មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​បន្ត​គំរាមកំហែង​រឿង​ផ្ដិត​មេដៃ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ ចោទ​អាជ្ញាធរ​ថា នៅ​បន្ត​គំរាមកំហែង​សកម្មជន​របស់​ខ្លួន និង​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ។ ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ស្រុក និង​ក្រុង​សរុប​ចំនួន ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​គំរាមកំហែង និង​ចេញ​លិខិត​ហៅ​ទៅ​សួរ​នាំ​រឿង​ប្រមូល​ស្នាម​មេដៃ​ថ្វាយ​ព្រះ​មហាក្សត្រ។

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​នេះ​យាយី​ធ្វើ​បាប​សកម្មជន និង​ពលរដ្ឋ​ណា​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ផ្ដិតមេដៃ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ។ ការ​រឹតត្បិត គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រោយ​មួយ​សប្ដាហ៍​ដែល​គណបក្ស​ប្រឆាំង​ប្រកាស​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ថ្លែង​ថា ក្នុង​ចំណោម​សកម្មជន ១៩​នាក់ ដែល​រង​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព​នោះ គឺ​មាន​តែ ៦​នាក់​ទេ​ដែល​មាន​លិខិត​អញ្ជើញ​ត្រឹមត្រូវ​ពី​សមត្ថកិច្ច​ប៉ូលិស​មុន​នឹង​សួរ​នាំ ឬ​ឲ្យ​បញ្ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ។

លោក​ថា សមត្ថកិច្ច​បាន​ប្រើ​រូបភាព​ដូច​គ្នា​នេះ​ស្ទើរ​គ្រប់​ស្រុក នៃ​ខេត្ត​ពោធិ៍សាត់៖ «នគរបាល​តែងតែ​ថា ធ្វើ​តាម​បញ្ជា ប៉ុន្តែ​យើង​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​ដើរ​ធ្វើ​សកម្មភាព​មិន​ប៉ះពាល់​អ្វី​ដល់​សន្តិសុខ ឬ​សណ្ដាប់​ធ្នាប់​សង្គម​ទេ។ គឺ​ផ្ដិត​មេដៃ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត មិន​មែន​បង្ខំ​ថា ត្រូវ​តែ​ផ្ដិត​ឲ្យ​ពីរ​ម៉ឺន ឬ​អូស​មិន​ផ្ដិត​ឲ្យ​ខ្ញុំ​ប្រយ័ត្ន​អ៊ីចេះ​អ៊ីចុះ​អត់​ទេ។ រដ្ឋាភិបាល ជា​ពិសេស​អាជ្ញាធរ​សូម​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព កុំ​មាន​ការ​រើសអើង កុំ​មាន​គោលដៅ​នយោបាយ​ច្រើន​ជាង​លេស​ការពារ​សន្តិសុខ ឬ​ការពារ​សណ្ដាប់ធ្នាប់​សង្គម»

ទាក់ទង​បញ្ហា​នេះ​ស្នងការ​រង​ទទួល​បន្ទុក​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក ប៉ែន ទុង បដិសេធ​ថា សមត្ថកិច្ច​ប៉ូលិស​របស់​លោក​មិន​គំរាមកំហែង ឬ​ដកហូត​បាន​ស្នាម​មេដៃ​ពី​សកម្មជន​ណា​ម្នាក់​នោះ​ទេ។ លោក​ថា ការ​ផ្ដិត​មេដៃ​នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​កន្លង​ទៅ​ខាង​លោក​បាន​ចុះ​សួរនាំ​លើ​ករណី​ខ្លះ ដោយសារ​មាន​បណ្ដឹង​ផ្ទាល់​មាត់​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន៖ «ប្រជាជន​ខ្លះ​ថា ដើរ​ផ្ដិតមេដៃ​អ៊ីចឹង​ទៅ ដើម្បី​តវ៉ា​រឿង​ទីផ្សារ​សូម​ឲ្យ​ទំនិញ​ចុះ​ថោក ហើយ​ដល់​ចុង​ក្រោយ​ទៅ​ស្រាប់​តែ​យក​ទៅ​ធ្វើ​ញត្តិ​ហែ​ទៅ​ណា​ទៅ​ណី ដល់​អ៊ីចឹង​វា​អត់​ត្រូវ​នឹង​ឆន្ទៈ​របស់​គាត់។ ប៉ុន្តែ​សភាព ការ​មិន​ទាន់​មាន​ន​ណា​ទៅ​នាំ​អី​មក​ទេ»

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់ ឬ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សួរនាំ​ដោយ​អាជ្ញាធរ​នោះ គឺ​ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព។ លោក​ថា ការ​ប្រមូល​ស្នាម​មេដៃ គឺ​ជា​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ លើកលែង​តែ​ការ​ប្រមូល​នោះ គឺ​យក​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ដែល​ខុស​ច្បាប់ ដូច្នេះ​ពលរដ្ឋ​យល់​ព្រម​ចូល​រួម​ផ្ដល់​ស្នាមមេដៃ ឬ​មិន​ផ្ដល់ អាស្រ័យ​លើ​ខ្លឹមសារ​នៃ​លិខិត ឬ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ទាំង​នោះ៖ «លើក​លែង​តែ​យើង​ចាំ​បង្ខំ បើ​សិន​គេ​មើល​ទៅ​លើ​អត្ថន័យ ឬ​យល់​ដឹង​ពី​ខ្លឹមសារ​ហ្នឹង​ហើយ​គេ​ស្ម័គ្រចិត្ត​ផ្ដិត ពី​ព្រោះ​អា​នេះ​ជា​ការ​ស្នើ​សុំ​មិន​មែន​យក​ទៅ​ប្រព្រឹត្ត​នូវ​បទល្មើស​អ្វី​មួយ​ទេ។ ខ្ញុំ​ឃើញ​មាន​គណបក្ស​នយោបាយ​ផ្សេង​ក៏​គេ​ធ្វើ​ដូច​គ្នា​អ៊ីចឹង​ដែរ មាន​ការ​ផ្ដិត​មេដៃ​គាំទ្រ មាន​ស្អីៗ ដូចៗ​គ្នា​អ៊ីចឹង»

រយៈ​ពេល​កន្លះ​ខែ នៃ​ខែ​មិថុនា ឆ្នាំ​២០១៦ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​បាន​ជាង ៧.០០០​នាក់ និង​បន្ត​ប្រមូល​រហូត​ដល់​មន្ត្រី​បក្ស​ថ្នាក់​ជាតិ​ឲ្យ​បញ្ឈប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។