គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តាម​តំបន់​អតីត​​​សមរភូមិ ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ ប្រាប់​សមត្ថកិច្ច​ឲ្យ​​ចុះ​ទៅ​យក

គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តាម​តំបន់​អតីត​​​សមរភូមិ ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ ប្រាប់​សមត្ថកិច្ច​ឲ្យ​​ចុះ​ទៅ​យក



ពោធិ៍សាត់ ​៖​ គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តំបន់​អតីតសម័យ​សង្គ្រាម​ សមរភូមិ​ក្ដៅ​តាម​មាត់​ព្រៃរនាម ​ក្រោម​ស្ថិត​ជាប់​ខាងត្បូង​មាត់បឹង​ទន្លេសាប​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​​​​ចុះ​ទៅ​យក​មក​រក្សាទុក​ឲ្យ​មន្ត្រី​ស៊ីម៉ាក់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី ថ្ងៃ​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០១៦​ស្ថិត​ត្រង់​ចំណុច​ម្ដុំ​ខាង​ជើង​បឹង​ត្រី​រៀល ភូមិ​របង​រមាស ​ឃុំ​បឹង​បង់​កណ្ដោល ស្រុក​បាកាន ​ខេត្ត​ពោធិ៍សាត់។

បើ​តាម​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន ​នៅ​ឃុំ​បឹង​បត់​កណ្ដោល ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ក្នុងស្រុក​បាកាន​ ក៏​ដូច​ទូទាំង​ខេត្ត​មានការ​យល់ដឹង​ច្រើន​ជាង​មុន​​​ ក្នុង​ពេល​ដែល​ពួកគាត់​ជួបប្រទះ​ឃើញ​អាវុធ​យុទ្ធភណ្ឌ​ និង​គ្រាប់​មិនទាន់​ផ្ទុះ ​កាលពី​អតីតសម័យ​សង្គ្រាម ​គឺ​ពួកគាត់​តែង​រាយការណ៍​មក​សមត្ថកិច្ច​ អាជ្ញាធរ។

លោក​បាន​បន្ត​ថា​ ជាក់ស្ដែង​ក្នុងស្រុក​បាកាន​ នា​ពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍​មុន​នេះ​ ក៏​សមត្ថកិច្ច​យើង​ចុះ​ទៅ​ជាមួយ​មន្ត្រី​អង្គការ​ស៊ីម៉ាក់​ប្រមូល​​ ​គ្រាប់​មិនទាន់​ផ្ទុះ​ សល់​ពី​សម័យ​សង្គ្រាម​​ បាន​មួយ​ចំនួន​ធំ​ផង​ដែរ។ លុះ​នៅ​វេលា​ម៉ោង​ជាង​២​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា​​ ប្រជាពលរដ្ឋ​ ដែល​ធ្វើស្រែ​ក្បែរ​តំបន់​មាត់​ព្រៃរនាម​ជាប់​មាត់បឹង​ទន្លេសាប​ និង​ដើរ​ឃ្វាលគោ​ក្របី​ត្រង់​ចំណុច​ខាងលើ​ ​​ជា​អតីត​សមរភូមិ​ក្ដៅ​ ក៏​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ​នៅ​មាន​គុណភាព​ក្នុង​ការ​បង្ក​ឲ្យ​មនុស្ស​គ្រោះថ្នាក់​ចំនួន​​៥​គ្រាប់ ​ជា​ប្រភេទ​គ្រាប់​សេ​កា​សេ​ឡង់​ ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ ​ចុះទៅ​យក​មក​រក្សាទុក​ឲ្យ​មន្ត្រី​អង្គការ​ស៊ីម៉ាក់​តែម្ដង។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ​សូម​បន្ត​កិច្ចការ​រាយការណ៍​ជូន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​តទៅទៀត​ នៅ​ពេល​ដែល​​​ជួបប្រទះ​អាវុធ​យុទ្ធភណ្ឌ​ និង​គ្រាប់​មិនទាន់​ផ្ទុះ ​ដែល​សល់​ពី​សម័យ​សង្គ្រាម ​ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោក​អ្នក​ប៉ះពាល់​វា ​ដោយ​គ្មាន​ជំនាញ៕