មន្ត្រី​ទូត​អាមេរិក​ជាង​៥០​នាក់​អំពាវនាវ​ឲ្យ​ប្រើ​ទ័ព​ប្រឆាំង​រដ្ឋាភិបាល​លោក អាសាដ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-17-2016, 9:39 pm         172

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មន្ត្រី​ទូត​អាមេរិក​ជាង​៥០​នាក់​អំពាវនាវ​ឲ្យ​ប្រើ​ទ័ព​ប្រឆាំង​រដ្ឋាភិបាល​លោក អាសាដ​​មន្ត្រីការទូត​នៃ​ក្រសួងការបរទេស​អាមេរិក​ប្រហែល ៥០​នាក់ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ផ្ទៃក្នុង​ថ្មី​មួយ​ផ្តោតលើ​នយោបាយ​ការបរទេស​អាមេរិក​ចំពោះ​ស៊ី​រី​ដោយ​ជំរុញ​ឲ្យ​មានការ​វាយប្រហារ​កម្ទេច​របប​ដឹកនាំ បា​សា អាល់​អាសាដ​។ ការស្នើសុំ​នេះ​កើតឡើង​ស្របពេល​ដែល​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​រំលោភ​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​ជា​ញឹកញាប់​រយៈពេល​ចុងក្រោយ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​យោងតាម Wall Street Journal  មន្ត្រី​ទូត​អាមេរិក​ប្រហែល​៥០​នាក់ មាន​ទាំង​ជាន់ខ្ពស់​និង​មធ្យម​ដែលជា​ប់​ពាក់ព័ន្ធ​ការរៀបចំ​គោលនយោបាយ​អាមេរិក​នៅ​ស៊ី​រី​ផង​នោះ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ផ្ទៃក្នុង​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​អាមេរិក​ចំពោះ​ស៊ី​រី​បច្ចុប្បន្ន​។ កំណត់​ហេតុដែល​ត្រូវបាន​គេ​រៀបចំ​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រើប្រាស់​ការវាយប្រហារ​យោធា​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ផងដែរ​។​

​ការលេចចេញ​កំណត់ហេតុ​ផ្ទៃក្នុង​ដែល​ជំរុញ​ឲ្យ​មានការ​វាយប្រហារ​ប្រឆាំង​របប​លោក បា​សា អាល់ អាសាដ កើតឡើង​នៅពេលដែល​ការអនុវត្ត​បទ​ឈប់​បាញ់​ដែល​បង្កើតឡើង​ដោយ​រុស្ស៊ី និង​អាមេរិក ត្រូវបាន​រំលោភ​ជារឿយៗ​ដោយ​កងកម្លាំង​ស៊ី​រី​។ ហើយ​គេ​មើលឃើញថា ការអនុវត្ត​កិច្ចព្រមព្រៀង​ផ្អាក​ប្រយុទ្ធ​នេះ​អាច​នឹង​រលំ​ឆាប់ៗ​ផងដែរ​។​

​ការបញ្ជូន​កងទ័ព​ទៅ​កម្ទេច​របប​ដឹកនាំ​ស៊ី​រី​តាម​ការអំពាវនាវ នឹង​ក្លាយ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​ស្ថិតក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ នេះ​ក៏​ព្រោះថា តាំងពី​សង្គ្រាម​ស៊ី​រី​កើតមាន​ឡើងមក អាមេរិក​រក្សា​ជំហរ​មិន​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​ដោយផ្ទាល់​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ឡើយ​។ អាមេរិក​ត្រឹម​ផ្តល់​ការគាំទ្រ​ដល់​ក្រុមប្រឆាំង​ទាំង​សព្វាវុធ​និង​ហិរញ្ញវត្ថុ​ដើម្បី​ច្បាំង និង​ទាមទារ​ឲ្យ​លោក បា​សា អាល់​អាសាដ ចុះ​ចេញពី​តំណែង​ដើម្បី​បង្កើត​សម័យ​អន្តរកាល​នយោបាយ​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក John Kirby បាន​ទទួលស្គាល់ថា ក្រសួង​បានទទួល​លិខិត​និង​កំណត់ហេតុ​ផ្ទៃក្នុង​នេះហើយ​។ លោក​បន្ថែមថា លោក​មិនអាច​ផ្តល់យោបល់​ពាក់ព័ន្ធ​បញ្ហា​នេះ​ច្រើន​ឡើយ ដ្បិត​បច្ចុប្បន្ន​ក្រសួងការបរទេស​កំពុង​តែ​ត្រួត​ពិនិត្យមើល​នៅឡើយ​។

​យោងតាម​សារព័ត៌មាន Wall Street Journal ដដែល មន្ត្រីការទូត​ដែល​មិនបាន​ចុះហត្ថលេខា​និង​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ បាន​ពន្យល់ថា លោក​មិន​គាំទ្រ​ការផ្លាស់ប្តូរ​គោលនយោបាយ​អាមេរិក​ឡើយ ហើយ​លោក​ក៏​ប្រឆាំង​ដាច់ខាត​ការបញ្ជូន​ទ័ព​អាមេរិក​ទៅ​ផុងខ្លួន​ជ្រៅ​ក្នុង​ជម្លោះ​ស៊ី​រី​ដែរ​។​

​យ៉ាងណាក៏ដោយ យោងតាម​កំណត់ហេតុ​ផ្ទៃក្នុង​មានតែ​លើកឡើង​ពី​ការប្រើប្រាស់​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​ប៉ុណ្ណោះ តែ​មិនមាន​បញ្ជាក់​ពី​ការប្រើប្រាស់​ទ័ពថ្មើរជើង​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​លោក អាសាដ​ឡើយ​។​

​ទាក់ទិន​កំណត់ហេតុ​ផ្ទៃក្នុង​ដែលមាន​មន្ត្រី​ទូត​ចុះហត្ថលេខា​ច្រើន​នោះ លោក Robert Ford អតីត​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ស៊ី​រី បាន​សម្តែង​ការ​ភ្ងា​ក់​ផ្អើល​ថា ចំនួន​អ្នកចុះហត្ថលេខា​មាន​ច្រើនណាស់​។​ប៉ុន្តែ​លោក អះអាងថា វា​មិនមែនជា​លើកដំបូង​ទេ ដែល​មន្ត្រី​ក្រសួងការបរទេស​ទាម​ទារ​ឲ្យ​មានការ​ដាក់​សម្ពាធ​ខ្លាំង​លើ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស និង​មាន​នយោបាយ​ដែល​សកម្ម​ជាង​មុន​ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​ផងដែរ​។ ដូច​ឃើញស្រាប់ ក្នុងពេល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ធ្វើជា​រដ្ឋមន្ត្រីការបរទេស លោកស្រី​ក៏​ស្នើ​ឲ្យ​មានការ​បំពាក់អាវុធ​និង​ផ្តល់​ការហ្វឹកហ្វឺន​ដល់​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​លោក អាសាដ ដែរ​ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មនុស្ស​ជំនិត​របស់លោក​ជាពិសេស​ទីប្រឹក្សា​សន្តិសុខ​បដិសេធចោល​៕