មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា​សហគមន៍​អឺរ៉ុប​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា សហភាព​អឺរ៉ុប ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា ដែល​កំពុង​ជួប​វិបត្តិ​នៅ​ពេល​នេះ។ ការ​ថ្លែង​បែប​នេះ បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) មក​ជួប​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា នេះ។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ថា កម្ពុជា​ពេល​នេះ​គ្មាន​វិបត្តិ​នយោបាយ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម យល់​ថា លើស​ពី​ការ​ជួប​សួរ​សុខទុក្ខ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ចង់​ដឹង​ពី​ស្ថានការណ៍​នយោបាយ និង​ទិដ្ឋភាព​របស់​ពលរដ្ឋ​ដែល​នាំ​គ្នា​មក​ប្រមូល​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា សហភាព​អឺរ៉ុប នៅ​តែ​ទឹកចិត្ត​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​របស់​កម្ពុជា ទើប​មាន​ជំនួប​ដូច​នេះ៖ «»។

លោក ប៉ុល ហំម ថ្លែង​ថា ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក លោក ច្សច អេដហ្គា មក​ជួប​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ជជែក​សួរ​សុខទុក្ខ​ធម្មតា និង​ជជែក​សំណេះសំណាល​រឿង​ធម្មតា។

​ផ្ទុយ​ពី​ព្រួយបារម្ភ​របស់​អន្តរជាតិ ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​លើក​ឡើង​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ព្រោះ​អ្វី​ដែល​កើត​ឡើង​សព្វថ្ងៃ​នេះ គឺ​បុគ្គល​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​បញ្ហា​ផ្លូវច្បាប់។ លោក សុខ ឥសាន មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជំនួប​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​ទេ៖ «»។

​សហភាព​អឺរ៉ុប បាន​ការ​អនុគ្រោះ​របាំង​ពន្ធគយ​ស្ដីពី​ការ​នាំ​ចូល​គ្រប់​ទំនិញ​លើកលែងតែ​អាវុធ។ ខណៈ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​ជា​បន្ត​កន្ទុយ​គ្នា សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​ពិចារណា​លើ​ជំនួយ​អភិវឌ្ឍន៍​ផ្ដល់​ដល់​កម្ពុជា ប្រសិនបើ​មិន​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្ស​ប្រឆាំង​នោះ​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​នេះ​ទេ ព្រោះ​អ្នក​ប៉ះពាល់​មិន​មែន​លោក​ទេ គឺ​ក្រុម​សង្គម​ស៊ីវិល។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ផ្គើន​សភាព​អឺរ៉ុប នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ជួប​វិបត្តិ ព្រោះ​សហភាព​ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍ​ដ៏​ធំ​របស់​កម្ពុជា។ លោក​ថា បន្ទាប់​ពី​សហភាព​អឺរ៉ុប​អំពាវ​រួច​ហើយ បន្ទាប់​មក​គឺ​ជា​ការ​ដាក់​សម្ពាធ និង​ចុង​ក្រោយ ការ​ដាក់​ទណ្ឌកម្ម៖ «»។

កាល​ពី​អាទិត្យ​មុន លោក ហ៊ុន សែន ប្រកាស​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ បើ​គណបក្ស​នេះ​លើក​យក​បញ្ហា​ការ​ចាប់​ខ្លួន​មក​ជជែក។ លោក មាស នី ថា ប្រសិនបើ​គណបក្ស​កាន់​អំណាច​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង​ទៀត គណបក្ស​នេះ​នឹង​ក្រោក​ឈរ​តបត ព្រោះ​គណបក្ស​ដើរ​ជា​អ្នករងគ្រោះ​យូរ​ណាស់​មក​ហើយ។ អ្នក​វិភាគ​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​ចរចា​នយោបាយ​នឹង​រុញ​ស្ថានការណ៍​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​១៩៩៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។