រថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ចូលប្រលូកក្នុងទីផ្សារកម្ពុជាហើយ

រថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ចូលប្រលូកក្នុងទីផ្សារកម្ពុជាហើយ



ភ្នំពេញ៖ សក្ដានុពល​ទីផ្សារ​រថយន្ត​នៅ​ធំ​ទូលាយ និង​កំណើន GDP ៧% របស់​កម្ពុជា ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ (ISUZU) ផ្ដាច់មុខ​នៅ​ប្រទេស​ថៃ សម្រេចចិត្ត​នាំចូល​រថយន្ត​ស៊េរី​ថ្មី​ចុងក្រោយ​របស់ខ្លួន​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​ការលើកឡើង​របស់​លោក តូ​ហ្ស៊ី​អាគី ម៉េ​ក​កា​វ៉ា។

លោក​អគ្គនាយក​រូបនេះ បាន​ថ្លៃ​ង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សិ​ន្និសិទ​កាសែត នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា មុនពេល​បើកសម្ពោធរ​ថយ​ន្ត អ៊ី​ស៊ូ​ហ្ស៊ុ (ISUZU) ម៉ូ​ឌែ​ល​ថ្មី​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦។

រថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ចូលប្រលូកក្នុងទីផ្សារកម្ពុជាហើយ

​លោក តូ​ហ្ស៊ី​អាគី ម៉េ​ក​កា​វ៉ា

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខូ​អិ​ល​ធី​ឌី ដែល​ហៅ​កាត់​ថា ធី​ស (TIS) ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ តែមួយគត់​នៅក្នុង​ប្រទេស​ថៃ មានកេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ​ប្រកបដោយ​ទំនុកចិត្ត ក្នុងការ​នាំមុខគេ​នៅលើ​ទីផ្សារ​រថយន្ត​ប្រភេទ ភី​ក​អាប់ ប្រើ​ប្រេងម៉ាស៊ូត ព្រមជាមួយ​បទពិសោធន៍ ៦០ឆ្នាំ នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ។ TIS បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឈរជើង​ដ៏​រឹងមាំ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ដោយ​នាំយកមក​នូវ​រថយន្ត​ដែលមាន​គុណភាព​ខ្ពស់​របស់ ISUZU ចំនួន២ម៉ូ​ឌែ​ល គឺ​រថយន្ត ISUZU D-Max Blue Power និង ISUZU MU-X Blue Power។

លោក​បាន​បន្តទៀតថា រថយន្ត​ទាំង២ នេះ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត បើ​ធៀប​ទៅនឹង​តម្លៃ​សាច់ប្រាក់​ដែល​អតិថិជន​ចំណាយ ពោលគឺ​អត្ថប្រយោជន៍​ខ្ពស់​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត “NEW BLUE POWER” ដែល​ផ្ដល់​ថាមពល​ខ្លាំង និង​ការ​សន្សំសំចៃ​ប្រេង​ច្រើន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់។

លោក អាគី​វ៉ា អូ​ដា​ហ្គា​គិ នាយក​គ្រប់គ្រង​ទូទៅ​បាន​បន្ថែមថា បច្ចេកវិទ្យា ISUZU INSIGHT គឺជា​បច្ចេកវិទ្យា​នៃ​អនាគត​កាលដែល​ត្រូវបាន​បំពាក់​ផ្ដាច់មុខ​ជាមួយ​រថយន្ត ISUZU តែប៉ុណ្ណោះ។ បច្ចេកវិទ្យា​នេះ នឹងធ្វើ​ការកត់ត្រា​ឥរិយាបទ របស់​អ្នកបើកបរ និង​សង្ខេប​ទ​ន្និ​ន័យ ទៅជា​របាយការណ៍ ដែល​អាច​ឲ្យ​អ្នកបើកបរ​ស្វែងយល់ និង​កែប្រែ​ឥរិយាបទ​បើកបរ​របស់ខ្លួន ដើម្បី​សន្សំសំចៃ​ប្រេង និង​សុវត្ថិភាព​ពេល​បើកបរ។ បច្ចេកវិទ្យា​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន ធានារ៉ាប់រង FORTE នៅក្នុង​ប្រទេស​កម្ពុជា។ អតិថិជន ISUZU ដែល​ទទួលបាន​ពិន្ទុ​ពី​ប្រព័ន្ធ ISUZU INSIGHT ខ្ពស់ នឹង​ទទួលបាន​កា​បញ្ចុះតម្លៃ​នៅពេល​បន្ត​ការធានារ៉ាប់រង។

រថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ចូលប្រលូកក្នុងទីផ្សារកម្ពុជាហើយ

លោក អាគី​វ៉ា អូ​ដា​ហ្គា​គិ

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រថយន្ត ISUZU D-MAX Blue Power មានតម្លៃ​ចាប់ពី ២៨,០០០ ដុល្លា​អា​មេ​រិច ហើយ ISUZU MU-X Blue Power មានតម្លៃ​ចាប់ពី ៤៧,០០០ ដុល្លា​អា​មេ​រិច។ អតិថិជន​អាចធ្វើ​ការសាកល្បង​បើករថយន្ត នៅ​ក្រុមហ៊ុន K (Cambodia) ដែល​ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ និង​មាន​តំលៃ​ពិសេស​ចាប់​ថ្ងៃទី ២១ ខែមិថុនា ដល់​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦៕