បារាំង​ចាប់​អ្នក​បង្ក​ហិង្សា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Euro 2016

បន្ទាប់​ពី​ការ​បង្ក​ហិង្សា​អស់​រយៈពេល​មួយ​អាទិត្យ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ទ្វីបអឺរ៉ុប ឆ្នាំ​២០១៦ រួច​មក បារាំង​បាន​សម្រេច​ចាប់ខ្លួន​អ្នកគាំទ្រ​រុ​ស្សី​៣​នាក់​ដាក់​ពន្ធ​ធនាគារ និង​គ្រោង​បណ្តេញ​២០​នាក់​ទៀត​ពី​ប្រទេស ឈប់​ឱ្យ​មើល​ការ​ប្រកួត​បាល់ Euro 2016​នៅ​អាទិត្យ​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា ការ​បង្ក​ហិង្សា​នេះ កើតឡើង​នៅ​ពេល​អ្នកគាំទ្រ​ទាំងអស់​កំពុង​មើល​ការ​ប្រកួត រវាង​ក្រុម​រុ​ស្សី និង​អង់គ្លេស ដែល​ធ្វើ​ឱ្យ​មាន​អ្នក​រង​របួស​ដល់​១៦​នាក់ ។ តែបើ​កាន់តែ​ច្បាស់​នោះ គឺ​អំពើ​ហិង្សា​នេះ កើត​មាន​ជា​បណ្តើរ​ៗ​តាំងពី​មុន​មក​ម្ល៉េះ ។ ពោល​គឺ​វា​ចាប់ផ្តើម តាំងពី​មានការ​ប្រកួត​រវាង​រុ​ស្សី និង​ស្លូ​វ៉ា​គី នៅ​ថ្ងៃ​ពុធ (​ម៉ោង​តំបន់​) និង​ការ​ប្រកួត​រវាង​អង់គ្លេស នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ (​ម៉ោង​តំបន់​) ។

អ្នកគាំទ្រ​រុ​ស្សី​៣​នាក់​ដាក់គុក​នោះ​មាន ៖ លោក Alexei Erunov ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង Fan នៅ​ក្លឹ​ប​បាល់់ទាត់​មួយ​ដ៏​ល្បី ដែល​មានឈ្មោះ​ថា Lokomotiv Moscow លោក​ត្រូវ​បាន​គេ​សម្រេច​ឱ្យ​ជាប់គុក​២​ឆ្នាំ ។ លោក Nikolai Morozov ដែល​ជា​អ្នកគាំទ្រ​រុ​ស្សី បាន​កាត់ទោស​ឱ្យ​ជាប់គុក​១២​ខែ ។ លោក Sergei Gorbachev ដែល​ជា​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​សាងសង់​រុ​ស្សី ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​១៨​ខែ​។

បន្ថែម​ពីលើ​ការ​ចាប់​ដាក់​ពន្ធ​ធនាគារ ពួក​គេ​ទាំង​៣​រូប​នេះ នឹង​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​មានមុខ​នៅ​បារាំង​រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ការ​ដោះ​លែង ។ ការ​បង្ក​ហិង្សា​នេះ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១១ មិថុនា មក​ម្ល៉េះ ដែល​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​សរុប​៣៦​នាក់ ។