បក្សប្រឆាំងប្រកាសជួបអ្នកគាំទ្រនៅស្នាក់ការ​រហូត​មានដំណោះស្រាយនយោបាយ​

គណបក្សសង្គ្រោះជាតិប្រកាសថាខ្លួនប្តេជ្ញាជួបជុំជាមួយសកម្មជននៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើរហូតមានដំណោះស្រាយនយោបាយនិងមានការដោះលែងអ្នកកំពុងជាប់ឃុំក្រោមហេតុផលនយោបាយ។

បក្សប្រឆាំងប្រកាសជួបអ្នកគាំទ្រនៅស្នាក់ការ​រហូត​មានដំណោះស្រាយនយោបាយ​

នៅថ្ងៃទី១៧ ខែមិថុនា នេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ថ្លែងប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការគណបក្សថា គណបក្សនៅតែបន្តជួបជុំជាមួយសកម្មជននិងប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្តដរាបណាមិនទាន់មានដំណោះស្រាយនយោបាយ។

លោក យឹម សុវណ្ណ បញ្ជាក់ថាដំណោះនយោបាយនោះគឺទាមទារឲ្យមានការគោរពអភ័យឯកសិទ្ធរបស់អ្នកតំណាងរាស្រ្តនិង ដោះលែងអ្នកកំពុងជាប់ឃុំទាំងអស់ក្រោមហេតុផលនយោបាយ »ដំដោះស្រាយនោះគឺការគោរពអភ័យឯកសិទ្ឋអ្នកតំណាងរាស្រ្តអំពីការដោះស្រាយ អ្នកដែលជាតំណាងអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សសង្គ្រោះជាតិកំពុងតែជាប់ពន្ធនាគារ »។

គួររំឭកថាក្រោយពីសមត្ថកិច្ចតាមចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបានសម្រេច កាលពីថ្ងៃទី២៦ខែឧសភាមកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់រយរហូតរាប់ពាន់នាក់ប្រមូលផ្តុំនៅស្នាក់ការគណបក្សសង្គ្រោះជាតិរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថាការជួបជុំណាមួយរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការបក្សជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែលោកស្នើឲ្យមានការសហការណ៍ជាអាជ្ញាធរមូលដ្ឋាន។លោកថា៖ «ខ្ញុំថាគាត់ជួបជុំនៅស្នាក់ការគណបក្សគាត់អាហ្នឹងជារឿងធម្មតាតើ គាត់ចង់ប្រមូលអីប្រមូលទៅមានបញ្ហាអីអាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ ប៉ុន្តែបើសុំឲ្យមានការសហការណ៍ជាសមត្ថកិច្ចរដ្ឋអំណាចមូលដ្ឋានផង ដើម្បីជៀសវាងកើតបញ្ហាជាយថាហេតុ»

កាលពីថ្ងៃអង្គារទី១៤ ខែមិថុនា លោក ប៉ិច កែវមុនី អភិបាលខណ្ឌបានសរសេរលិខិតមួយច្បាប់ផ្ញើជូនគណបក្សនេះបញ្ជាឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យហៀរលើផ្លូវ ឲ្យរុះរើសំយាប និងជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំគ្នាណាមួយ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបញ្ជក់ជំហរមិនសុំច្បាប់ឬជូនដំណឹងព្រោះនោះជាសេរីភាពនៃការជួប ប្រជុំនៅស្នាក់ការគណបក្ស៕

ប្រភពៈ VOD