អេស្ប៉ាញ និងអ៊ីតាលី កក់កៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយ

ម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុប អេស្ប៉ាញ បានកក់កៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃសុក្រ ក្រោយពីបានទទួលជ័យជម្នះ ៣-០ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិតួកគី ក្នុងទីក្រុង Nice។

spainmoving

ក្រុមរបស់លោក Vicente del Bosque បានធ្វើការគ្រប់គ្រងទាំងស្រុងក្នុងការប្រកួតពូល D ចាប់តាំងពីចាប់ផ្តើមប្រកួត ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Juventus និងគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Nolito បានបំពេញការទទួលជ័យជម្នះដ៏កក់ក្តៅរបស់ក្រុមខ្លួន។ ខ្សែបម្រើ Andres Iniesta ដែលជាកីឡាករឆ្នើមប្រចាំការប្រកួត បានឲ្យដឹងថា៖ «យើងបានបង្ហាញពីស្មារតីឈ្នះរបស់យើង និងស្មារតីក្រុមដ៏អស្ចារ្យនៅរាត្រីនេះ។ វាអាស្រ័យទៅលើខ្លួនយើងផ្ទាល់ក្នុងការឈានទៅកាន់កម្រិតឆ្ងាយប៉ុណ្ណា ហើយយើងពិតជាមានអារម្មណ៍វិជ្ជមាននៅពេលនេះ»។

ស្របពេលជាមួយគ្នានេះខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Eder បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតដើម្បីទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិស៊ុយអែត ដែលបានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ Eder ដែលបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញពីទម្រង់លេងឲ្យល្អ ក្រោយពីផ្ទេរពីក្លិប Sampdoria ទៅកាន់ក្លិប Inter កាលពីខែមករានោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ជាមួយនឹងគ្រាប់បាល់នេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia