សង្ស័យ​ផ្ដើម​ចេញពី​រឿង​ប្រច័ណ្ឌ​ បាញ់សម្លាប់​ប្រពន្ធ ​រួច​បាញ់សម្លាប់​ខ្លួន​ឯងតាម​ក្រោយ​

សង្ស័យ​ផ្ដើម​ចេញពី​រឿង​ប្រច័ណ្ឌ​ បាញ់សម្លាប់​ប្រពន្ធ ​រួច​បាញ់សម្លាប់​ខ្លួន​ឯងតាម​ក្រោយ​



ភ្នំពេញ ​៖​ អំណាច​នៃ​ភ្លើង​ប្រច័ណ្ឌ​ បាន​ធ្វើ​ឲ្យ​ប្ដី​ ដែល​ជា​មន្ត្រី​នៃ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ដាច់ចិត្ត​ដក​កាំភ្លើងខ្លី​មក​បាញ់សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​ នៅ​ក្នុង​បន្ទប់ទឹក​ រួច​ក៏​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ទៀត ​បន្ទាប់ពី​ពួកគេ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ចាស់ដៃ​រួច​មក​នោះ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧​​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ឆ្នាំ​២០១៦ ​​​នៅ​ចំណុច​ផ្ទះ​វីង​វេរ​លុយ​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជា​ប្ដី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ លី អៀង​សៅ អាយុ​៥០ ឆ្នាំ មុខរបរ​ជា មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ ដែល​មាន​ទីតាំងនៅ​ព្រែក​ព្នៅ​ ហើយ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​ប្រពន្ធ​ឈ្មោះ ប្រាក់ សុ​ភ័​ត្ត្រា អាយុ​៣៥​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ ហើយ​បាន​ដេញ​កូនៗ​ឲ្យ​ចេញពី​ក្នុង​ផ្ទះ។ បន្តិច​ក្រោយ​មក​គេ​ឮ​សំឡេង​ផ្ទុះ​អាវុធ​ខ្លី​ពីរ​គ្រាប់​ជាប់ៗ​គ្នា​ ដែល​ការ​ផ្ទុះ​អាវុធ​លើក​ដំបូង​នេះ​ គេ​សង្ស័យ​ថា ជា​ការ​បាញ់​គំរាម​ប៉ុណ្ណោះ។

ប្រភព​បន្ដ​ថា បន្ទាប់មក​ សង្ស័យ​ស្ដ្រី​រងគ្រោះ​ដើរចូល​ទៅ​បន្ទប់ទឹក ​ដើម្បី​សំអាត​កាយ​ ស្រាប់តែ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ បាន​ដើរ​ទៅតាម​ពីក្រោយ​ ហើយ​បាញ់​មួយ​គ្រាប់​ទៀត​ ចំ​សៀតផ្កា​ធ្លាយ​ចេញទៅ​គុម្ពត្រចៀក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

ប្រភព​បន្ដ​ថា ភ្លាមៗ​នោះ​ដែរ​ គេ​ក៏បាន​ឮ​ស្នូរ​ផ្ទុះ​មួយ​គ្រាប់​ទៀត​ ដែល​ជា​គ្រាប់​ចុងក្រោយ​ ដែល​បុរស​ជា​ប្ដី​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​តែម្ដង។ តាម​ប្រភព​ពី​អ្នក​រស់នៅ​ជិតខាង​គ្នា​ បាន​ឲ្យ​ដឹង​ថា ​នា​ពេល​កន្លងមក ​គ្រួសារ​ប្ដី​ប្រពន្ធ​ខាង​លើ​នេះ​ ធ្លាប់​មានការ​ប្រច័ណ្ឌ​គ្នា​ និង​ឈ្លោះប្រកែក​គ្នា​ជា​ច្រើនដង​មក​ហើយ ថែមទាំង​ធ្លាប់​ប្ដឹងផ្ដល់​គ្នា​ឡើង​ចុះ​តុលាការ​ញឹកញាប់​ទៀត​ផង។ លុះ​មកដល់​ពេល​កើត​ហេតុ​ខាងលើ ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ខឹង​ទប់ចិត្ត​មិនបាន ​ទើប​សម្រេចចិត្ត​បាញ់​ប្រហារ​ប្រពន្ធ​ខ្លួនឯង​ ហើយ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​បែប​នេះ។

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះទៅ​កន្លែង​កើតហេតុ​អន្តរាគមន៍​និង​ទំនាក់ទំនង​ហៅ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មក​ ធ្វើ​កោសល្យវិច័យ ​ដែល​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​នេះ​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ​ពិតជា​ស្លាប់​ដោយសារ​បាញ់​ដោយ​គ្រាប់កាំភ្លើង​របស់​ខ្លួន​ឯង​មែន។ បច្ចុប្បន្ន​នេះ​សាកសព​ជនរងគ្រោះ​ ត្រូវ​បាន​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ ទៅ​ឲ្យ​សាច់ញាតិ​បងប្អូន​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
សង្ស័យ​ផ្ដើម​ចេញពី​រឿង​ប្រច័ណ្ឌ​ បាញ់សម្លាប់​ប្រពន្ធ ​រួច​បាញ់សម្លាប់​ខ្លួន​ឯងតាម​ក្រោយ​

សង្ស័យ​ផ្ដើម​ចេញពី​រឿង​ប្រច័ណ្ឌ​ បាញ់សម្លាប់​ប្រពន្ធ ​រួច​បាញ់សម្លាប់​ខ្លួន​ឯងតាម​ក្រោយ​