រង់ចាំ​តាំង​ពី៥៨ឆ្នាំ តែ​ដល់​ពេល​មក​មើល​ការ​ប្រកួត… ដេក​លក់​រហូត!

តំបន់វែល (Wales) ភាគខាងលិចនៃចក្រភពអង់គ្លេស ដែលមានប្រព័ន្ធកីឡា ឯករាជ្យពីអង់គ្លេសនោះ ខាន​បាន​ចូល​មក​ប្រកួត ជាលក្ខណៈអន្តរជាតិដូច្នេះ តាំងពី៥៨ឆ្នាំមកហើយ។ ផ្ទុយទៅវិញ ពេលវេលា​នៃ​ការ​រង់ចាំនេះ ទំនង​​មិនសូវ​ជាផ្ដល់​សារៈសំខាន់​ប៉ុន្មាន សម្រាប់បុរស​អ្នកគាំទ្រ​ម្នាក់នេះទេ ព្រោះបុរសយើង​បានដេក​លក់រហូត ពេលចូលមក​មើល​ការ​ប្រកួត រវាង​ក្រុម​ជម្រើស​ជាតិ វែល និងស្លូវ៉ាគី កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។
រង់ចាំ​តាំង​ពី៥៨ឆ្នាំ តែ​ដល់​ពេល​មក​មើល​ការ​ប្រកួត... ដេក​លក់​រហូត!

ស្រវឹងជោគជាំ! ទោះជាបោចសក់ក្បាលយ៉ាងណា ក៏មិនដឹង មិនឈឺ...។ (រូបថតទ្វីសធើរ)

បានមកទស្សនាផ្ទាល់ នូវការប្រកួតរបស់ក្រុមជម្រើសជាតិ ដែលខ្លួនគាំទ្រ និងដែលខានបានចូលប្រកួត ជា​លក្ខណៈអន្តរជាតិរបៀបនេះ តាំងពីជិត៦០ឆ្នាំមកនោះ គឺពិតជាសុបិន្តមួយដ៏អស្ចារ្យ និងមិន​ត្រូវឲ្យ​ខក​ខាន​សោះ​ឡើយ។ តែបុរសម្នាក់នេះ បានចូលមកទស្សនា-គាំទ្រ ក្រុមបាល់ទាត់ វែល (Wales) ដែលត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ស្លូវ៉ាគី (Slovaquie) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយដេកលក់រហូត។

ដេកលក់ ព្រោះបាន«ដកមេ»មុនការប្រកួត បណ្ដាលឲ្យបុរសស្រវឹងងោកងុយ មិនខ្វល់មិនឮ ទោះជាសម្រែក​ជ័យឃោស ពីសំណាក់ជនរួមជាតិខ្លួន បានបន្ទរឡើងយ៉ាងខ្ញៀវខ្ញារ បន្ទាប់ពីក្រុមវែល បានប្រកួតឈ្នះ ក្រុម​ស្លូវ៉ាគី ២ទល់នឹង១យ៉ាងណាក៏ដោយ។

សារព័ត៌មានអង់គ្លេស ប្រចាំតំបន់វែល ឈ្មោះ «Wales Online» បានរាយការណ៍ថា បើសូម្បីតែមិត្តភ័ក្រ​របស់​បុរស​ម្នាក់នេះ គឺលោក «Shane Williams» ដែលជាអតីតកីឡាករបាល់អោប (Rugby) អន្តរជាតិមួយរូប ក៏​មិន​អាច​អង្រួន ដាស់ឲ្យបុរសស្រវឹងជោគខ្លួន ភ្ញាក់ដឹងខ្លួនឡើងវិញបានដែរ។ និយាយរួមទៅ បុរសដ៏អស្ចារ្យ​បាន​ចាប់​ផ្ដើម​ដេក​លក់ តាំងពីមុនចម្រៀងភ្លេងជាតិ របស់តំបន់ វែល ដែលត្រូវបានចាក់បន្លឺឡើង នៅមុនការ​ប្រកួត​នោះ​រហូត​មក។

លោក «Shane Williams» បាននិយាយប្រាប់សារព័ត៌មាន ដែលចេញតាមបណ្ដាញអ៊ិនធើណែតថា៖ «មិត្ត​ខ្ញុំ​ម្នាក់​នេះ បាន​ដេកលក់រហូត ដល់ចប់ការប្រកួត។ នៅពេលវាដឹងខ្លួនឡើងក្រោយមក ខ្ញុំបាន​បង្ហាញ​រូប​ថត​នេះ ឲ្យ​វា​មើល... វាបានបង្ហាញការហួសចិត្ត លែងនិយាយរួច»៕