​មានការ​យឺត​កន្លះ​ម៉ោង​ គឺ​ខាង​ក្រុមហ៊ុន​មិន​បើក​លុយ​ឲ្យ​នោះ​ទេ​នេះ ​គឺជា​កំហុស​របស់​ម្ចាស់​ផ្សងសំណាង​មិន​មែន​ម្ចាស់​ក្រុមហ៊ុន​ខុស​នោះ​ទេ៕