លោកយាយ​អាយុ ៧៣ ឆ្នាំ​ ដើរ​រើស​អេតចាយ​ចិញ្ចឹម​ចៅ​កំព្រា ៣ នាក់​

6 Videos


គួរឲ្យអាសូរណាស់លោកយាយអាយុ ៧៣ ឆ្នាំទៅហើយ ប្រកបរបរដើររើសអេតចាយពីខេត្ត ត្បូងឃ្មុំ រហូតដល់ក្រុងកំពង់ចាម តាំងពីព្រលឹមរហូតដល់យប់ ទើបវិលត្រឡប់ទៅផ្ទះវិញ ដើម្បីចិញ្ចឹមចៅកំព្រាប្រុសស្រី៣នាក់ ឲ្យបានហូបចុងរៀនសូត្រ ។ លោកយាយាកម្សត់រូបនេះ រស់ក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគ្រួរសារ ៤ នាក់ ។

P9

លោកយាយម្នាក់ទៀត ឈ្មោះ ហៀក មាឃ អាយុ ៧០ឆ្នាំ ប្រាប់ឲ្យដឹងថា រូបគាត់បានស្គាល់យាយ បូ អាយ ដែលដើររើសអេតចាយចិញ្ចឹមចៅនេះ តាំងតែពីឆ្នាំ ១៩៧០ មកមេ្ល៉ះ ដោយគាត់បានទិញអុសពីអ្នកភូមិយកទៅលក់នៅក្រុងកំពង់ចាម គ្រាដែលសាឡាងទន្លេបិទនៅឆ្លងទៅមក ។ លុះពេលស្ពានគីហ្ស៊ុណាបានសាងសង់រួច គាត់ក៏បានប្តូរមុខរបរមកដើររើសអេតចាយវិញដើម្បីចិញ្ចឹមចៅប្រុសស្រី ៣ នាក់ គឺបាន ១ ថ្ងៃហូប ១ ថ្ងៃ មានពេលខ្លះ អ្នកភូមិពេលមានបាយសម្លឆ្ងាញ់ ក៏ដួសមកជូនលោកយាយពិសាដែរ ព្រោះអាណិតគាត់ដែលវ័យកាន់តែចាស់ទៅហើយ ប៉ុន្តែត្រូវរ៉ាប់រងរកស៊ីចិញ្ចឹមចៅៗទៀត ។

លោកយាយ​អាយុ ៧៣ ឆ្នាំ​ ដើរ​រើស​អេតចាយ​ចិញ្ចឹម​ចៅ​កំព្រា ៣ នាក់​

លោកយាយ បូ អាយ ផ្ទាល់ប្រាប់ឲ្យដឹងដែរថា បងប្អូនរបស់គាត់ស្លាប់អស់ហើយ គឺសព្វថ្ងៃមានតែម្នាក់ឯងគត់ ដោយទទួលរ៉ាប់រងបីបាច់ថែរក្សាចិញ្ចឹមចៅ៣នាក់ទៀត ចៅទី ១ មានឈ្មោះ ចាន់ ធី ភេទស្រី អាយុ ១៧ ឆ្នាំ ទី២-ឈ្មោះ ចាន់ ធា ភេទស្រី អាយុ ១៣ ឆ្នាំ និងទី៣-ឈ្មោះ ចាន់ ធូ ភេទប្រុស អាយុ ៧ ឆ្នាំ ។

