ភ្លៀង​១​មេ​ធំ​បន្តិច​លិចលង់​ផ្ទះសម្បែង​ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ

ភ្លៀង​១​មេ​ធំ​បន្តិច​លិចលង់​ផ្ទះសម្បែង​ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ



ភ្នំពេញ​ ៖ ​លោក​ប៉ឹល កុសល អភិបាលខណ្ឌ​សែន​សុខ ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​នាំគ្នា​ដើរ​កាយ​សំរាម​សំអាត​តាម​មុខ​លូ​នានា​ក្នុង​មូលដ្ឋាន​ទាំង​មេឃ​កំពុង​ភ្លៀង​ ដោយសារតែ​មាន​ការ​ជន់​លិចលង់​ផ្លូវ​មួយ​ចំនួន​រួម​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦។

នៅ​ក្នុង​ពេល​ចុះ​បំពេញ​ការ​នោះ លោក​អភិបាល បាន​ដើរ​ត្រួតពិនិត្យ​​មើល​តាម​មាត់​លូ ដែល​មាត់​លូ​មួយ​ចំនួន​ប្រជាជន​បាន​ចាក់​គម្រប​ជិត​ស្ទះ​ផ្លូវទឹក​ហូរ និង​មាត់​លូ​មួយ​ចំនួន​ទៀត មានការ​កកស្ទះ​ដោយសារ​សំរាម​បាំង​បិទ​រន្ធ​មាត់​លូ។

នៅ​អំឡុង​ពេល​​ដើម​រដូវវស្សា​បាន​ឈានចូល​មកដល់ គេ​សង្កេត​ឃើញ​លោក​អភិបាល​ខណ្ឌ​បាន​ដើរ​ត្រួតពិនិត្យ​​មើល​​ស្ថានភាព​តាម​ប្រឡាយ​មេ​នានា​សម្រាប់​បង្ហូរ​ទឹកជំនន់​ភ្លៀង​ ដោយ​​ធ្វើ​ការជួល​គ្រឿងចក្រ​មក​កាយ ស្តារ​ប្រឡាយ​នោះ​ចេញ​នៅ​ចំណុច​ដែល​មាន​ការ​សង្ស័យ​រាំងស្ទះ​ ដោយ​កំប្លោក​និង​ស្មៅ​ដុះ​ច្រើន។

តំបន់​ដែល​មាន​ស្ថានភាព​ប្រឈម​នឹង​ការ​លិចលង់​គឺ​មាន​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ទឹកថ្លា​និង​សង្កាត់​ឃ្មួញ ប៉ុន្តែ​ការ​លិចលង់​នោះ​វា​មិន​ធ្ងន់ធ្ងរ​ដូច​ជំនាន់​មុន​នោះ​​​ទេ ដោយសារ​សាលា​រាជធានី​បាន​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ ដាក់​ម៉ាស៊ីន​សម្រាប់​បូម​ទឹក​ជំនន់​ចេញពី​ទីក្រុង​ដាក់​ទៅ​ក្នុង​បឹង​ទំនប់​កប់​ស្រូវ​ និង​មួយ​ចំនួន​ទៀត​បូម​ដាក់​ចូល​ក្នុង​ទន្លេ៕

ភ្លៀង​១​មេ​ធំ​បន្តិច​លិចលង់​ផ្ទះសម្បែង​ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