ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​កម្ចាត់​ដង្កូវ​​ដែល​បំផ្លាញ​ស្រូវ​ពលរដ្ឋ

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា នៅ​ក្នុង​ខេត្ត​ចំនួន​៥ កំពុង​កើតមាន​សត្វ​ដង្កូវ​មួយ​ប្រភេទ​រាតត្បាត ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ ព្រមទាំង​ដំណាំ​ចម្ការ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ពាន់​ហិកតារ។ ទន្ទឹម​គ្នា​នេះ ក្រសួង​កសិកម្ម​បាន​អំពាវនាវ​ឲ្យ​កសិករ អាជ្ញាធរ ពិសេស​មន្ទីរ​កសិកម្ម​តាម​បណ្ដា​ខេត្ត សហការ​កម្ចាត់​ហ្វូង​ដង្កូវ​ទាំង​នោះ។

មន្ត្រី​ក្រសួង​កសិកម្ម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ  ដង្កូវ​ហ្វូង​បាន​បំផ្លាញ​ដំណាំ​ស្រូវ និង​ផលដំណាំ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូចជា កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង​ឧត្តរមានជ័យ ប្រមាណ​ជាង ៣​ពាន់​ហិកតារ។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដីពី​ការ​ត្រៀម​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​លើ​ដំណាំ​ស្រូវ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥ មិថុនា ប្រកាស​ថា បច្ចុប្បន្ន គិត​ចាប់​ពី​ដើម​ខែ​មិថុនា​មក ហ្វូង​សត្វ​ដង្កូវ​រាប់​ម៉ឺន​ក្បាល បាន​រាតត្បាត​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ។

សេចក្ដី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក សូ ខនឫទ្ធីគុណ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​កើត​ហ្វូង​សត្វ​ដង្កូវ​រាប់​ម៉ឺន​ក្បាល​បាន​រាតត្បាត​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​ដោយសារ​ឆ្នាំ​នេះ លក្ខខណ្ឌ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា បាន​ប្រែប្រួល រាំងស្ងួត ក្ដៅ​ខ្លាំង និង​អូស​បន្លាយ​រយៈពេល​យូរ ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​កកើត និង​រាលដាល​នៃ​ពួក​ដង្កូវ​ហ្វូង​នេះ​យ៉ាង​ឆាប់រហ័ស​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ដើម​រដូវ​វស្សា។

​សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​ពន្យល់​បន្ថែម​ថា នៅ​ប្រទេស​កម្ពុជា ជា​រៀងរាល់​ឆ្នាំ​មាន​ដំណាំ​ជា​ច្រើន​មុខ​ដូចជា​ស្ពៃ សណ្ដែក ពោត តែង​រង​នូវ​ការ​បំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​នេះ។ ដោយ​ឡែក​ដំណាំ​ស្រូវ​ក៏​តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ច្រើន​នា​ដើម​រដូវ​វស្សា​នៅ​ឆ្នាំ​ណា​ដែល​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ខ្លាំង ព្រោះ​នៅ​ពេល​ភ្លៀង​ដើម​រដូវ រុក្ខជាតិ​ទាំង​ឡាយ​ចាប់​ផ្ដើម​ដុះ​លូតលាស់​ល្អ​បង្កើត​បាន​ជា​ជម្រក និង​ចំណីអាហារ​សមស្រប​ធ្វើ​ឲ្យ​ដង្កូវ​មាន​លទ្ធភាព​បង្កើត​កូន​បាន​ច្រើន ហើយ​បន្ទាប់​មក​មាន​ការ​រាំងស្ងួត​អូស​បន្លាយ​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ដល់​ពពួក​សត្វ​មាន​ប្រយោជន៍​ផង​នោះ ដង្កូវ​ហ្វូង​ក៏​មាន​លទ្ធភាព​បង្កើន​កូន​រាលដាល​បំផ្លាញ​ដំណាំ​ស្រូវ​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ទៀត​ទាំង​ហ្វូងៗ​ចំពោះ​ស្រែ​គ្មាន​ទឹក​វា​កាត់​ស៊ី​ដល់​គល់​តែម្ដង ចំណែក​ឯ​ស្រែ​មាន​ទឹក​វិញ វា​កាត់​ស៊ី​ផ្នែក​ខាង​លើ​ទឹក​ទាំង​អស់។

