អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ CNRP ដាក់​លិខិត​សុំ​ការអនុញ្ញាត​រៀបចំ​ពិធីបួងសួង នៅ​អង្គរ​វត្ត និពន្ធដោយ : រឿន ភារុន       June-17-2016, 10:18 pm         14

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ CNRP ដាក់​លិខិត​សុំ​ការអនុញ្ញាត​រៀបចំ​ពិធីបួងសួង នៅ​អង្គរ​វត្តភ្នំពេញ៖ អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)ឲ្យ​ដាក់​លិខិត​សុំ​ការអនុញ្ញាត​ពី​គេ​សិន មុនពេល​ពួកគេ​រៀបចំ​ពិធីបួងសួង​តាមបែប​ព្រះពុទ្ធសាសនា នៅ​បរិវេណខាងមុខ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការពារប៉ះពាល់ផលបេតិកភណ្ឌជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ CNRPឲ្យ​ដាក់​លិខិត​សុំការ​អនុញ្ញាត​បែបនេះ ក្រោយពី​ពួកគេ​ទទួលដំណឹង​ថា បក្សប្រឆាំង​ត្រៀម​រៀបចំ​ពិធីបួងសួង​តាម​ពុទ្ធសាសនា​សុំ​សេចក្តីសុខ និង​បន្ទន់ចិត្តអ្នកនយោបាយ ពាក់ព័ន្ធនឹងបញ្ហានយោបាយបច្ចុប្បន្ន។

អាជ្ញាធរ​ជាតិ​អប្សរា​របស់​រដ្ឋាភិបាល បាន​អះអាង​ពី​តួនាទី​ពួកគេ​ប្រាប់​សាធារណជន​ថា ពួកគេមាន​តួនាទី​ការពារ អភិរក្ស និង​រៀបចំ​តំបន់​រមណី​ដ្ឋា​ន​អង្គរវត្ត​ដែលជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក និង​ជា​អត្តសញ្ញាណ​ជាតិ។ ហើយ​ថា ពួកគេ​មាន​តួនាទី​ពិនិត្យ អនុញ្ញាត និង​សម្របសម្រួល រាល់​ពិធី រួមទាំង​ពិធី​បែប​សាសនា​ផងដែរ ដើម្បី​រក្សា​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ជៀសវាង​ផលប៉ះពាល់​សម្បត្តិ​បេតិកភណ្ឌ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បារម្ភ​ពី​បញ្ហា​សន្តិសុខ និង​ប៉ះពាល់​បេតិកភណ្ឌជាតិ ប្រសិនបើ​ការ​ប្រារព្ធពិធី​របស់​បក្សប្រឆាំង​ពុំមាន​ការអនុញ្ញាត និង​សម្របសម្រួល​ពី​សំណាក់​ពួកគេ​នោះទេ។ ក្នុងករណី​បក្ស​សង្គ្រោះ​ជាតិ​ពុំបាន​បំពេញបែបបទ​សុំ​ការអនុញ្ញាត​ទេ អាជ្ញាធរ​បញ្ជាក់ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៧ ខែមិថុនា​នេះ​យ៉ាង​ដូច្នេះ​ថា៖«អ្នក​ដែល​ប្រារព្ធ​ពិធី​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ ច្បាប់​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ជាយថាហេតុ​ដែល​កើតចេញ​អំពី​ការ​ប្រារព្ធ​ពិធី​នេះ»។

អាជ្ញាធរ​ជាតិ​អប្សរា​លើកឡើងថា ពួកគេ​សង្ឃឹមថា គណបក្សនយោបាយ​ទាំងអស់ នឹងមិន​ប្រើ ប្រាស់​រមណី​ដ្ឋា​ន​អង្គរ​ដែលជា​អត្តសញ្ញាណ​ជាតិ ដើម្បី​ជា​ល្បែង​នយោបាយ​គណបក្ស​ពួកគេ នោះទេ៕