អភិបាលខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​១​ខ្សែ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ភូមិ​ថ្មី សង្កាត់​ដង្កោ

អភិបាលខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​១​ខ្សែ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ភូមិ​ថ្មី សង្កាត់​ដង្កោ



ភ្នំពេញ ​៖​ ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលាខណ្ឌ សង្កាត់ និង​ភូមិ ចុះ​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ដើម្បី​ទទួលយក​សំណើ​ សំណូមពរ កង្វល់ និង​បញ្ហា​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយផ្ទាល់ ដើម្បី​យកមក​ដោះស្រាយ​ឲ្យ​ចំ​បញ្ហា និង​ទាន់​ពេល​វេលា និង​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ៥៦៥​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ដែល​ស្ថិតក្នុង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ឆ្នាំ​២០១៦។

ក្នុង​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថ្មី លោក​នុត ពុធ​ដា​រ៉ា បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឥត​ឈប់ឈរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តួយ៉ាង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដោយមាន​ការ​យកចិត្ត​ទុកដាក់​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់ ខិតខំ​ប្រឹងប្រែង​យក​អស់​លទ្ធភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន តាមរយៈ​ការចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន ដើម្បី​ទទួលយក​សំណើ​ សំណូមពរ និង​កង្វល់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ យកមក​ដោះស្រាយ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន តាមរយៈ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​បង្ក​ភាព​ងាយស្រួល សោ​ភណ្ឌ​ភាព និង​ផាសុកភាព​ក្នុងការ​រស់នៅ​។​

ក្នុងឱកាស​នោះ​ផងដែរ​លោក​អភិបាល​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​សាលា​បុណ្យ​ភូមិ​ថ្មី ដែលជា​កន្លែង​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ភូមិ​ថ្មី​ទាំងមូល ដែល​បាននិងកំពុង​សាងសង់​កែ​លម្អ​បន្ថែម ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព និង​ធំ​ទូលាយ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​។ ក្នុងនោះ​លោក​អភិបាល ក៏បាន​ឧបត្ថម្ភ​ការចាក់ដី​បំពេញ​ទីធ្លា​សាលា​បុណ្យ​ផងដែរ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​អភិបាល​ក៏បាន​ចូល​សួរសុខទុក្ខ លោក ឌី ថា​រ៉ូ អនុប្រធាន​ភូមិ​ថ្មី ដែល​មាន​ជំងឺ​បូស កំពុង​សម្រាក​ព្យាបាល​នៅ​លំនៅឋាន​ និង​បាន​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​ជូន​លោក ឌី ថា​រ៉ូ ផងដែរ៕
អភិបាលខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​១​ខ្សែ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ភូមិ​ថ្មី សង្កាត់​ដង្កោ