តារា​ជើងចាស់​អ្នកស្រី ឈុន ណា​រី ដែល​កើត​ទាច​ទឹករ​អត់​ប្រាក់​ព្យាបាល​

6 Videos


តារាជើងចាស់ម្នាក់កើតទាចទឹកកាន់តែធ្ងន់ធ្ងរ ថ្ងូរអត់ប្រាក់ព្យាបាល គាត់បានត្អូញត្អែថា «ក្មួយអើយ ! ពេលចុកម្ដងៗស្តើរតែផុតទៅហើយ ឥឡូវហ្នឹងខ្លួនកាន់តែហើមទៅៗ មិនដឹងរស់បានប៉ុន្មានទៀតទេ អត់មានលុយសោះ សូម្បីតែ១រៀល» ។ តារាសម្ដែងជើងចាស់អ្នកស្រី ឈុន ណារី ដែលកើតទាចទឹកជាច្រើនឆ្នាំមកហើយ ថ្លែងទាំងទឹកភ្នែកប្រាប់យើងនាព្រឹកនេះ ។

P9

សិល្បករជើងចាស់ដែលមានប្ដីជាយោធិនពិការផងនោះ បានបន្តថា ក្រុមគ្រួសាររបស់គាត់មិនត្រឹមតែមិនមានប្រាក់ព្យាបាលទេ បច្ចុប្បន្នថែមទាំងជំពាក់គេថែមទៀតផង ដោយសារសភាពជំងឺកាន់តែធ្វើទុក្ខខ្លាំងទៅៗ ។ អ្នកស្រីប្រាប់ថា អ្នកស្រីដឹងខ្លួនថា មិនអាចរស់រានបានយូរអង្វែងទៀតឡើយ ដូច្នេះហើយគ្រាចុងក្រោយនេះគាត់ប្រាថ្នាចង់ពិសាអ្វីឆ្ងាញ់ បើបានតែមួយពេលក៏អស់ចិត្តដែរ ។

ជំងឺទាចទឹករបស់អ្នកស្រី ឈុន ណារី បានចាប់ផ្ដើមធ្វើទុកខ្លាំងជាងមួយឆ្នាំមកហើយ អាការជំងឺ គឺ ចុក ហត់ ពិបាកដកដង្ហើម ។ កន្លងមកអ្នកស្រីបានទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនកន្លែងដែរ តែពេទ្យប្រាប់ថាមិនមានសង្ឃឹមឡើយ ត្បិតអីជំងឺនេះបានចូលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ បើព្យាបាលក៏ត្រូវការប្រាក់ច្រើនដែរ ។ ដោយសារតែបែបនេះ បច្ចុប្បន្នគឺពឹងលើការព្យាបាលដោយការលេបថ្នាំខ្មែរប៉ុណ្ណោះ ។

ឯក្រុមគ្រួសារវិញ អ្នកស្រី ឈុន ណារី មានស្វាមីជាយោធិនពិការ មានកូនស្រីម្នាក់កំពុងសិក្សានៅសាកលវិទ្យាល័យមួយ ។ បច្ចុប្បន្នក្រុមគ្រួសារមិនមានផ្ទះសម្បែងផ្ទាល់ខ្លួនឡើយ គឺរស់នៅជាមួយម្ដាយក្មេកនៅឯខេត្តសៀមរាប ហើយពឹងផ្អែកទាំងស្រុងលើប្រាក់សោធិនចូលនិវត្តន៍ ៣០ ម៉ឺនរៀលក្នុងមួយខែ ។

ជិត ២០ ឆ្នាំហើយដែលអ្នកស្រី ឈុន ណារី បានចូលសិល្បៈដោយអាជីពស្ទើរមួយជីវិតនេះមិនមានអ្វីសល់ឡើយ កម្រៃបានមកពីការថត បានត្រឹមតែដោះស្រាយជីវភាពប្រចាំថ្ងៃ និង ជួយឲ្យកូនស្រីបានរៀនប៉ុណ្ណោះ ។ អ្នកស្រីសំណូមពរដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មេត្តាជួយគាត់នាគ្រាចុងក្រោយផង ។

តារា​ជើងចាស់​អ្នកស្រី ឈុន ណា​រី ដែល​កើត​ទាច​ទឹករ​អត់​ប្រាក់​ព្យាបាល​

ប្រសិនបើសប្បុរសជនមានបំណងចង់ជួយដល់តារាសម្ដែងជើងចាស់រូបនេះ អាចទាក់ទងទៅលេខទូរសព្ទអ្នកស្រីផ្ទាល់ 097 600 9297 / 015 423 553 ៕

                                                                                                        សុថាត់