បក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​វិធាន​ការហាម ជនសង្ស័យ​ជា​ភេរវជន​មិន​ឲ្យ​ទិញ​អាវុធ​ និពន្ធដោយ : ថ្មីៗ       17-06-2016, 10:39 pm         4

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​វិធាន​ការហាម ជនសង្ស័យ​ជា​ភេរវជន​មិន​ឲ្យ​ទិញ​អាវុធ​គណបក្ស​ប្រជាធិបតេយ្យ​អះអាងថា​ខ្លួន​បានទទួល​ជ័យជម្នះ ក្នុង​ការជំរុញ​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​លើ​បទបញ្ញត្តិ​ដែល​ហាម​ជនសង្ស័យ​ជា​ភេរវជន​មិន​ឲ្យ​ទិញ​អាវុធ​។ ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ ហើយ​សូម្បីតែ​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់តែ​បដិសេធ​ការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​ក៏​បន្ទន់​ជំហរ​គាំទ្រ​ចំណាត់ការ​ថ្មី​នេះដែរ​។​

​នៅ​សប្តាហ៍​ក្រោយ ព្រឹទ្ធសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​ភាគច្រើន​នោះ​នឹង​បោះឆ្នោត​អនុម័ត​ចំណាត់ការ​ថ្មី​ហាមឃាត់​ជន​ដែល​គ្មាន​សិទ្ធិ​ហោះហើរ និង​ស្ថិតក្រោម​ការសង្ស័យថា​ជា​ភេរវជន មិន​ឲ្យ​ទិញ​អាវុធ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការបញ្ចុះ​បញ្ចូល​ឲ្យ​សមាជិកសភា​ព្រម​បើក​ការបោះឆ្នោត​អនុម័ត​វិធានការ​គ្រប់គ្រង​អាវុធ​នេះ ជា​ជ័យជម្នះ​ថ្មី​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​អ្នក​ប្រឹងប្រែង​តស៊ូ​រមតិ​យូរ​មកហើយ​ដើម្បី​ជំរុញ​ឲ្យ​មានការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​នោះ​។

​កាលពី​ថ្ងៃ​ពុធ​ទី ១៥ ខែមិថុនា សមាជិក​បក្ស​ប្រជាធិបតេយ្យ​បានចាប់ផ្តើម​នីតិវិធី​ក្រោម​ឈ្មោះ «​គ្មាន​សិទ្ធិ​ហោះហើរ​, គ្មាន​សិទ្ធិ​ទិញ​»  ដើម្បី​ជំរុញ​ឲ្យ​សមាជិក​បក្ស​សាធារណរដ្ឋ​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​ការហាមឃាត់​ជន​ស្ថិតក្រោម​ការតាមដាន​និង​ស្ថិតក្នុង​បញ្ជី​ហាម​ហោះ​ហើយ​មិន​ឲ្យ​ទិញ​អាវុធ​។ ហើយ​ថ្ងៃ​បន្ទាប់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​អំពាវនាវ​ឲ្យ​សមាជិកសភា​ទាំងអស់​ក្រោកឈរឡើង​និង​ធ្វើ​រឿងរ៉ាវ​ដែល​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា ក្នុងពេល​លោក​ជួប​ជាមួយ​ក្រុមគ្រួសារ​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ Orlando​។

​ក្រោយ​យុទ្ធនាការ​នេះ អ្វីដែល​គេ​សង្កេតឃើញ​គឺ សមាជិកសភា​បក្ស​សាធារណរដ្ឋ​ដែល​ធ្លាប់តែ​រឹងត្អឹង​ចំពោះ​ការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​នោះ​ហាក់ដូចជា​ទន់​ជំហរ​បន្តិច​ដែរ សូម្បីតែ​សេដ្ឋី​អចលនទ្រព្យ និង​ជា​បេក្ខជន​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ​។  លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​គាំទ្រ​ចំណាត់ការ​ហាមឃាត់​អ្នក​គ្មាន​សិទ្ធិ​ហោះហើរ និង​ស្ថិតក្រោម​ការឃ្លាំមើល​មិន​ឲ្យ​ទិញ​អាវុធ ដើម្បី​កាត់បន្ថយ​ហិង្សា​ប្រដាប់អាវុធ​នៅ​អាមេរិក​។​

​ទាក់ទិន​បញ្ហា​នេះ សមាជិកសភា​បក្ស​សាធារណរដ្ឋ Bob Dold បាន​លើកឡើងថា វា​ជា​ពេលដែល​អ្នកបង្កើត​ច្បាប់​ធ្វើ​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ហើយ​។ លោក​បន្តថា « ការបញ្ចេញ​គំនិត​និង​បួងសួង​មិន​គ្រប់គ្រាន់​ឡើយ​ឡើយ​។  វា​ជា​ពេលដែល​យើង​ត្រូវធ្វើ​សកម្មភាព​ហើយ​»​។​

​យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​ការអនុម័ត​ចំណាត់ការ​បន្ថែម​សំដៅ​គ្រប់គ្រង​សព្វាវុធ​នេះ​មិន​ច្បាស់​ថា​ជោគជ័យ​កម្រិតណា​ឡើយ ព្រោះ​បច្ចុប្បន្ន​ការប្រកួតប្រជែង​គ្នា​រវាង​បក្ស​ទាំងពីរ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កំពុងតែបន្ត​យ៉ាង​ស្វិតស្វាញ​ផង​នោះ​។ បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​រួមទាំង​ប្រធានសភា​ជាន់​ទាប​លោក Paul Ryan នៅតែ​អះអាងថា ការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​នេះ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាជន​ក្នុងការ​កាន់កាប់​អាវុធ​ផងដែរ​។ គេ​សម្អាងថា វា​កម្រិត​សិទ្ធិ​ទិញ​អាវុធ​នេះ នឹង​រំលោភច្បាប់​វិសោធនកម្ម​លើក​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​សំដៅលើ​ការផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​អាមេរិក​រាល់គ្នា​ក្នុងការ​កាន់​អាវុធ រួមទាំង​អ្នក​ដែល​ស្ថិតក្នុង​បញ្ជី​ជា​ជនសង្ស័យ​ផងដែរ​៕