​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា ភាគច្រើន​ដង្កូវ​ហ្វូង​ទាំង​អស់​នោះ​ស៊ី​បំផ្លាញ​សំណាប។ ក្រោយ​មាន​បញ្ហា​នេះ លោក​អះអាង​ថា ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ពន្យល់​លម្អិត​ក្នុង​តំបន់​ដែល​កើត​មាន​បញ្ហា ព្រម​ទាំង​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា៖ «មន្ទីរ​កសិកម្ម​បាន​ចុះ​ដល់​ជាក់ស្ដែង​នៅ​តំបន់​នោះ ហើយ​បាន​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​ជួយ​កសិករ ហើយ​មក​ដល់​ពេល​នេះ តាម​ព័ត៌មាន​ដែល​ទទួល​បាន​ឃើញ​ថា ទំហំ​ប៉ះពាល់​ជាង ៣​ពាន់​ហិកតារ ប៉ុន្តែ​យើង​បាន​អនុវត្ត​បាន​ទាន់​ពេល»

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​រូប​នេះ​បាន​ណែនាំ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដល់​ប្រជា​កសិករ​ដើម្បី​កម្ចាត់​ដង្កូវ​ហ្វូង ក្នុង​នោះ​ស្នើ​ឲ្យ​កសិករ​ដែល​ជួប​បញ្ហា​ត្រូវ​ជីក​កូន​ប្រឡាយ​តូចៗ​នៅ​ជុំវិញ​ស្រែ​ដើម្បី​ឲ្យ​ដង្កូវ​ទាំង​នោះ​ហូរ​ទៅ​តាម​ទឹក អាច​យក​មែក​ឈើ​កៀរ​វា​ចេញ ឬ​ប្រើ​ស្បៃ​មុង​អូស​ដង្កូវ​ទាំង​នោះ​ចេញ បូម​ទឹក​បញ្ចូល​ស្រែ​ឲ្យ​ពេញ រួច​បាច​ផេះ​លើ​សំណាប​ដើម្បី​ឲ្យ​ដង្កូវ​ងាប់៖ «កាល​ណា​យើង​ជីក​ចង្អូរ ឬ​ប្រឡាយ​អ៊ីចឹង​ទៅ​សត្វ​ដង្កូវ​ហ្នឹង​វា​អ៊ីចឹង ដង្កូវ​ហ្នឹង​វា​ដែល​អាច​ឲ្យ​ប្រមែប្រមូល​វា ឬ​យើង​អាច​ប្រើ​ថ្នាំ​កម្ចាត់​វា​ឲ្យ​ងាប់​ទីនោះ​តែម្ដង តែ​ជា​ថ្នាំ​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម»

ក្រសួង​កសិកម្ម​បាន​ពន្យល់​ថា ដង្កូវ​ហ្វូង​ទាំង​នោះ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សត្វល្អិត​ចង្រៃ​ចម្បង​មួយ​ប្រភេទ​នៅ​អាស៊ី។

ក្រសួង​កសិកម្ម ក៏​បាន​អំពាវនាវ​ឲ្យ​កសិករ អាជ្ញាធរ ពិសេស​មន្ទីរ​កសិកម្ម​តាម​បណ្ដា​ខេត្ត​សហការ​តាម​ការ​ណែនាំ​របស់​ក្រសួង ហើយ​ករណី​មាន​ស្ថានភាព​ធ្ងន់ធ្ងរ សូម​រាយការណ៍​មក​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​បន្ទាន់​តាម​លេខ​ទូរស័ព្ទ ០១២ ៣៣៦ ៩៣៤ និង ០១២ ៣៣៥ ៩៥៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។