សុំ​គេ​…​ស្រួល​ជាងរ​កស៊ី ?

មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុក​ចំនួន​៤ ហើយ​សុទ្ធ​សឹង​ក្រុមហ៊ុន​សេវាកម្ម បាន​សម្តែង​មតិ​ដូច​ៗ​គ្នា​ប្រាប់​កោះសន្តិភាព ចោទប្រកាន់​អាជ្ញាធរ​ថ្នាក់​ជាតិ​ថា បាន​ប្រគល់​សេវាកម្ម​យក​ថ្លៃ​លើ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​នៅ​រាជធានី ដោយមិន​ដាក់​ឱ្យ​ដេញថ្លៃ គឺ​ស្ងាត់​ៗ​ចេញ​អុង​បី​ស៊ីដាច់​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ។

មាន​ក្រុមហ៊ុន​ខ្លះ​ទម្លាយ​ថា ពួក​គេ​បាន​ចំណាយ​ក្រៅ​ជិត​មួយ​លាន​ដុល្លារ រត់ការ​យក​ថ្លៃ​សេវាកម្ម​ប៉ាណូ​...​នឹក​ថា​បាន នៅ​តែ​យក​មិន​បាន ។ ពួក​គេ​មាន​សំណួរ​ថា តើ​គេ​ចាយ​អស់​ប៉ុន្មាន​ទើប​មានសំណាង​អី​ធំ​ម្ល៉េះ បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​១០​ឆ្នាំ​ដោយ​គ្មាន​ការ​ដេញថ្លៃ​នេះ ?

មន្ត្រី​សាលាក្រុង​ភ្នំពេញ​មួយ​រូប​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​ម្សិលមិញ ដែល​ពី​មុន​មិន​ហ៊ាន​ហើប​ប្រាប់ បាន​និយាយ​ថា ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ជា​អ្នកមាន​សំណាង​បាន​ទទួល​សិទ្ធិ​ម៉ៅ​ការ​យក​ថ្លៃ​ប៉ាណូ​ទូ​ទាំង​រាជធានី​រយៈពេល​១០​ឆ្នាំ ។

ប្រភព​ដដែល​ប្រាប់​ថា ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​ម៉ៅ​ការ​បង់​ចំណូល​រដ្ឋ​២៥​ម៉ឺន​ដុល្លារ ។ ចំពោះ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ដែល​រីក​កាន់តែ​ធំ​នេះ តាម​ការ​ប៉ាន់ស្មាន​អាច​ប្រមូល​ចំណូល​បាន​លើស​ពី​៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ មន្ត្រី​ដដែល​និយាយ​ថា ក្នុង​ជំនាន់​ក្រុមហ៊ុន​ចាស់​ម៉ៅ​ការ អាច​បាន​ចំណូល​ជិត​២​លាន​ដុល្លារ ដែល​កាលនោះ​គេ​បង់​បាន​តែ​១៥​មឺ​ុ​ន​ដុល្លារ​ទេ​ក្នុង​១​ឆ្នាំ ។

ប៉ុន្តែ​ពេល​នេះ​ទីក្រុង​កាន់តែ​រីក​ធំ សេដ្ឋកិច្ច​កាន់តែ​រីក​ចំរើន ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់តែ​ដុះដាល ទូលំទូលាយ ប្រ​សិន​បាន​ដាក់​ឱ្យ​ដេញថ្លៃ​អាច​បាន​ចំណូល​ច្រើន​ជាង​នេះ​២​ទៅ​៣​ដង​ឯណោះ ។

មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​បាន​ទេ សូ​ម្បី​នាយករង​រដ្ឋបាល​សាលាក្រុង ដែល​ទទួល​បន្ទុក​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ។ ចំណែក​ថៅកែ​ក្រុមហ៊ុន​ម៉ៅ​ការ​ដែល​មានសំណាង​ដូច​ទេវតា​ប្រទាន បាន​ទទួល​សិទ្ធិ​ដោយ​អត់​ដេញថ្លៃ ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ឬ​ក៏​អ្នកតំណាង​កាន់តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ដែល​សន្មត​ថា ចប់​ទៅហោង​...​។

ទស្សនៈ​នានា​និយាយ​ថា​...​ឱ ! ស្រុក​ខ្មែរ យប់​ខែងងឹត​អើយ​...​នៅ​តែ​មាន​នយោបាយ​សេដ្ឋកិច្ច​រដ្ឋ​ប្រឡាំប្រកូវ​នៅឡើយ​តើ ? ប្រាសាទអង្គរវត្ត​ដែល​ដាក់​ឱ្យ​ឯកជន​ម៉ៅ​ការ​ជា​បទ​ពិសោធ​មួយ​ទៅ​ហើយ​...​បាន​យក​មក​កាន់កាប់​ផ្ទាល់​វិញ​...​ចេះ​ធ្វើ​បាន​...​តើ​ហេតុ​អី​រឿង​តូច​ចំណូល​ធំ​យ៉ាងនេះ​បែរជា​ធ្វើ​មិន​បាន ?

រដ្ឋ​យើង​ក្រ​មែន​...​ប៉ុន្តែ​គួរតែ​ចេះ​ស្តាយ​...​ចំណូល​មួយ​ឆ្នាំ​អាច​បាន​លើស​ពី​៣​លាន​ដុល្លារ​មិន​យក​ទេ​...​សុខចិត្ត​យក​២៥​ម៉ឺ​ន​ដុល្លារ​វិញ ត្រជាក់​មេជើង​ជាង​ត្រាំ​ទឹកកក​មែន​ទេ ?

ដល់​អីចឹង​ទៅ​គេ​ថា ខ្មែរ​ល្ងង់​ណាស់​...​បានជា​ក្រ ឱ្យ​វា​ទុល​គ្រប​ទៅ​ចុះ​...​អ្នកក្រ​មក​ពី​ខ្ជិល​...​សុខចិត្ត​សុំទាន​ទេ ស្រួល​ជាងរ​កស៊ឺ​...
ហេ ! ហេ !
                អា​ឡេវ