កម្លាំង​សីលធម៌​ទល់​នឹង​កម្លាំង​ដុល្លារ

មានការ​បន្ទោស​គ្នា​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​អំពី​ការ​មិន​គោរព​តាម​ក្រមសីលធម៌​។ ដូច​ជា​គ្រូពេទ្យ​មួយ​ចំនួន​ត្រូវ​បាន​គេ​បន្ទោស​ថា មិន​គោរព​សីលធម៌​នៅ​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​យក​ដុល្លារ​ជា​ធំ​។

ឧទាហរណ៍​នេះ បញ្ជាក់​អំពី​កម្លាំង​ប្រទាញ​ផ្ទុយ​គ្នា​ពីរ​រវាង​សីលធម៌ និង​លុយ​ដុល្លារ​។ នៅ​ក្នុង​សង្គម​ខ្មែរ​យើង គេ​នាំ​គ្នា​គិត​ថា មនុស្ស​ច្រើន​ផ្តល់​ជម្រើស​ទៅ​លើ​លុយ​ដុល្លារ​ច្រើន​ជាង​សីលធម៌​។ តម្រូវការ​ប្រចាំជីវិត​ប្រចាំ​ថ្ងៃ​តម្រូវ​អោយ​មនុស្ស​ត្រូវ​រក​លុយ​ចិញ្ចឹម​គ្រួសារ​។ បញ្ហា​ប្រាក់ខែ​ទាប ក៏​ក្លាយជា​ដែក​ឆក់​អោយ​មនុស្ស​ងាក​ទៅ​រក​វិធី​ផ្សេង​ៗ​ដែល​ខុសសីលធម៌ ដើម្បី​រក​លុយ​សម្រាប់​ចិញ្ចឹម​គ្រួសារ​។

នៅ​ពេល​ដែល​សីលធម៌​នៅ​ក្នុង​វិជ្ជាជីវ​:​នីមួយ​ៗ​ត្រូវ​បាន​ខ្ទេចខ្ទាំ វា​នឹង​ធ្វើ​អោយ​មនុស្ស​ពិបាក​នឹង​រស់នៅ​ក្នុង​ជីវិត​។ នៅ​ពេល​ត្រូវការ​ស្វែងរក​យុត្តិធម៌ គេ​មិន​ហ៊ាន​ទៅ​តុលាការ​។ នៅ​ពេល​ឈឺ គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ នៅ​ពេល​ដែល​ត្រូវការ​សេវាកម្ម​សាធារណ​: គេ​ក៏​សុខចិត្ត​ចំណាយ​លុយ​ទឹកតែ ដើម្បី​បង្កើន​ល្បឿន ឬ​ដើម្បី​ទទួល​បាន​សេវាកម្ម​សាធារណ​:​។ ចំណែក​អ្នក​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព ក៏​ត្រូវ​ទ្រាំ​ទទួលយក​សេវាកម្ម​សាធារណ​:​ដែល​យឺតយ៉ាវ ឬ​មិនសូវ​មាន​ប្រសិទ្ធភាព បើ​ប្រៀបធៀប​នឹង​សេវាកម្ម​ឯកជន​។

ដើម្បី​ដោះស្រាយ​អ​តុល្យភាព​រវាង​កម្លាំង​ដុល្លារ និង​សីលធម៌ គេ​ចាំបាច់​ត្រូវ​តែ​ផ្តល់​ប្រាក់ខែ​គ្រប់គ្រាន់​សម្រាប់​អ្នក​ផ្តល់​សេវា​ទាំងអស់​ដល់​ប្រជាជន ដើម្បី​ពួក​គេ​អាច​រស់នៅ​បាន​ដោយ​មិនបាច់​ប្រព្រឹត្ត​ខុសសីលធម៌​។ ចំណែក​មនុស្ស​នៅ​ក្នុង​គ្រប់​វិជ្ជាជីវ​:​ទាំងអស់​ត្រូវ​ផ្តល់​តម្លៃ​ដល់​ជិ​វិត​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវ​:​របស់​ខ្លួន​។ គេ​មិន​ត្រូវ​ក្បត់​វិជ្ជាជីវ​: ដើម្បី​ភាព​មានបាន​នៅ​ក្នុង​សង្គម​ឡើយ​។

សូម​កុំអោយ​កម្លាំង​លុយ​ដុល្លារ​កម្ទេច​ខ្ទេចខ្ទី​សីលធម៌​របស់​មនុស្ស​៕