រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

​គ្រូ​​កម្រិត​មត្តេយ្យ​ម្នាក់​​​ បាន​សម្រេច​ចិត្ត​លេង​ហ្គេម​​​ក្នុង​ថ្នាក់​ ដោយ​​ប្រាប់​​​ឲ្យ​​កូន​សិស្ស​​ទាំង​អស់​​​​​យក​​​​​​ថង់​ប្លាស្ទិក​​​​​​ច្រក​​មើម​ដំឡូង​។ ​​ដំឡូង​​នីមួយ​ៗ​ ​​​​​ត្រូវ​​​សរសេរ​​ឈ្មោះ​​​​​​មនុស្ស​​​ណា ​ដែល​​​​កូន​សិស្ស​ស្អប់​​​ ដូច្នេះ​​​​ចំនួន​ដំឡូង​ក្នុង​ថង់​​​​មាន​ច្រើន​ ឬ​តិច​​​អាស្រ័យ​​ទៅលើ​​សិស្ស​ណា​​​​ ​ដែល​ស្អប់​គេ​​​តិច​ ឬ​ច្រើន​នាក់​ដែរ​​។

 

រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

 

​​​​ថ្ងៃ​លេង​​មក​ដល់​​ ​​សិស្ស​ទាំង​អស់​​បាន​​យួរ​​​​ដំឡូង​​​​​ដោយ​មាន​ឆ្លាក់​ឈ្មោះ​​មនុស្ស​​ដែល​ខ្លួន​ស្អប់​​​​មក​ជាមួយ​តាម​ការ​​គ្រោង​ទុក។ ​​សិស្ស​​​ខ្លះ​​​មាន​ដំឡូង​​ ២មើម ខ្លះ​ ៣មើម​ និង​ខ្លះ​​ទៀត​ដល់​​ទៅ​ ៥មើម​។ ​​បន្ទាប់​មក​​ គ្រូ​​បាន​​​​​​​ឲ្យ​ពួក​គេ​​យួរ​​​ដំឡូង​ទាំង​នោះ​​ទៅ​តាម​​ខ្លួន​ជា​និច្ច​​ ​ទោះ​ទៅ​ទីណា​ក៏ដោយ និង​​​រយៈពេល​​​មួយ​​សប្ដាហ៍​។

 

ច្រើន​​ថ្ងៃ​​កន្លង​​ផុត​​ទៅ​​ ​កូន​សិស្ស​​​ចាប់​ផ្ដើម​​ត្អូញត្អែរ ​ដោយ​សារ​​ដំឡូង​រលួយ​​ ​ភាយ​ក្លិនស្អុយ​​​តាម​ខ្លួន​។ ​ក្រៅ​ពី​នេះ​ អ្នក​ដែល​មាន​​​​ដំឡូង​​​ ៥មើម​​ ត្រូវ​យួរ​ធ្ងន់​ និង​ក្លិន​ស្អុយ​កាន់​តែ​ខ្លាំង។ ​ក្រោយ​​រយៈ​ពេល​​ ១​សប្ដាហ៍​​​កន្លង​ទៅ​​ ​កូន​សិស្ស​បាន​ធូរ​ក្នុង​ចិត្ត ​ព្រោះ​​​ហ្គេម​​​ដល់​ថ្ងៃ​បញ្ចប់។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រួ​សួរ​​​ថា​ “​​​តើ​​​​​ទាំង​អស់​​គ្នា​​មាន​អារម្មណ៍​ដូចម្ដេច​ ​ពេល​​កំពុង​​​យួរ​ដំឡូង​​​​រយៈពេល​ ១សប្ដាហ៍”?​ កូន​សិស្ស​​​បាន​បញ្ចេញ​អារម្មណ៍​​​ស្រងាកចិត្ត ​និង​​​ចាប់​ផ្ដើម​​​ត្អូញ​​ពី​​​បញ្ហា​​ដែល​​ពួក​គេ​ជួប​ប្រទះ​​គឺ​ធុំ​ក្លិន​​ស្អុយ​ជាប់​ខ្លួន ​​ពេល​ពួក​គេ​ដើរ​ទៅ​ណា​មក​ណា។​

 

​បន្ទាប់​មក​​​ គ្រូ​​បាន​ប្រាប់​​​ថា​ហ្គេម​នេះ ​មាន​អត្ថន័យ​បង្កប់​​​របស់​វា​​​គឺ​ “​​វា​​​ដូច​ជា​​ស្ថាន​ភាព​​ជាក់​ស្ដែង​​​អីចឹង​​ នៅ​​ពេល​​​​អ្នក​​​​​​​​ស្អប់​នរណា​ម្នាក់​​ទុក​​ក្នុង​ចិត្ត​។ ​​​ការ​ស្អប់​ នឹង​ធ្វើ​​ឲ្យ​​​​​​អារម្មណ៍​​របស់​យើង​​មិន​ល្អ​​ ​​ពុំ​ស្រស់ស្រាយ​ ​ហើយ​​អ្នក​ត្រូវ​​​នាំ​វា​តាម​ខ្លួន​​​​​​​ទៅ​គ្រប់​ទីកន្លែង​​​​ដូច្នោះ​ដែរ។ ​​ប្រសិន​​បើ​យើង​​​មិន​អាច​​អត់​ទ្រាំ​​​ក្លិន​​​​​ដំឡូង​រលួយ​​រយៈពេល​ ១សប្ដាហ៍​បាន យើង​​សាក​ស្រមៃ​​មើល​ថា ​តើ​វា​នឹង​ទៅ​ជា​យ៉ាង​ម៉េច​ ​បើ​​យើង​​ស្អប់​​​​គេ​​​ពេញ​មួយ​ជីវិត​នោះ?”

 

​តម្លៃ​អប់រំ​រឿង៖

សូម​បោះ​បង់​​ចោល​​ ការ​ស្អប់​នរណា​​ពី​ក្នុង​​​​ចិត្ត​ឲ្យ​អស់ ​ដូច្នេះ​​​​យើង​នឹង​​​​មិន​រែក​បន្ទុក​​​នេះ​ក្នុង​​​​ជីវិត​ទេ។ ​ការ​​អត់ឱន​​​ចំពោះ​អ្នកដទៃ ​គឺ​ជា​​សេចក្ដី​ថ្លៃ​ថ្នូរ​​​បំផុត។​ ការ​​​ស្អប់​ ការ​គិត​មិន​ល្អ ការ​ទើសទាល់ ​ចំពោះ​​អ្នក​ដទៃ ​​នឹង​​​មិន​អាច​ឲ្យ​អ្នក​រស់​នៅ​បាន​សុខ​ស្រួល​ឡើយ​។ ព្យាយាម​ចង​ចាំ​ និង​គិត​អ្វី​ល្អ​ៗ​ ចំពោះ​មនុស្ស​​​​ជុំវិញ​ខ្លួន​ ​ទើប​រស់​នៅ​បាន​ស្ងប់​​​ និង​មិន​ជួប​បញ្ហា​ថ្ងៃ​ក្រោយ៕

 

រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

 

ចុចអាន៖ រឿង​ពិចារណា៖ ឪពុក​អ្នក​មាន​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​ក្រ ​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស