មេការ ហាង Karaoke the world​ខឹង​អ្នក​រត់​តាក់ស៊ី​ឈ្លោះគ្នា ​បាញ់​មួយ​គ្រាប់​ផ្អើល​ទាំង​យប់

មេការ ហាង Karaoke the world​ខឹង​អ្នក​រត់​តាក់ស៊ី​ឈ្លោះគ្នា ​បាញ់​មួយ​គ្រាប់​ផ្អើល​ទាំង​យប់



ភ្នំពេញ ​ ៖​ អ្នក​រត់​ឡាន​តាក់ស៊ី​ពីរ​ក្រុម​ឈ្លោះ​គ្នា រឿង​ដណ្ដើម​ម៉ូយ​ នៅមុខ​Karaoke the World ធ្វើ​ឲ្យ​មេការ Karaoke នោះ​ខឹង ​ចេញ​មក​ក្រៅ បាញ់​មួយ​គ្រាប់​គំរាម​ផ្អើល​ទាំង​យប់ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ភាគី​ណា​ម្នាក់​រង​របួស​នោះ​ទេ។

អំពើ​បាញ់​បោះ​សេរី​នោះ​ បាន​កើតឡើង​កាលពី​វេលា ម៉ោង​១១និង២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ Karaoke the world ជាប់​លូ​ទឹក​ស្អុយ ខាងជើង​ផ្សារ​បឹងត្របែក ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌចំការមន។

សាក្សី​បាន​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ ដែល​បង្ក​ការ​ផ្ទុះ​អាវុធ​បែប​អនាធិបតេយ្យ​នោះ ត្រូវ​បាន​គេ​ស្គាល់ ជា​មេការ ប្រចាំ​ហាង Karaoke the world និង​ជា​មិត្តភ័ក្ដិ​របស់​ថៅកែ​ហាង ប៉ុន្តែ​គេ​មិន​ដឹង​ថា បុរស​រូប​នោះ បម្រើការ​ជា​អ្វី​ទេ ទើបបាន​ជា​មាន​អាវុធ​បាញ់​បោះ​សេរី។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​មាន​ករណី​ផ្ទុះ​អាវុធ​នេះ​កើតឡើង​គឺ​គេ​ឃើញ​បុរស​២​នាក់​ ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​ប្រចាំ​ហាង Karaoke the world និង​បុរស​ម្នាក់ទៀត​ជា អ្នករត់​តាក់ស៊ី​ចំណត ​បាន​មក​ឈប់​ចាប់​ម៉ូយ​នៅមុខ​ហាង ទើប​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី ប្រចាំ​ហាង​នោះ​មានការ​ខឹងសម្បា ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​គ្នា។

សាក្សី​បន្ថែម​ថា ខ​ណៈ​ពេល​ដែល​អ្នក​រត់​តាក់ស៊ី​កំពុង​ឈ្មោះ​គ្នា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មេការ​ប្រចាំ​ហាង​ និង​ជា​មិត្តភ័ក្ដិ​ថៅកែ បាន​ចេញ​មក​ស្រែក​ឲ្យ​ឈប់ តែ​ភាគី​ទាំងពីរ​មិន​ឈប់ ខឹង​ក៏​ដក​កាំភ្លើង ខ្លី​បាញ់​មួយ​គ្រាប់​គំរាម​មេឃ ទើប​អ្នក​រត់​តាក់ស៊ី​ទាំង​ពីរ ឈប់​ឈ្លោះ​គ្នា ហើយ​ជន​ផ្ទុះ​អាវុធ​រូប​នោះ​បាន​បើកឡាន​គេច​ចេញ កន្លែង​កើតហេតុ​បាត់ស្រមោល។

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​សាកសួរ​ចុះ​ឡើង​ ប៉ុន្តែ​មិន​ដឹង​ថា សមត្ថកិច្ច​ខ្លាច ជន​បង្ក ​ឬ ​យ៉ាង​ណា​ទេ ក៏បាន​ជិះ​ម៉ូតូ​ចេញ បាត់​ទៅ។ ប្រភព​ដដែល​បន្ត​ថា ករណី នេះ មិន​ត្រូវ​បាន សមត្ថកិច្ច​រាយ​ការណ៍​ទៅ​លោកស្នងការ​នោះ​ទេ អាច​ប៉ូលិស ​និង ​អ្នកបាញ់ ជា​មនុស្ស​ស្គាល់​គ្នា ឬ យ៉ាងណា។

ប្រភព​ដដែល​បន្ត​ថា ​នេះ​មិនមែន​លើក​ទី​១​ទេ​ដែល ជន​បង្ក​ជា​មេការ​ហាង​នោះ​បង្កបញ្ហា កន្លង​មក​ជន​នោះ​ក៏​ធ្លាប់​បង្ក ជាច្រើនលើក​មក​ហើយ​ដែរ ឲ្យ​តែ​មាន​អ្នក​ឈ្មោះ​គ្នា​នៅ​ក្នុង​ហាង ប៉ុន្តែ​គេ​មិន​ដឹង​ថា បុរស​កាង​នោះ​ធ្វើការ​អ្វី​ច្បាស់៕