លោកយាយបានរៀបរាប់ពីជីវិតគ្រួសារគាត់ថា មានពេលមួយកាលពី ៧ ឆ្នាំមុន គាត់ បានចេញទៅច្រូតស្មៅឲ្យគេនៅម្តុំហាងបឹងទន្លេមាស ឃុំទន្លេបិទ ពេលកំពុងអង្គុយច្រូត ក៏ត្រូវម៉ូតូមកបុកគាត់បាក់ជើងទាំងសងខាង ហើយត្រូវបាននាំទៅព្យាបាលនៅគ្រូខ្មែរថ្នល់ទទឹង ឃុំជប់ ។ ចំណែកកូនស្រីរបស់គាត់ឈ្មោះ បូ សេត អាយុ ៣៦ ឆ្នាំ បានសម្រាលកូនប្រុសពៅទី ៣នៅមន្ទីរពេទ្យ ។ ក្រោយពីត្រឡប់មកដល់ផ្ទះវិញ មិនបាននៅអាំងភ្លើងឱ្យរឹងដៃរឹងជើងទេ បែរជាប្រឹងប្រែងធ្វើដំណើរទៅសួរសុខទុក្ខគាត់នៅផ្ទះគ្រូខ្មែរទាំងកូនខ្ចី ។ លុះកូនស្រីត្រឡប់មកផ្ទះវិញ ក៏ទាស់ស្លាប់ចោលគាត់ ទាំងមិនបានមើលមុខកូនជាលើកចុងក្រោយផង ដោយ សារគាត់ត្រូវនៅដេកព្យាបាលនៅផ្ទះគ្រូខ្មែរអស់រយៈពេល ៧ ខែ ។ កូនស្រីគាត់ស្លាប់ចោលកូនទើបតែអាយុបាន ១ ខែ ដូច្នេះបន្ទុកគ្រួសារត្រូវបានធ្លាក់ទៅលើគាត់ជាអ្នកចិញ្ចឹមបីបាច់យ៉ាងលំបាក ។ ក្រោយមកមិនបានប៉ុន្មានផងកូនប្រសារប្រុសរបស់គាត់ឈ្មោះ ណៃ ឃាន អាយុ ៤១ ឆ្នាំក៏ស្លាប់ទៀត ដោយសារក្អួតធ្លាក់ឈាមគ្រាំគ្រាក្រោយពីទៅធ្វើជាកម្មករលីសែងនៅមាត់ទន្លេបាក់កម្លាំង ។

លោកយាយ​អាយុ ៧៣ ឆ្នាំ​ ដើរ​រើស​អេតចាយ​ចិញ្ចឹម​ចៅ​កំព្រា ៣ នាក់​

អ្នកគ្រូ សុខ ផារី បង្រៀននៅសាលាបឋមសិក្សាទន្លេបិទ បានឲ្យដឹងថា ចៅប្រុសរបស់លោកយាយ បូ អាយ ឈ្មោះ ចាន់ ធូ ជាកូនសិស្សរបស់គាត់ តាមការសង្កេត គេមកសិក្សាមិនបានទៀងទាត់ទេ ដោយសារតែស្ថានភាពជីវភាពក្រីក្រ មានពេលខ្លះត្រូវទៅដើររើសអេតចាយជាមួយជីដូនរបស់គេនៅក្រុងកំពង់ចាម ។ ហេតុតែជីវភាពក្រីក្រ ការហូបចុកក៏មិនសូវគ្រប់គ្រាន់ ពេលខ្លះមករៀនមិនមានលុយចាយ បានមិត្តភក្ដិឲ្យនំចំណីហូប ចំណែអ្នកគ្រូបានផ្តល់សម្ភារៈសិក្សាខ្លះ មានសៀវភៅ ខ្មៅដៃ និង របស់ផ្សេងៗទៀត មិនដែលយកលុយពីកុមារកំព្រានេះទេ ។

លោកយាយ​អាយុ ៧៣ ឆ្នាំ​ ដើរ​រើស​អេតចាយ​ចិញ្ចឹម​ចៅ​កំព្រា ៣ នាក់​

អ្នកគ្រូ សុខ ផារី បានសំណូមពរដល់សប្បុរសជនទាំងឡាយ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មេត្តាជួយដល់គ្រួសារក្រខ្សត់មួយនេះផង ពេលនេះ ពួកគាត់ រស់នៅវេទនាខ្លាំងណាស់ ៕

                                                                                     សុថាត់