គីស​សុដន់ ធ្វើ​ដូចម្តេច ទើប​ដឹង ថា​មាន​?

គីស​សុដន់ ធ្វើ​ដូចម្តេច ទើប​ដឹង ថា​មាន​?


គីស​សុដន់ ធ្វើ​ដូចម្តេច ទើប​ដឹង ថា​មាន​?

​ការពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​គីស​ក្នុង​សុដន់ ច្រើន​តែ​ចាប់ផ្តើម​ក្រោយ​ពី​អ្នក ឬ​គ្រូពេទ្យ​សម្គាល់​ដឹងថា​មាន​ដុំ​ក្នុង​សុដន់​។ លើ​ពី​នេះ​ទៅទៀត អ្នក​នឹង​មាន​ការពិភាក្សា​ទៅលើ​រោគសញ្ញា និង​ប្រ​វតិ្ត​ជំងឺ ហើយ​គ្រូពេទ្យ​ក៏​អាច​ពិនិត្យ​ទៅលើ​សុដន់ ថត​អេកូ​សុដន់ ឬ​ចាក់​ម្ជុល​បូមទឹក​ក្នុង​គីស​នោះ​ទៀត បើសិនជា​អ្នកត្រូវការ​។

ការពិនិត្យ​សុដន់​
គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​កុំ​សាច់​ក្នុង​សុដន់ និង​បញ្ហា​ផ្សេងៗ​ទៀត​លើ​សុដន់​របស់​អ្នក​ដែរ​។ ដោយសារ​តែ​គ្រូពេទ្យ​មិន​អាច​ប្រាប់​ពី​រោគវិនិច្ឆ័យ ពី​ការពិនិត្យ​នេះ​ឲ្យ​ច្បាស់ គាត់​នឹង​អាច​ធ្វើ​តេស្ត​ផ្សេង​មួយទៀត ដែល​អាច​ជា​ការថតរូប​ភាព​វេជ្ជសាស្ត្រ ឬ​ការចាក់​ម្ជុល​បូមទឹក​ក្នុង​គីស​នោះ​បន្ថែមទៀត​។

អេកូ​សុដន់​
ការថត​អេកូ​សុដន់ អាច​ជួយ​ឲ្យ​គ្រូពេទ្យ​កំណត់​បាន​ថា​តើ ដុំ​ក្នុង​សុដន់​នោះ គឺជា​ទឹក ឬ​ជា​សាច់​។ ចំពោះ​ដុំ​ដែល​មាន​ទឹក​ច្រើន​តែ​ជា​គីស​។ ចំពោះ​ដុំ​ដែល​ជា​សាច់ ទំនង​ជា​ដុំ​ដែល​មិនមែន​ជា​មហារីក​ទេ​នោះ​គឺ Fibroadenoma ប៉ុន្តែ ដុំ​ដែល​រឹង​ដូច​សាច់ ក៏​អាច​ជា​ជំងឺមហារីក​សុដន់​ដែរ​។

បើ​យោង​ទៅតាម​អ្វី ដែល​គ្រូពេទ្យ​មើល​ឃើញ​តាម​អេកូ គាត់​ប្រហែលជា​ណែនាំ ឲ្យ​ច្រិបសាច់​ទៅពិនិត្យ​បន្ថែ​មទៀត (Biopsy) ដើម្បី​វាយតម្លៃ​ទៅលើ​សាច់​នោះ ថា​វា​ជា​អ្វី​ពិតប្រាកដ​។ បើសិន​ជា​គ្រូពេទ្យ​ស្ទាប​ដឹងថា វា​ជា​ដុំ​គីស​សុដន់​មែន​នោះ គាត់​ប្រហែលជា​មិនបាច់​ថត​អេកូ និង​តេស្ត​អ្វី​ច្រើន​ទៀត​ទេ​។

ការចាក់​ម្ជុល​បូមទឹក​ក្នុង​គី​ស​
ក្នុង​ពេល​ធ្វើ​បែប​នេះ គ្រូពេទ្យ​នឹង​ចាក់​ម្ជុល​ដ៏​តូច​មួយ ទៅក្នុង​ដុំ​របស់​សុដន់ និង​បូមទឹក​ចេញពី​ដុំ​នោះ​។ ជាធម្មតា ការធ្វើ​បែប​នេះ ត្រូវតែ​មាន​ការថត​អេកូ​អម​ជាមួយ ដើម្បី​ចាក់​ម្ជុល​ត្រូវ​កន្លែង​។ បើសិនជា​ការ​បូម​នោះ​មាន​ទឹក​មែន ហើយ​ដុំ​វា​បាត់​ទៅ​វិញ គ្រូពេទ្យ​អាច​នឹង​កំណត់ រោគវិនិច្ឆ័យ​ភ្លាមៗ​ថា វា​ជា​ដុំ​គីស​ធម្មតា​ទេ​។

  • ​បើសិនជា​ទឹក​ដែល​បូម​ចេញ​នោះ មិនមែន​ឈាម ហើយ​ដុំ​នោះ​បាត់​ទៅ​វិញ អ្នក​ទំនងជា​មិនបាច់​ធ្វើ​តេស្ត ឬ​ព្យាបាល​អ្វី​ទៀត​ឡើយ​។
  • ​បើសិនជា​ទឹក​នោះ​ជា​ឈាម ឬ​ដុំ​នោះ​មិន​បាត់​ទៅ​វិញ គ្រូពេទ្យ​អាច​នឹង​យក​ឈាម​ដែល​បូម​ចេញ ទៅ​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​បន្ត និង​ឲ្យ​អ្នកទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​វះកាត់​សុដន់​តាមដាន​បន្ថែម​។
  • ​បើសិនជា​បូម​មក​គ្មាន​ទឹក​ទេនោះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក ធ្វើតេស្ត​ដោយ​ថត​រូបភាព​វេជ្ជសាស្ត្រ​មួយ​ផ្សេង​ទៀត​ដូចជា ការថត​សុដន់ ឬ​អេកូ​សុដន់ ដើម្បី​វាយតម្លៃ​ទៅលើ​ដុំ​នោះ​។ ដុំ​ក្នុង​សុដន់​ដែល​គ្មាន​ទឹក ឬ​មិន​បាត់​ទៅ​វិញ ក្រោយ​ពី​បូម​អាច​ជា​ដុំ​សាច់​ដែល​រឹង ហើយ​កោសិកា​របស់​វា អាច​នឹង​ត្រូវ​ពិនិត្យ​បន្ថែមទៀត ដើម្បី​ឲ្យ​ច្បាស់​ថា វា​មិនមែន​ជា​មហារីក​ទេ​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។