​ដឹងទេ? មូលហេតុបាញ់ប្រពន្ធស្លាប់ រួចបាញ់ខ្លួន​​ឯងគឺថា…​

រាជ​ធានី​ភ្នំពេញ ៖ ករណី​ប្តី​-​ប្រពន្ធ​ស្លាប់ដោយសារ​គ្រាប់កាំភ្លើង​​ត្រូវ​គេ​ដឹង​​ថា គឺផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌ​ ដោយសារប្រពន្ធ​​មាន​ថ្មី ទើប​ធ្វើ​ឱ្យ​បុរស​ប្តី​អត់ទ្រាំ​នូវ​ទ​ង្វើ​រ​នេះ​មិន​បាន ក៏​សម្រេច​វាសនា​ឱ្យ​នាង​ជា​ប្រពន្ធ​​ស្លាប់ ​ដោយ​គ្រាប់កាំភ្លើង​​ក្នុង​ថ្លុកឈាម ។ បន្ទាប់​ពី​បាន​សម្លាប់​ប្រពន្ធ​រួច ក៏​បញ្ចប់ជីវិត​ខ្លួនឯង​តាម​ក្រោយ​ដែរ ​នៅ​ក្នុង​បន្ទប់ទឹក ។

ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ ស្ថិត​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​«​ប្រជា​ប្រិយ​» តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​ប្រាក់ សុ​ភ័​ក្ត្រា អាយុ​៣៥​ឆ្នាំ ជា​ថៅកែ​ភោ​ជនី​ដ្ឋា​ន «​ប្រជាប្រិយ​» និង​បើក​វី​ង​ដូរ​ប្រាក់​ផង​​ដែរ ។ ចំណែក​ប្តី​មានឈ្មោះ​លី​អៀង សៅ អាយុ​៥០​ឆ្នាំ ជា​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រចាំ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រភព​ពី​អ្នក​ជិតខាង​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ប្តី​-​ប្រពន្ធ​ខាងលើ​កើត​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ម្តង​រួច​ហើយ ក្នុង​នោះ​ក៏​ឮ​ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ទៀត ។ ទ្វារផ្ទះ​ត្រូវ​បាន​បិទ​ដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង មិន​អាច​ឱ្យ​អ្នក​ណា​ចូល​បាន​ឡើយ លុះ​មួ​យស​ន្ធុះ​ក្រោយ​មក ស្នូរ​កាំភ្លើង​ក៏​បាន​ផ្ទុះ​ឡើង​ចំនួន​៣​គ្រាប់​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​ក្បែរ​ខាង​កាន់តែ​ផ្អើល​ឆោឡោ និង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ ចុះ​ទៅ​អន្តរាគមន៍​ដោយ​បុក​ទម្លុះ​ទ្វារផ្ទះ​នោះ ។ បន្ទាប់​មក ស្រាប់តែ​ផ្អើល​ឃើញ​ប្តី​-​ប្រពន្ធ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​នៅ​​ក្នុង​បន្ទប់ទឹក ។

ប្រភព​មួយ​ទៀ​មិន​ទាន់​ច្បាស់​ការណ៍​ថា ករណី​នេះ​គឺ​ផ្តើម​ពី​ជម្លោះ ដោយសារ​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង ទើប​កើត​ទៅ​ជា​រឿង​ភ្លើង​ប្រចណ្ឌ រហូត​អត់ទ្រាំ​លែង​បាន សម្រេច​ជ្រើស​ផ្លូវស្លាប់​ទាំង​២​បែប​នេះ ។ នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ជា​ច្រើន​នាក់​ទៅ​អន្តរាគមន៍ និង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់ ចំ​ថ្ពាល់​ខាងឆ្វេង​ធ្លាយ​គុម្ពត្រចៀក​ខាងស្តាំ រីឯ​ប្តី​ត្រូវ​២​គ្រាប់ ថ្ពាល់​១​គ្រាប់ ក្រោម​ចង្ការ​១​គ្រាប់ ។

ហេតុការណ៍​ខាងលើ ត្រូវ​ក្រុម​សាច់ញាតិ​ជន​រង​គ្រោះ​រារាំង​មិន​មិន​ឱ្យ​សមត្ថកិច្ច​ចូល​ជា​សេរី​ឡើយ រួម​ទាំង​មិន​អនុញ្ញាត​ឱ្យ​អ្នក​យក
ព័ត៌មាន​ចូល​ជា​ដាច់ខាត  ។ បើ​តាម​ពលរដ្ឋ​មួយ​ចំនួន​ដឹង​ហេតុការណ៍​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា «​បាបកម្ម​» ។ តែ​ន័យ​ពិត​យ៉ាង​ណា អាស្រ័យ​ទៅ​លើ​អ្នក​អាន អ្នក​ស្តាប់ ស្វែង​យល់​ដោយ​ខ្លួនឯង​ទៅ​ចុះ ។ បច្ចុប្បន្ន សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ហើយ​។